អានតួអត្ថបទ
អាមេរិក-ចិន

លោកស្រី​គ្លីនតុន​​ទៅប៉េកាំង​​ដោយ​សង្ឃឹម​​ជួយរិះរក​​ដំណោះ​ស្រាយ​​បញ្ហា​​​សមុទ្រ​ចិន​​ខាងត្បូង​​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន​ អញ្ជើញ​ទៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃអង្គារ​ទី៤​កញ្ញា​នេះ​ ​ ក្រោយពីបាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដោយបាន​បង្ហាញ​ឲ្យឃើញ​ នូវ​សុទិដ្ឋិនិយម​របស់​លោកស្រី​ក្នុងការ​កាត់​បន្ថយ​ភាព​តានតឹង​នៃ​អធិករណ៍​ នៅ​តំបន់​សមុទ្រចិន​ខាងត្បូង។

លោកស្រី​ប្រមុខការទូត​​អាមេរិក​​ ហ៊ីលឡារី​​ គ្លីនតុន​​និង​លោក​​ប្រមុខ​ការទូត​​ឥណ្ឌូនេស៊ី​  Marty Natalegawain នៅ​Jakarta ថ្ងៃទី​៣​​កញ្ញា​ឆ្នាំ២០១២
លោកស្រី​ប្រមុខការទូត​​អាមេរិក​​ ហ៊ីលឡារី​​ គ្លីនតុន​​និង​លោក​​ប្រមុខ​ការទូត​​ឥណ្ឌូនេស៊ី​ Marty Natalegawain នៅ​Jakarta ថ្ងៃទី​៣​​កញ្ញា​ឆ្នាំ២០១២ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ប្រមុខការទូត​អាមេរិក​ ហ៊ីលឡារី​ គ្លីនតុន​ បាន​ចាកចេញ​ពី​ទីក្រុង​ហ្សាការតា​នៅ​ថ្ងៃអង្គារ​នេះ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង​ ​ ក្រោយពី​បាន​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ Susilo Bambang Yudhoyono ​ហើយនិង​លោក​ Surin Pitsuwan អគ្គលេខាធិការ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី-អាគ្នេយ៍​ Asean ​ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សាការតា។

 
“យើងនឹង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​សមាហរ័ណកម្ម​អាស៊ាន​មាន​ដំណើរ​លឿន​ទៅមុខ​ ​ ដោយហេតុថា​ វាក៏ជា​ផល​ប្រយោជន៍​របស់យើង​ក្នុងការ​ជួយ​ពង្រឹង​សមត្ថភាព​អាស៊ាន​ក្នុងការ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​អធិករណ៍​ក្នុងតំបន់”​ ​ នេះ​ជាសេចក្តី​ប្រកាស​របស់​លោកស្រី​គ្លីនតុន​ក្រោយពី​មាន​ជំនួប​ជាមួយ​លោក​ Surin Pitsuwan ។​ ទាំងនេះ​លោកស្រី​គ្លីនតុន​ចង់​និយាយ​ពី​បញ្ហា​ភាពតានតឹង​នៅ​សមុទ្រចិន​ខាងត្បូង​ដែល​ទីក្រុង​ប៉េកាំង​ឈ្លោះ​ដណ្តើម​ដែនសមុទ្រ​និង​កោះ​មួយ​ចំនួន​ជាមួយ​ប្រទេស​អាស៊ី-អាគ្នេយ៍​ជិតខាង។​ ដែនសមុទ្រ​និងកោះ​ដែលល្បីថា​ អាចមាន​សម្បត្តិ​ធម្មជាតិ​ដូចជា​ប្រេងកាត​និង​ឧស្ម័ន​យ៉ាងច្រើន​អនេក។

គួរកត់សម្គាល់ថា​ ​ នៅ​ល្ងាច​ថ្ងៃចន្ទ​ លោកស្រី​ប្រមុខ​ការទូត​អាមេរិក​បាន​អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ភាពតានតឹង​នៅក្នុង​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង​ ​ ដែលជា​ផ្លូវ​សមុទ្រ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​ ​ហើយ​ដែល​មាន​ការ​ឈ្លោះ​ដណ្តើម​គ្នា​រវាង​ប្រទេស​ចិន​ជាមួយ​ប្រទេស​អាស៊ី-អាគ្នេយ៍​មួយ​ចំនួន​ដូចជា​ ប្រទេស​វៀតណាម​ ​ ហ្វីលីពីន​ ​ ព្រុយណេ​ ​ ម៉ាឡេស៊ី​ ​ និង​តៃវ៉ាន់។

នារយៈ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ​ ​ ប្រភព​ព័ត៌មាន​ផ្លូវការចិន​បានចោទ​ស.រ.អា.​ថា​បាន​រិះរក​ធ្វើការ​ខាឃាំង​ឥទ្ធិពល​និង​អានុភាព​ចិន​នៅ​អាស៊ី។​ ជាការពិត​ នៅ​ប៉ុន្មាន​រយៈកាល​ចុងក្រោយ​នេះ​ គេ​កត់​សម្គាល់​ឃើញ​ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​បន្ថែម​សកម្មភាព​
ការទូត​ ​ ហើយនិង​ពង្រឹង​កម្លាំង​យោធា​របស់ខ្លួន​ក្នុង​តំបន់​ ​ ក្នុង​គោល​បំណង​ធ្វើការ​ទប់ទល់​នឹង​ការកើនឡើង​នៃ​អានុភាព​របស់​មហាអំណាច​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ