អានតួអត្ថបទ
បារាំង-អ៊ីស្រាអែល

ប្រមុខ​ការទូត​បារាំង​ទស្សនកិច្ច​អ៊ីស្រាអែល​បន្ត​ពី​ប៉ាឡេស្ទីន​

នៅ​ថ្ងៃ​អាទិត្យ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​​បារាំង លោក Laurent Fabius បាន​បំពេញ​ទស្សនកិច្ច​​នៅ​អ៊ីស្រាអែល ដើម្បី​ជួយ​ជំរុញ​សន្ទុះ​នៃ​​ដំណើរការ​ចរចា​ស្វែង​រកសន្តិភាព​រវាង​អ៊ីស្រាអែល​និង​​ប៉ាឡេស្ទីន។ ក្នុង​ប្រធានបទដូច​គ្នា​នេះ ប្រមុខការទូត​បារាំង​ទើបតែ​​​​​បាន​បំពេញទស្សនកិច្ច​នៅប៉ាឡេស្ទីន កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ដោយ​បាន​ជួប​ជាមួយ​ប្រធានរដ្ឋអំណាច​ ម៉ាមូដ​ អាបាស​ ព្រម​ទាំង​បាន​សន្យា​ថា​បារាំង​នឹង​ជួយ​ជា​ថវិកា៩លាន​អឺរ៉ូ​​ដល់​ប៉ាឡេស្ទីន ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ​នេះទៀតផង។

រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក Laurent Fabius
រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក Laurent Fabius REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បំពេញទស្សនកិច្ច​នៅ​ប៉ាឡេស្ទីន ជួបជាមួយ​ប្រធានរដ្ឋអំណាច​ ម៉ាមូដ អាបាស​ កាលពី​ថ្ងៃ​សៅរ៍​រួចមក នៅថ្ងៃ​អាទិត្យ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ លោក Laurent Fabius បាន​ធ្វើដំណើរ​​មកកាន់​អ៊ីស្រាអែល ដើម្បី​បន្ត​បេសកម្ម​​ជំរុញ​លើកទឹកចិត្តដល់​​​ដំណើរការ​ចរចា​ស្វែង​រកសន្តិភាព​រវាង​អ៊ីស្រាអែល​និង​​ប៉ាឡេស្ទីន។

Laurent Fabius ​​​​ជួបជាមួយ​ប្រធានាធិបតី​ Shimon Peres និង​នាយករដ្ឋមន្ត្រី​Benyamin Netanyahu ព្រមទាំង​លោកស្រី​ Tzipi Livni ដែល​ជា​នាយករដ្ឋមន្ត្រីក្រសួង​​​យុត្តិធម៌​ ទទួលបន្ទុក​កិច្ចចរចា​ជាមួយប៉ាឡេស្ទីន​ផងដែរ។ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ប្រមុខការទូត​បារាំង​បាន​ពិភាក្សា​ជាមួយ​លោក Yuval Steinitz ប្រមុខការទូត​អ៊ីស្រាអែល​រួច​មកហើយ ​ពី​កិច្ច​ចរចា​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ពិសេស​​ពីបញ្ហា​​​សាងសង់លំនៅដ្ឋាន​​ក្នុង​តំបន់​អាណានិគម​​​ និង​​ការណែនាំ​របស់​សហភាព​អឺរ៉ុបដែល​ចង់​អោយ​មាន​ការបែងចែក​អោយឃើញ​ពី​ភាព​ខុសគ្នា​​រវាង​អ៊ីស្រាអែល និង​ដែនដី​ដែល​អ៊ីស្រាអែល​កាន់កាប់។ គួរ​រំលឹក​ថា អ៊ីស្រាអែល​មាន​ការ​ថ្នាំងថ្នាក់​ជាមួយ​សហភាព​អឺរ៉ុប​ ព្រោះ​សហភាព​អឺរ៉ុប​មិន​ចង់​ជួយ​ថវិកា​​​ជនជាតិ​អ៊ីស្រាអែល​ដែល​មាន​វត្តមាន​នៅក្នុង​តំបន់​ដែល​អ៊ីស្រាអែល​កាន់កាប់ និង​ជនជាតិ​អ៊ីស្រាអែល​ដែល​​ធ្វើការ​នៅ​ក្នុង​តំបន់​​អាណានិគម​​ទាំងនោះ​ទេ។ 

ដោយឡែក ចាប់​តាំង​ពី​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​ បាន​ត្រលប់​មក​ចរចា​​ស្វែង​រក​សន្តិភាព​​ជាមួយ​គ្នា​ឡើងវិញ កាលពី​ពាក់កណ្តាល​ខែ​កក្កដា​មក ពុំទាន់​មាន​ភាគី​ណាមួយ​ដើរចេញ​ពី​តុចរចា​នៅឡើយទេ។ ដូច្នេះ​ សំរាប់​បារាំងដែល​ចង់​ឃើញ​ជោគជ័យ​នៃការចរចា នេះ​គឺជា​សញ្ញា​ដ៏ល្អ​មួយ។ ទោះយ៉ាងនេះ​ក្តី លោកស្រី Livni តំណាង​ភាគីចរចា​អ៊ីស្រាអែល​ ​បាន​ប្រាប់ថា ការចរចា​នេះ​ជួនកាល​មាន​ភាព​តឹងតែង ហើយ​នៅទីបញ្ចប់​ អ៊ីស្រាអែល​នឹង​ត្រូវ​ត្រៀម​ធ្វើការ​លះបង់​​​មួយ​ដ៏ធំ។ ប៉ុន្តែ លោកស្រី​ Livni មិន​បាន​ប្រាប់​ថា តើ​ការលះបង់​នោះ​ជាអ្វី​នោះ​​ទេ។ ​ខាង​ភាគី​ចរចា​ប៉ាឡេស្ទីន​វិញ បាន​ប្រាប់​ថា អ៊ីស្រាអែល​​មិន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ចរចា​សោះឡើយ។

ទោះជា​កិច្ច​ចរចា​ភាគីទាំងពីរ​ប្រព្រឹត្ត​ទៅដូចម្តេចក្តី​ គេ​រំពឹង​ថា ទស្សនកិច្ច​ប្រមុខការទូត​បារាំង​នៅ​អ៊ីស្រាអែល អាច​មានទិសដៅផ្សេងទៀត។ ព្រោះ​ថា ប្រទេស​ជិតខាង​អ៊ីស្រាអែល ដូច​ជា​​អេហ្ស៊ីប ​​លីបង់ និង​ស៊ីរី​ កំពុង​តែជួបវិបត្តិ។ បារាំង​ចង់​អោយ​មាន​ប្រតិបត្តិការ​យោធា​ជា​អន្តរជាតិ​មួយ​​នៅ​ស៊ីរី។ ដូច្នេះ បារាំង​អាច​ត្រូវការ​​ជំនួយ​​​ពី​អ៊ីស្រាអែល ព្រោះថា​អ៊ីស្រាអែល​ស្ថិត​នៅ​មុខគេ ក្នុង​ការ​ប្រឈម​នឹង​ការ​វាយ​ប្រហារ​​ពីសំណាក់​ស៊ីរី និង​ពី​ក្រុម​អេស្បួឡាលីបង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ