អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​និងប្រជា​​សហគមន៍​​ប្រកាស​ដាក់​ជីវិត ការពារ​តំបន់​អារ៉ែង

នៅ​ក្នុង​សន្និសីទ​កាសែត ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​បៃតង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ តំណាង​អង្គការ​សង្គម​ស៊ីវិល ក្រុម​យុវជន និង​ប្រជាសហគមន៍​ជន​ជាតិ​ភាគ​តិច បាន​ប្រកាស​ដាក់​ជីវិត ប្ដេជ្ញា​ការពារ​តំបន់​អារ៉ែង។ តំបន់​អារ៉ែង​​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ដែលរដ្ឋាភិបាល ផ្ដល់​សិទ្ធិ​វិនិយោគ​ឲ្យ​​ក្រុមហ៊ុន​ចិន​ស៊ីណូហៃដ្រូ Sinohydro ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គិសនី​។

តំណាង​សង្គម​ស៊ីវិល ថ្លែង​ការពារ​តំបន់​អារ៉ែង នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​២៨​មេសា ឆ្នាំ​២០១៤។
តំណាង​សង្គម​ស៊ីវិល ថ្លែង​ការពារ​តំបន់​អារ៉ែង នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​២៨​មេសា ឆ្នាំ​២០១៤។ RFI/Ly Menghour
ផ្សាយពាណិជ្ជកម្ម

តំណាង​សង្គម​ស៊ីវិល ក្រុម​យុវជន និង​ប្រជា​សហគមន៍​ជន​ជាតិ​ភាគ​តិច ប្រកាស​ដាក់​ជីវិត ដើម្បី​ការពារ​តំបន់​អារ៉ែង​។ តំបន់​អារ៉ែង ដែល​ក្រុម​អ្នក​ស្រឡាញ់​ធម្មជាតិ​ទាំង​នេះ​ឲ្យ​ឈ្មោះ​ថា​ជា ឋានសួគ៌ធម្មជាតិ​មួយ ដែល​អ្នក​រាល់​គ្នា​មិន​ដែល​ទៅ​ដល់ និង​ជា​តំបន់​ព្រៃ​ឈើ​ចុង​ក្រោយ​របស់​កម្ពុជា​។

លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ បាន​អះអាង​ដោយ​មាន​ភស្តុតាង​​ច្បាស់​លាស់​ថា គម្រោង​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​នោះ អាច​ផ្ដល់​អគ្គិសនី​បាន​យ៉ាង​ច្រើន​១០៨​មេហ្គាវ៉ាត់​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​និយាយ​ពី​ផល​ប៉ះ​ពាល់​វិញ ផ្ទៃ​ដី​ជាង​២​ម៉ឺន​ហិចតា​ត្រូវ​លិច​លង់ ជនជាតិ​ភាគ​តិច​ច្រើនជាង​៣០០​គ្រួសារ​ត្រូវ​រង​គ្រោះ។ ហើយ​ក្រៅ​ពី​នោះ ព្រៃឈើ សត្វ​ព្រៃ និង​រ៉ែ​មាន​តម្លៃ នឹង​ត្រូវ​បាត់​បង់។ លោក Alex Gonzalez-Davidson ថែម​ទាំង​បាន​ចោទ​ប្រកាន់​ទៀត​ថា គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​តំបន់​អារ៉ែង​នេះ គ្រាន់​តែ​ជា «គម្រោង​ខ្មោច» បង្កើត​ឡើង​ដើម្បី​កាប់​ព្រៃ​ឈើ និង​រុក​រក​រ៉ែ​មាន​តម្លៃ​តែ​ប៉ុណ្ណោះ​។

លោក​វ៉ែន វន តំណាង​ប្រជា​សហគមន៍​អារ៉ែង ដែល​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ បាន​​បង្ហាញ​ពីក្ដី​បារម្ភ​របស់​ជន​ជាតិ​ដើម​ភាគ​តិច នៅ​តំបន់​អារ៉ែង។ លោក​លើក​ឡើង​ថា ជន​ជាតិ​ដើម​ភាគ​តិច ​មិន​ចង់​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ទេ ព្រោះ​ពួក​គាត់​យល់​ថា ការ​សាង​សង់​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​នៅ​តំបន់​អារ៉ែង​។ ហើយ​ក្រៅ​ពី​នោះ ជនជាតិ​ភាគ​តិច អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ថែម​ទៀត​ផង​។

នៅ​ក្នុង​សន្និសីទ​កាសែត ដែល​ប្រារព្ធ​ធ្វើ​នៅ​ភោជនីយដ្ឋាន​បៃតង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៨​មេសា​នេះ តំណាង​អង្គការ​មាតា​ធម្មជាតិ ប្រជាសហគមន៍​តំបន់​អារ៉ែង បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​យុវជន​ខ្មែរ​មហានគរ បាន​ប្ដេជ្ញាការពារ​តំបន់​អារ៉ែង បើ​ទោះ​បី​ជា​ត្រូវ​លះ​បង់​ជីវិត​ខ្លួន​ក៏​ដោយ​។ 

គួរ​ដឹងថា តំបន់​អារ៉ែង ត្រូវ​​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​សិទ្ធិ​​​ឲ្យ​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ ដើម្បី​សាងសង់​ទំនប់​វារី​អគ្គិសនី។ អង្គការ​សង្គម​ស៊ីវិល បាន​សិក្សា​ឃើញ​ថា គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ នឹង​ប៉ះ​ពាល់​ដល់​ព្រៃឈើ ​ព្រម​ទាំង​សត្វ​ព្រៃ​ប្រភេទ​កម្រ​ជា​ច្រើន​។ ប្រជា​សហគមន៍​​​តំបន់​អារ៉ែង និង​អង្គការ​សង្គម​ស៊ីវិល ធ្លាប់​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​តវ៉ា​បិទ​ផ្លូវ​ជា​ច្រើន​លើក​ច្រើន​សា​ ដើម្បី​ស្នើ​ឲ្យ​បញ្ឈប់​គម្រោង​នេះ​។ ប៉ុន្តែរហូត​មក​ទល់​ពេល​នេះ ​អាជ្ញាធរ​មិន​បាន​ឆ្លើយ​តប​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ