អានតួអត្ថបទ
IMF

ហិប​ប្រាក់​របស់​អង្គការ​មូលនិធិរូបិយវត្ថុ​​អន្តរជាតិ​កើន​ឡើង​ទ្វេ​ដង

ជា​លទ្ធផល​គួរ​ឱ្យ​អបអរ! នៅ​ពេល​បិទ​បញ្ចប់​ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​ និង​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ ហៅ​កាត់​ថា ហ្សេ ២០ នៅ​ក្រុង​វ៉ាស៊ីនតោន អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) សម្រេច​ប្រមូល​​មូលនិធិ​ចូល​ហិប​​បាន​ លើស​ពី​៤៣០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។ កញ្ចប់​ថវិកាដែល​​តំបន់​អឺរ៉ូ និង​ប្រទេស​ជា​សមាជិក ទាំង​ជាង​២០​ប្រទេស​ បាន​សន្យា​បង់​ចូល​ហិប​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នេះ គឺ​ជា​អាវុធ​ដ៏​មោះមុត​សំរាប់​ការ​ពារ​សេដ្ឋកិច្ច​ពិភពលោក​ ទល់​នឹង​​វិបត្តិ​ក្នុង​តំបន់​អឺរ៉ូ និងកំណើន​សេដ្ឋកិច្ច​បន្ថយ​ល្បឿន​​នៅ​តំបន់​អាស៊ី។

អគ្គនាយិកា​​​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ Christine Lagardeធ្វើ​សន្និសីទ​កាសែត​នៅ ទីក្រុងវ៉ាស៊ីនតោន​
អគ្គនាយិកា​​​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ Christine Lagardeធ្វើ​សន្និសីទ​កាសែត​នៅ ទីក្រុងវ៉ាស៊ីនតោន​ REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​​ព្រម​ព្រៀង​គ្នា​ នៅ​យប់​មិ្សលមិញ​ សន្យា​​បង្កើន​ថវិកា​ក្នុង​ហិប​មូលនិធិ​បាន​ជាង​៤៣០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចេតនា​​មោះមុត​​របស់​សហគមន៍​អន្តរជាតិ​ ក្នុង​ស្វែង​រកអាវុធ​សំរាប់ទប់​ទល់​និង​​ការពារ ប្រឆាំង​​នឹងវិបត្តិ​សេដ្ឋកិច្ច ! នេះ​ជា​ការ​ថ្លែង​​កោត​សរសើរ​របស់​លោកស្រី​អគ្គនាយិកា​អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​។ ថវិកា​ដែល​ប្រទេស​សមាជិក​បាន​សន្យា​​បង់​ចូល​ក្នុង​ហិប​នេះ ពាក់​កណ្តាល​បាន​មក​ពី​អឺរុប​។ ចំណែក​ប្រទេស​ចិន​វិញ ​មិន​ឈរ​ឱប​ដៃ​​នៅ​ស្ងៀមមើល​​ផែនការ​បង្កើន​ហិប​មូលនិធិឡើយ ប៉ុន្តែ​ធនាគារ​ប្រជាមានិត​ចិន​​មិន​បាន​បញ្ជាក់​ឡើយ​អំពី​ចំនួន​ទឹក​ប្រាក់​ដែល​អាជ្ញាធរ​ក្រុង​ប៉េកាំង​​ត្រៀម​បង់​ចូល​ហិប​មូលនិធិនោះ។ ដោយ​ឡែក​ប្រទេស​កាណាដា មិន​ចូល​រួម​ចំណែកទេ​ ព្រោះ​យល់​ថា​មិន​​ចាំ​បាច់។

 
ជាមួយ​នឹង​​ការ​អបអរ​សាទរ​ ការ​បង្កើន​កញ្ចប់​ថវិកា បាន​ដូច​​ការ​គ្រោង​ទុក រហូត​អាច​មាន​សមត្ថភាព​ផ្តល់​ប្រាក់​កម្ចី​បាន​ជិត​ទ្វេ​ដង អង្គការ​មូលនិធិរូបិយវត្ថុ​ក៏​បាន​បោះ​ផ្សាយ​របាយ​ការណ៍​មួយ​​ព្រមាន​​ អំពី​សកម្មភាព​សេដ្ឋកិច្ច​​ដើរ​យឺតៗ​ នៅ​ត្រី​មាស​ទី​បួន​ឆ្នាំ ២០១១ ដែល​អាច​នឹងបន្ត​​អូស​បន្លាយ​ក្នុង​ឆ្នាំ​២០១២។  ពោល​គឺ​ឆ្នាំ​នេះ កំណើន​សេដ្ឋកិច្ច​ពិភពលោក​មាន​កំរិត​ត្រឹម​តែ​៦%​ប៉ុណ្ណោះ។

៦%​ ជា​អត្រា​ខ្ពស់​​ណាស់​សំរាប់​តំបន់​អឺរ៉ុប និងសហរដ្ឋ​​អាមេរិក​ ប៉ុន្តែ​ជា​សារ​បញ្ជាក់​ពី​កំណើន​សេដ្ឋកិច្ច​យឺតៗ​នៅ​តំបន់​អាស៊ី។ ដោយ​ហេតុ​​វិបត្តិ​ហិរញ្ញវត្ថុ​ នៅ​អឺរ៉ុប​និង​អាមេរិក​ ទីផ្សារ​នាំ​ចេញ​របស់​អាស៊ី មាន​ជា​អាទិ៍​ជប៉ុន​ ចិន និង​ឥណ្ឌា ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ ម្យ៉ាង​វិញ​ទៀត ប្រេង​ឥន្ធនៈ​​ឡើង​ថ្លៃ គ្រោះមហន្តរាយ​ធម្មជាតិ ទឹក​ជំនន់​ រញ្ជួយ​ដី​នៅ​ហ្វូគូស្ហ៊ីម៉ា សុទ្ធ​សឹង​​​ជា​កត្តា​ដែល​រំខាន​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ីដែរ។ ប៉ុន្តែ​​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​អង្គការ​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ ថា​វិស័យ​ធនាគារ​អាស៊ី​​នៅ​តែ​មាន​សុខភាព​រឹង​មាំ​ ធន់​នឹង​ព្យុះ​ហិរញ្ញវត្ថុ​ដែល​បាន​បោក​បក់​លើ​តំបន់អឺរ៉ូ​បាន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ