អានតួអត្ថបទ
ចិន

IMF ៖ វិបត្តិ​អឺរ៉ុប​អាច​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ពាក់កណ្តាល​នៅ​ឆ្នាំ​២០១២

នៅ​ក្នុង​របាយការណ៍​​ ចេញផ្សាយ​កាលពីថ្ងៃ​ចន្ទ ៦​កុម្ភៈ ២០១២​នេះ ​មូលនិធិរូបិយវត្ថុ​​អន្តរជាតិ (IMF) បាន​ព្យាករ​ថា វិបត្តិ​នៅ​ក្នុង​តំបន់​អឺរ៉ូ​អាច​នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ពាក់កណ្តាល នៅ​ឆ្នាំ​២០១២​នេះ។ ដើម្បីទប់ទល់​នឹង​បញ្ហា​នេះ ចិន​គួរ​តែ​ដាក់​ចេញ​ ​នយោបាយ​សារពើពន្ធ​ចាំបាច់ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។

របាយការណ៍​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ស្តីពី​សេដ្ឋកិច្ច​ចិន
របាយការណ៍​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ស្តីពី​សេដ្ឋកិច្ច​ចិន
ផ្សាយពាណិជ្ជកម្ម

IMF បានព្យាករ​ថា នៅ​ឆ្នាំ​២០១២​នេះ អត្រាកំណើន​សេដ្ឋកិច្ច​ចិន​នឹង​មាន ៨,២%។ ក៏ប៉ុន្តែ នៅ​ក្នុង​សេណារីយ៉ូ ដែល​វិបត្តិ​នៅ​តំបន់​អឺរ៉ូ​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​ធ្លាក់ចុះ​មកនៅត្រឹមតែ ៤,២%​ ប៉ុណ្ណោះ។

របាយការណ៍​​នេះ ត្រូវ​បាន​ចេញផ្សាយ នៅ​ចំពេល​ដែល​ការចរចា​ លើ​កញ្ចប់ថវិកា ដើម្បី​ជួយដោះស្រាយ​វិបត្តិ​បំណុល​ក្រិក កំពុង​តែ​ជាប់គាំង ហើយ​ថ្ងៃកំណត់ ដែល​ក្រិក​ត្រូវ​សងបំណុលគេ កាន់តែ​ខិតជិត​មក​ដល់។

សេដ្ឋកិច្ច​របស់​ចិន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំចេញ ហើយ​សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​ដ៏ធំបំផុត​នៃ​ការ​នាំចេញ​ទំនិញចិន។ ប្រសិនបើ​វិបត្តិ​ប្រាក់​បំណុល​នៅ​អឺរ៉ុប​ធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរ សកម្មភាព​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​នឹង​ត្រូវ​ធ្លាក់ចុះ ហើយ​តម្រូវការ​ទំនិញចិន​​ក៏​នឹង​ត្រូវ​ធ្លាក់ចុះ​ដែរ។

IMF បាន​ផ្តល់​អនុសាសន៍​ថា ចិន​គួរតែ​ប្រុងប្រៀប​ខ្លួន​ជាមុន ដើម្បីទប់ទល់នឹង​បញ្ហា​នេះ តាមរយៈ​ការ​ដាក់ចេញ​នូវ​នយោបាយ​សារពើពន្ធ ដែល​សមស្រប ក្នុងនោះ រួមមាន​ការ​កាត់បន្ថយ​ពន្ធ ក្នុង​រង្វង់ ៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដើម្បី​បង្កើន​ការ​ចំណាយ​របស់​ប្រជាជន​ជា​ទូទៅ។

IMF យល់ថា ចិន​នៅមាន​លទ្ធភាព​ច្រើន ក្នុង​ការ​ចាត់វិធានការ​ទាំងនេះ ពីព្រោះ បរិមាណ​បំណុល​សាធារណៈ​របស់​ចិន​ក៏​នៅទាប ហើយ​ឧនភាព​ថវិកា​ជាតិ​ក៏​មាន​កម្រិត​ទាប (១,១%)។ ចិន​គួរ​​កំណត់​ឧនភាព​ថវិកា​ឲ្យ​នៅ​ក្នុង​រង្វង់ ២% ទើប​ជា​កម្រិត​សមស្រប ក្នុង​កាលៈទេសៈ​សេដ្ឋកិច្ច​បចុប្បន្ន។

ចំពោះ​អត្រា​អតិផរណាវិញ ក៏​​វា​លែង​ជា​បញ្ហា​ធំ ដែល​ចិន​ត្រូវ​ព្រួយបារម្ភ​ដែរ ពីព្រោះ​ថា វិធានការ​របស់​រដ្ឋាភិបាល​ចិន ​នាពេល​កន្លងមក ពិតជា​មាន​ប្រសិទ្ធិភាព​ កាត់បន្ថយ​អត្រាអតិផរណា​បាន​យ៉ាងច្រើន​ហើយ។ នៅ​ចុងឆ្នាំ​២០១១​កន្លងទៅនេះ អត្រាអតិផរណា​នៅចិន​បាន​ធ្លាក់ចុះ​មកនៅត្រឹមតែ​ប្រមាណ ៤%​ ប៉ុណ្ណោះ ហើយ​នឹង​បន្តធ្លាក់ចុះ​តទៅទៀត នៅ​ដើមឆ្នាំ​២០១២​នេះ។

ចំពោះ​ទីផ្សារ​អចលនទ្រព្យ ដែល​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​នាពេល​កន្លងមក ក៏​បាន​ធូរ​ស្បើយមកវិញ​ដែរ​នៅពេលនេះ។ យោងតាម​របាយការណ៍​របស់​ IMF តម្លៃ​អចលនទ្រព្យ​​នៅចិន​ក៏​​​លែង​កើនឡើង​ខ្លាំង​ដូច​ពីពេលមុន ហើយ​បរិមាណ​នៃ​ការ​ទិញ-លក់​អចលនទ្រព្យ​ក៏​មាន​ការ​ថយចុះ។

កាលពី​សប្តាហ៍​មុន លោក​វេន ជៀប៉ាវ នាយករដ្ឋមន្រ្តី​ចិន​ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើការ​សម្រួលគោលនយោបាយ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ទប់ទល់​នឹង​ឥទ្ធិពល​នៃ​វិបត្តិ​នៅ​តំបន់​អឺរ៉ូ។

យោងតាម​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ ចិន​ក៏​គួរ​តែ​ចាប់ផ្តើម​គិតគូរ​ពី​ការ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​របស់​ខ្លួន​ដែរ ពីព្រោះ​ថា យោងតាម​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន​នេះ ចិន​មិនអាច​បន្ត​ពឹងផ្អែក​លើ​ការនាំចេញ​តទៅទៀត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ