អានតួអត្ថបទ
កម្ពុជា

សហព្រះរាជអាជ្ញា​អន្តរជាតិ ស្នើ​ឲ្យ​បើក​ការស៊ើប​អង្កេត​បន្ថែម​លើ​សំណុំ​រឿង​០០៤

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក អាន់ឌ្រូ ឃេ​លី ( Andrew Cayley ) បាន​ជំរុញ​ឲ្យ​សហចៅក្រម​ស៊ើប​អង្កេត បើក​ការ​ស៊ើប​សួរ​បន្ថែម​លើ​សំណុំ​រឿង​លេខ ០០៤។ ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សហព្រះរាជ​អាជ្ញា​អន្តរជាតិ បាន​លើក​ឡើង​ថា ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​បន្ថែម មាន​បន្ថែម​នូវ​ឧក្រិដ្ឋកម្ម​នានា ក្នុង​សំណុំ​រឿង​លេខ ០០៤ ដោយ​រួម​ទាំង​ឧក្រិដ្ឋកម្ម ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ខ្មែរ​ក្រោម នៅ​ខេត្ត​តាកែវ និង​ខេត្ត​ពោធិ៍សាត់។​

លោក​ អាន់ឌ្រូ ខាលី​ ( Andrew Carley )​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ របស់​សាលាក្តី​ខ្មែរក្រហម
លោក​ អាន់ឌ្រូ ខាលី​ ( Andrew Carley )​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ របស់​សាលាក្តី​ខ្មែរក្រហម ©លីមេងហួរ-RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​សំណុំ​រឿង ០០៣ ដ៏​ចម្រូង​ចម្រាស នៅ​សាលាក្តី​ខ្មែរក្រហម ឥឡូវ​នេះ​ចូល​ដល់​ករណី ០០៤។ នោះ​គឺ​សហព្រះរាជ​អាជ្ញា​អន្តរជាតិ បាន​ជំរុញ​​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត បើក​ការ​ស៊ើប​សួរ​បន្ថែម​លើ​សំណុំ​រឿង​លេខ ០០៤។


​សេចក្តី​ថ្លែងការណ៍ ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៦​មិថុនា ឆ្នាំ​២០១១ របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ លោក អាន់ឌ្រូ ឃេលី បាន​បង្ហាញ​ថា សំណើ​ថ្មី​របស់​ខ្លួន​នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា សាធារណជន​បាន​ជ្រួតជ្រាប​ត្រឹមត្រូវ​អំពី​កិច្ចការ​ដំណើរការ​នីតិវិធី​របស់​សាលាក្តី​ខ្មែរក្រហម ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​សំណុំ​រឿង​លេខ ០០៤ និង​ដើម្បី​ជា​ផលប្រយោជន៍​របស់​ជន​រងគ្រោះ សាក្សី សិទ្ធិ​របស់​ជនសង្ស័យ និង​លក្ខខណ្ឌ​តម្រូវ​នានា​នៃ​កិច្ច​ស៊ើបសួរ។

ជាមួយ​នឹង​ការលើក​ឡើង​ដូច្នេះ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ បាន​ប្រកាស​ថា ខ្លួន​បាន​ដាក់​សំណើ​សុំ​ឲ្យ​បំពេញ​ការ​​ស៊ើប​សួរ និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​បន្ថែម​នៅក្នុង​សំណុំរឿង​លេខ ០០៤ ទៅកាន់​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត កាលពី​ថ្ងៃ​១៥​មិថុនា​ម្សិលមិញ។ ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​បន្ថែម​នេះ មាន​បន្ថែម​នូវ​ឧក្រិដ្ឋកម្ម​នានា ទៅ​ក្នុង​សំណុំ​រឿង​លេខ ០០៤ ដោយ​រួមទាំង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែល​ត្រូវបាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ខ្មែរ​ក្រោម នៅ​ខេត្ត​តាកែវ និង​ខេត្ត​ពោធិ៍សាត់ ដោយ​មាន​មូលដ្ឋាន​ជា​បឋម​នៅ​លើ​ពាក្យសុំ​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី និង​ភស្តុតាង​ថ្មីៗ​ដទៃ​ទៀត។

​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ក៏​បាន​ស្នើ​សុំ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ធ្វើការ​ជូន​ដំណឹង​ដល់​សាធារណជន និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​សក្តានុពល​នានា អំពី​ទីតាំង​ឧក្រិដ្ឋកម្ម​ជាក់​លាក់​ទាំងឡាយ ដែល​មាន​បញ្ចូល​នៅក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ និង​ទាំង​នៅ​ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​បន្ថែម​នៃ​សំណុំ​រឿង​លេខ ០០៤។

​រហូត​មក​ដល់​ពេល​នេះ សំណុំ​រឿង​លេខ ០០៤ មិន​ត្រូវបាន​គេ​បង្ហាញ​ព័ត៌មាន​ឲ្យ​ដឹង​សោះ​ឡើយ។ ក៏​ប៉ុន្តែ​តាម​សេចក្តី​រាយការណ៍​កន្លង​មក សំណុំ​រឿង​០០៣ និង​០០៤ មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម ៥ រូប ផ្សេង​ទៀត ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ និង​នាំ​មក​កាត់ទោស​ក្នុង​រឿង​សម្លាប់​មនុស្ស​នៅ​សម័យ​ខ្មែរក្រហម។

​យ៉ាង​ណា​ក៏​ដោយ លោក ឌឹម សុវណ្ណារុំ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ របស់​សាលាក្តី​ខ្មែរក្រហម បាន​លើក​ឡើង​ថា សហ​ចៅក្រម​ស៊ើប​អង្កេត បាន​ទទួល​រួច​ហើយ​នូវ​សំណើ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​។ សហ​ចៅក្រម​ស៊ើប​អង្កេត នៅ​ពេល​នេះ ក៏​កំពុង​ធ្វើកា​រលើ​សំណុំ​រឿង​០០៤។ ម្យ៉ាងទៀត ដំណើរ​ស៊ើប​អង្កេត​លើ​រឿង​នេះ ​សហ​ចៅក្រម ធ្វើការ​ដោយ​ឯករាជ្យ និង​ជា​ការសម្ងាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ