អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាណាដា​នឹង​ចាត់វិធានការណ៍​ចាប់​បញ្ជូន​មន្រ្តី​ពុករលួយ​ចិន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​មន្រ្តី​ចិន​ប្រព្រិត្ត​អំពើរ​ពុករលួយ​កំពុង​សំងំ​លាក់​ខ្លួន​នៅ​ប្រទេស​កាណាដា​អាច​ភ័យខ្លួន​ ព្រោះ​ រដ្ឋាភិបាល​កាណាដា​ និង​រដ្ឋាភិបាល​ចិន​កំពុង​រៀបចំ​សេចក្តី​ព្រមព្រៀង​យោគ​យល់​គ្នា​មួយ​ក្នុង​គោលបំណង​ចាប់​បញ្ជូន​មន្ត្រីពុករលួយ​ទាំង​នោះ​ ព្រម​ទាំង​ទ្រព្យសម្បត្តិ​ខុសច្បាប់​របស់​ពួក​គេ​ត្រលប់​មក​ប្រទេស​ចិន​វិញ។​ វិធានការណ៍នេះ​អាច​អនុវត្ត​បាន​ ប្រសិន​បើ​ប្រទេស​ទាំងពីរ​ឈានដល់​ការចុះ​ហត្ថលេខា​លើ​សេចក្តីព្រមព្រៀង​ពិសេសនេះ។ 

នាយករដ្ឋមន្ត្រីកាណាដា Stephen Harper
នាយករដ្ឋមន្ត្រីកាណាដា Stephen Harper REUTERS/Christinne Muschi
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ទាំងពីរ​កំពុង​រៀបចំ​កិច្ច​ព្រមព្រៀង

នៅ​ក្នុង​កិច្ច​សំភាសន៍​មួយ​ជាមួយ​កាសែត​ China Daily កាលពី​ចុង​ឆ្នាំ ២០១៤ កន្លង​មកនេះ​ លោក​ Guy St-Jacqaues ឯក​អគ្គរាជទូត​កាទូត​កាណាដា​ ប្រចាំ​ទីក្រុង​ប៉េកាំង​បាន​បង្ហើប​អោយ​​ដឹង​ថា​ ប្រទេស​ទាំង​ពីរ​គឺ កាណាដា និងចិន​បាន​រៀបចំ​ពង្រាងមួយ​ស្តីពី​កិច្ច​យោគយល់​គ្នា​ ក្នុង​ការ​ចាប់​បញ្ជូន​មន្រ្តី​ពុករលួយ​ចិន​ ដែល​បាន​លួចលុយ​រដ្ឋាភិបាល​ចិន​ ហើយ​កំពុង​រស់នៅ​យ៉ាង​ស្របច្បាប់​នៅលើ​ទឹកដី​កាណាដា។

​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ ដែល​រដ្ឋាភិបាល​ទាំងពីរ​បាន​ធ្វើការ​រួមគ្នា​លើ​សំណុំរឿង​នេះ​ ហើយ​គេ​សង្ឃឹម​ថា​ ភាគី​ទាំងពីរ​នឹង​ឯកភាពគ្នា​ឈាន​ទៅដល់​ការចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រមព្រៀង​ពិសេសនេះ​នាពេល​ឆាប់ៗ​ខាងមុខ​។ លោក​ឯកអគ្គរាជទូត​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ​កិច្ច​ព្រមព្រៀង​កាណាដា​-ចិន​នេះ​អាច​ក្លាយ​ជា​គំរូ​មួយ​សំរាប់​ប្រទេស​ដ៏ទៃទៀត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើរពុករលួយ និងការ​លាងលុយ​ឆ្លងទ្វីប។

ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ចិន-កាណាដា​នេះ​គឺ ផ្តោត​សំខាន់​លើ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ណា​ដែល​ធ្លាប់​ជា​មន្រ្តី​រដ្ឋការ​បំរើការ​អោយ​រដ្ឋាភិបាល​ចិន​ ដោយ​ធ្លាប់​មាន​ការពាក់​ព័ន្ធ​នឹង​អំពើរ​ពុករលួយ​ ហើយ​បាន​លាងសំអាត​លុយ​ពុករលួយ​នោះ​ចេញពី​ប្រទេសចិន។ ប្រសិន​បើ​កាណាដា និង​ចិន​អាច​ឈាន​ចាប់​បាន​មន្រ្តី​ពុករលួយ​ទាំងនោះ​ យើង​អាច​ចាត់​ទុក​ថា​ នេះ​ជា​យោគជ័យ​មួយ​យ៉ាង​ធំធេង​សំរាប់​លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែល​បាន​ចាត់ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើរ​ពុករលួយ ​ជា​អាទិភាព​ក្នុង​គោល​នយោបាយ​របស់​លោក​ ពេល​ឡើង​កាន់​តំណែង​កាល​ពីខែមិនា ​ឆ្នាំ ​២១០៣។ បើតាម​ធនាគារ​កណ្តាល​ចិន​បាន​អោយ​ដឹងថា​ អស់​
យៈពេល​ជាច្រើន​ឆ្នាំមកហើយ​ សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា​បាន​ក្លាយ​ជា​គោលដៅ​ដ៏មាន​ប្រជាប្រិយភាព​បំផុត​សំរាប់​ពួក​មន្ត្រី​ពុករលួយ​ចិន។

អ្វី​ដែល​កាណាដា​កំពុង​ពិចារណា​នោះ​គឺ​ការពាក់ព័ន្ធ​នឹង​ច្បាប់មួយ​ចំនួន​របស់​ប្រទេស​ខ្លួន។ ផ្ទុយពី​ប្រទេស​ចំនួន​ ៣៩ ផ្សេង​ទៀត​ដូចជា​ប្រទេស​បារាំង​ និង​អូស្ត្រាលី​ជាដើម​ ប្រទេស​កាណាដា​មិន​អនុញ្ញាតិ​អោយ​មាន​ការធ្វើ​បច្ចាប័ន​ពលរដ្ឋ​របស់​ខ្លួន​ឡើយ។​ បើតាម​ក្រុមអង្គការ​សិទ្ធិមនុស្ស​ជាច្រើន​បាន​អោយ​ដឹងថា​ គេមាន​ការព្រួយ​បារម្ភ​ ពីព្រោះ​ប្រទេស​ចិន​នៅ​អនុវត្ត​ការធ្វើ​ទារុណកម្ម​ក្នុង​ការ​ស៊ើបអង្កេត​លើ​រឿង​ពុករលួយ​ ហើយ​ការ​ផ្តន្ទាទោស​អាច​ឈាន​ដល់​ការ​ប្រហារ​ជីវិត។ គិត​មកដល់​ពេល​នេះ​ មាន​មន្រ្តី​រដ្ឋការ​ និង​អ្នកជំនួញ​ចិន​ប្រមាណ ៤២៨ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​ដែល​ត្រូវបាន​ប្រសិទ្ធិនាម​ថា​ «ការ​តាម​ប្រមាញ់​ចាប់​កញ្ជ្រោង​ឆ្នាំ​ ២០១៤» ​។ ​យុទ្ធនាការ​នេះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​របប​ក្រុម​ប៉េងកាំង​កាលពី​ខែកក្កដា​ឆ្នាំ២០១៤​កន្លង​ទៅនេះ ​ក្នុង​គោលបំណង​តាមចាប់​មន្រ្តីពុករលួយ​ចិន​ដែល​សម្ងំ​លាក់ខ្លួន​នៅ​បរទេស​។

ទឹកប្រាក់​ប្រមាណ​ ១សែន ២ម៉ឺន ៥ពាន់ កោដិ​ដុល្លារ​ត្រូវ​បាន​លួច

ប្រទេស​ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ ដែល​មាន​ចរន្ត​ទឹកបា្រក់​ខុសច្បាប់​ធ្វើ​ចរចារណ៍​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។​ របាយការណ៍​របស់​ក្រុមហ៊ុន​ Global Financial Integrity (GFI) បាន​បញ្ជាក់​អោយ​ដឹងថា​ មាន​ទឹកប្រាក់​ប្រមាណ​១សែន ២ម៉ឺន ៥ពាន់ កោដិ​ដុល្លារ​ត្រូវ​បាន​លួច​ពី​រដ្ឋាភិបាល​ចិន​ចន្លោះ​ពីឆ្នាំ​ ២០០៣ ដល់​ឆ្នាំ​ ២០១៣។​ គ្រាន់​តែ​ក្នុង​ឆ្នាំ​ ២០១២​ប៉ុណ្ណោះ​ មាន​ទឹកប្រាក់​រហូត​ដល់​ ២៥០ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​ជន​ពុករលួយ​។ ​បើ​តាម​លោក​ Huang Weiding អ្នក​និពន្ធ​សៀវភៅ​ជំនាញ​ផែ្នក​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​ចិន​បាន​អោយ​ដឹងថា​ តួលេខ​ដែល​បង្ហាញ​ខាងលើ​នេះ​មើល​ទៅ​ហាក់​ដូចជា​សំបើម​ណាស់​ ប៉ុន្តែ​ តួលេខ​ទឹកប្រាក់​ពិតប្រាកដ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៅ​ទៀត។​ បើតាម​អ្នកជំនាញ​រូបនេះ​ ឧក្រិដ្ឋជន​ប្រព្រិត្ត​អំពើរ​ពុករលួយ​ព្យាយាម​ស្វះស្វែងរក​គ្រប់វិធីសាស្រ្ត​ ដើម្បី​គេចខ្លួន​ទៅរស់នៅ​សហរដ្ឋអាមេរិក កាណាដា អ៊ឺរ៉ុប និង​អូស្ត្រាលី ជាដើម។​ មូលហេតុ​ដោយសារតែ​សង្គម​ក្នុង​ប្រទេស​ទាំងនោះ​មាន​ស្ថេរភាព​សន្តិសុខ​ និងសេដ្ឋកិច្ច។​ គេ​បាន​ប៉ាន់ប្រមាណ​ថា ជាមធ្យម​ មាន​មន្រ្តី​រដ្ឋការ​ចិន​ម្នាក់​គេច​ទៅ​រស់នៅ​បរទេស​ជាមួយ​ទឹកប្រាក់​ប្រមាណ​ ៦ លាន​ដុល្លារ​។

យុទ្ធសាស្រ្ត​ដ៏​ប៉ិនប្រសព្វ
​ដោយសារតែ​មន្រ្តី​ពុករលួយ​ទាំងនោះ​មានល្បិច​ជ្រៅជ្រះ​ក្នុងការ​បង្វិល​លុយ​ទៅបរទេស​ វាជា​ការលំបាក​សំរាប់​អាជ្ញាធរ​ចិន​ក្នុង​ការតាម​ចាប់​ឧក្រិដ្ឋជន​ទាំងនោះ។​ អ្នកនិពន្ធ​ Huang Weiding ក៏បាន​ពន្យល់​ផងដែរថា​ ពួក​មន្រ្តីពុករលួយ​ចិន​ចេះ​ប្រើប្រាស់​យុទ្ធសាស្រ្ត​ដ៏ប៉ិនប្រសព្វ​តាម​រយៈ​​​ធនាគារ​ និង​ក្រុមហ៊ុន​បរទេស។​ អ្នកខ្លះ​ធ្វើដំណើរ​ទៅបរទេស​ជាញឹកញ៉ាប់​ដោយ​ហ៊ាន​ដាក់​លុយ​សន្ធឹកសន្ធាប់​នៅក្នុង​វ៉ាលីស។​ កាលពី​ឆ្នាំ២០១១​ អាជ្ញាធរ​ប៉ូលីស​កាណាដា​នៅ​តាម​ព្រលាន​យន្តហោះ​ក្រុងតូរុនតូ​ និង​វេនខូវ័រ​បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ជាច្រើននាក់​ជាមួយ​នឹង​ទឹកប្រាក់​ ចំនួន​១៣លាន​ដុល្លារ។​ មកដល់​ពេលនេះ​ គេមិន​ទាន់​ដឹង​ថា​តើ​មាន​ចំនួន​ជន​ជាតិ​​ចិន​ប៉ុន្មាន​នាក់​នៅ​ក្នុង​ប្រទេស​កាណាដា ដែល​រដ្ឋាភិបាល​ចិន​កំពុង​តាមចាប់។​ ប៉ុន្តែ បើ​តាមសំដី​មន្រ្តី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹងថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ញើរ​បញ្ជី​ឈ្មោះ​មនុស្ស​ចំនួន​ជាង​ ១០០ នាក់​មកអោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​តាម​ស្វែងរក។

សំរាប់​ប្រទេស​កាណាដា​ លោក​ Mikael Charette មេធាវី​ជំនាញ​ផែ្នក​អន្តោរប្រវេសន៍​យល់ថា​ ចំនួន​មន្រ្តី​ពុករលួយ​អាច​មាន​តិចតួច​ជាង​អាមេរិក។

ទំនាក់​ទំនង​អាច​ខិតជិត​គ្នាវិញ​រវាង​កាណាដា​ និងចិន

កិច្ចព្រមព្រៀង​កាណាដា-ចិន​អាចត្រូវ​ចុះហត្ថលេខា​ក្នុង​រយៈពេល​ប៉ុន្មានខែ​ខាងមុខនេះ។​ ប្រសិនបើ​ប្រទេស​ទាំងពីរ​សំរេចបាន​កិច្ចព្រមព្រៀង​នេះ​ គេសង្ឃឹមថា​ទំនាក់​ទំនង​កាណាដា-ចិន​អាច​ខិតជិត​គ្នាវិញ​ ព្រោះ​ប្រទេស​ទាំងពីរនេះ​បាន​បែរខ្នង​ដាក់គ្នា​ ចាប់តាំងពី​កាណាដា​បាន​ចោទប្រកាន់​ចិន​ថា ​នៅ​ពីក្រោយ​ការវាយប្រហារ​តាមអ៊ិនធ័រណេត កាលពី​ខែកក្កដា​ ឆ្នាំ២០១៤​ចូលលួច​យក​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​ស្រាវជ្រាវជាតិ​កាណាដា​។ ​ប៉ុន្មាន​ថ្ងៃ​​ក្រោយ​ការ​ចោទ​ប្រកាន់នេះ​ រដ្ឋាភិបាល​ចិន​បាន​ចាប់ខ្លួន​ប្តីប្រពន្ធ​កាណាដា​មួយគូ ដោយ​ចោទថា​ពួកគេ​កំពុង​ធ្វើចារកម្ម​នៅក្នុង​ប្រទេសចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ