អានតួអត្ថបទ
កម្ពុជា

សម្តេច​ព្រះ នរោត្តម​ សីហនុ​សោយ​​ទី​វង្គត​ ក្នុង​ព្រះជន្ម​ ៩០​ ព្រះវស្សា​

អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា សម្តេច​ព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទីវង្គត កាលពី​វេលា​ម៉ោង​១​និង​២០​នាទី យប់​រំលង​អធ្រាត្រ ម៉ោង នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​ព្រះជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យ ​ទីក្រុង​ប៉េកាំង ប្រទេស​​ចិន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា។ សេចក្តី​ប្រកាស ដែល​បាន​ចេញ​ផ្សាយ​កាលពី​ព្រឹក​ព្រលឹម ថ្ងៃ​ចន្ទ ទី​១៥​តុលា​នេះ បាន​ជម្រាប​ដល់​ជន​រួម​ជាតិ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ដង្ហែ​ព្រះសព​របស់​សម្តេច​ឪ ពី​ប្រទេស​ចិន មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​តម្កល់​និង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​តាម​ប្រពៃណី​ជាតិ នៅ​ព្រះបរម​រាជវាំង។​ គ្រាន់តែ​ទទួល​ដំណឹង​នៃ​ការ​យាង​ចូល​ទីវង្គត​របស់​សម្តេច​ឪ ភ្លាម នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ ព្រះមហាក្សត្រ សម្តេច​ព្រះ នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក​ចេញ​ពី​ភ្នំពេញ ទៅ​កាន់​ប៉េកាំង ដោយ​ព្រះទ័យ​និង​ទឹក​ចិត្តស្រងូត​ស្រងាត់ ក្តុកក្តួល រហូត​ដល់​ស្រក់​ទឹកភ្នែក។

សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃទី៣០ តុលា ឆ្នាំ​២០០៦ (រូបថត​ឯកសារ)
សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃទី៣០ តុលា ឆ្នាំ​២០០៦ (រូបថត​ឯកសារ) REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

ក្នុងពេលជូនព្រះរាជដំណើរព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ព្រះរាជបុត្រ របស់​សម្តេចឪ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងយន្តហោះ ទៅកាន់ទីក្រុងប៉េកាំង នៅ​ព្រឹក​​មិញ គឺស្ថិតក្នុងទិដ្ឋភាពក្រៀមក្រំក្រៃលែង។ នាម៉ឺនសព្វមុខមន្ត្រី គ្រប់ៗគ្នា ស្ថិតក្នុង​ទឹក​មុខ​ស្រងូត​ស្រងាត់ និងយំខ្សឹកខ្សួល។ គ្រាន់តែចុះពីឡានភ្លាម ព្រះករុណា សម្តេចព្រះ នរោត្តម សីហមុនី បានស្ទុះអោបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងយំដោយក្តីរន្ធត់។

ព្រះករុណាត្រូវយាង និងទទួលនូវការទូលចូលរួមរំលែកទុក្ខពីមន្ត្រីម្តងម្នាក់ៗ រួមទាំងរាជវង្សានុវង្ស ​ ដែល​បាន​ថ្វាយព្រះរាជដំណើរព្រះអង្គ នៅព្រឹកមិញ។ ព្រះករុណាព្រះមហាក្សត្រ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យាង និងអញ្ជើញទៅប៉េកាំង​ព្រឹកមិញ ដើម្បីដង្ហែរ​ព្រះសព​របស់​សម្តេចឪ ពី​ប្រទេស​ចិន មក​កាន់រាជធានីភ្នំពេញ ដើម្បី​តម្កល់ និងប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​​តាមប្រពៃណីជាតិ នៅ​ព្រះបរម​រាជវាំង។ តែមិនទាន់មាន​កាលកំណត់ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែតាមមន្ត្រីរដ្ឋាភិបាល ព្រះសពសម្តេចឪ អាចនឹង​ដង្ហែរ​​មកដល់ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី១៧តុលា ខានស្អែក។

បន្ទាប់ពី​ទទួល​ដំណឹង​ពី​ការ​សោយ​ទីវង្គត​របស់​សម្តេចឪ គឺ​រដ្ឋាភិបាល បានដាក់បញ្ជាឲ្យមាន​ការ​​បង្ហូតទង់​ជាតិ ត្រឹមពាក់កណ្តាល​ដង ដើម្បី​ជា​ការ​កាន់ទុក្ខ​ ថ្វាយដល់​សម្តេច​ឪ នរោត្តម សីហនុ​។​

នៅព្រឹកមិញនេះដែរ គណៈរដ្ឋមន្ត្រី បាន​បើកកិច្ចប្រជុំ​បន្ទាន់​មួយ មុន​នឹង​ចេញ​សារាចរ​ណែនាំ ស្តីពី ការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យសព ថ្វាយ​សម្តេច​ឪ។ កិច្ចប្រជុំ ដែលមានក្រសួង​​ពាក់ព័ន្ធ​ក្នុងរដ្ឋាភិបាល ចូលរួមនោះ បានលើកឡើងពីការបញ្ជូន​ និងការដង្ហែរ​ព្រះ​សព​របស់​ព្រះករុណា​សម្តេច​ឪ មកពី​ទីក្រុង​ប៉េកាំង រហូតដល់យកទៅតម្កល់​ធ្វើបុណ្យ ក្នុងព្រះបរមរាជវាំងក្នុង​ទីក្រុង​​ភ្នំពេញ។

តែចំពោះ​មុខ​នេះ រដ្ឋាភិបាលនឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​កាន់​មរណទុក្ខ ​ថ្វាយ​ព្រះករុណា​សម្តេចឪ រយៈពេល ៧ ថ្ងៃ ព្រមទាំង​មាន​ការចាត់ចែង ឲ្យ​បន្ត​កាន់ទុក្ខ ដោយតម្កល់ព្រះសព​សម្តេចឪ ទុកក្នុង​រយៈពេល ៩០ ថ្ងៃ មុននឹងបូជា​តាម​ប្រពៃណី​ជាតិ​។

យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាល បានអះអាងថារដ្ឋាភិបាល​​ត្រូវ​រៀបចំ ចាត់ចែង​ព្រះរាជ​ពិធី​បុណ្យសព​ថ្វាយ​សម្តេច​ឪ សម្តេចព្រះ នរោត្តម សីហនុ ឲ្យស្រប​ទៅ​តាមប្រពៃណីជាតិផង និង​ស្របតាម​ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គផងដែរ។

កាលពីដើមឆ្នាំ​នេះ អតីតព្រះមហាក្សត្រ សម្តេចឪ នរោត្តម សីហនុ បាន​ព្រះរាជ​សំណេរ នៅ​ក្នុង​​ព្រះរាជសារ ដើម្បី​ផ្តាំផ្ញើ​អោយ​រៀបចំ​ព្រះរាជ​ពិធី​បូជាព្រះសព​របស់​ព្រះអង្គ ក្រោយ​ពេល​​ព្រះអង្គ​សោយ​ទីវង្គត​។ ព្រះរាជ​បណ្តាំ​នោះ ត្រូវបាន​ព្រះអង្គ​សរសេរខ្លីៗ ​ជា​ភាសា​បារាំង មាន ៣ ចំណុច។ ទី​១ គឺ​ព្រះអង្គ​បញ្ជាក់​ពី​ការលុបចោល​ព្រះរាជ​បណ្តាំ​មុនៗ ដែល​ព្រះអង្គ ធ្លាប់​ប្រកាសថា មិន​អោយ​គេ​បូជាព្រះសព​របស់​ព្រះអង្គ​។

ទី​២ នៅពេលដែល​ព្រះអង្គ សោយ​ទីវង្គត ព្រះអង្គ​ផ្តាំ​អោយមាន​ការរៀបចំ​ពិធី​បូជាព្រះសព​របស់​ព្រះអង្គ នៅលើ​វាល​មេរុ ទៅ​តាម​​ប្រពៃណី​សាសនា​ខ្មែរ និង​ទី​៣ មួយ​ថ្ងៃ ​បន្ទាប់​ពី​ពិធី​បូជាព្រះសព ព្រះអង្គ​បាន​ផ្តាំផ្ញើ​ថា អដ្ឋិធាតុ​របស់​ព្រះអង្គ ត្រូវ​លាង​សំអាត ហើយ​ដាក់​នៅក្នុង​កោដ​មួយ ជា​កោដ​ធ្វើ​អំពី​មាស​ក៏បាន ឬ​កោដ​ធម្មតា​ក៏​បាន​។​ ព្រះរាជសារ​ របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ កាលណោះ ក៏បានលើកឡើងថា កោដ​​នោះ ត្រូវ​យក​ទៅ​តំកល់​នៅក្នុងចេ​តី​យគ​ន្ធ​បុប្ជា នៅ​ក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត ក្នុង​ព្រះបរម​រាជវាំង​។

សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​បញ្ជាក់​ក្នុង​ព្រះរាជសារ​ដដែល​ថា នៅពេល​ដែល​សម្តេច​ម៉ែ ​សោយ​ទីវង្គត ព្រះអង្គ​ក៏​សូមអោយ​គេ​រៀបចំ​ធ្វើ​ដូច​ករណី​របស់​ព្រះអង្គ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ