អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​នឹង​​​ទៅ​​​ប៉ាគីស្ថាន​​​ថ្ងៃចន្ទ​​​ សុំអោយ​​​ដោះលែង​​​អ្នកទោស​​​តាលីបង់​​​

នៅ​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​ក្រោយ​នេះ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក អាមីដ កាហ្សៃ នឹង​ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាគីស្ថាន​​។ ទិសដៅនៃ​ទស្សនកិច្ច​នេះ មិនត្រឹម​តែ​ពង្រឹង​និង​ផ្សះផ្សារទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​នោះទេ។ ទិសដៅចំបង​គឺ​ថា លោកកាហ្សៃ​​​នឹង​សុំ​អោយ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ដោះលែង​អ្នកទោស​តាលីបង់ជាច្រើនរូប​ផងដែរ។ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​សង្ឃឹម​ថា អ្នកទោស​តាលីបង់​អាច​ជួយ​រូប​លោក ក្នុង​ការ​បញ្ចុះបញ្ចូល​ក្រុមឧទ្ទាម​តាលីបង់​អោយ​យល់ព្រម​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï
ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន គឺ​លោក អាមីដ កាហ្សៃ នៅ​ប៉ាគីស្ថាន នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ​ មានទិសដៅ​​​ច្បាស់លាស់​​ណាស់៖ គឺថា​លោក អាមីដ កាហ្សៃ នឹង​សុំអោយ​ប៉ាគីស្ថាន​ដោះលែង​អ្នកទោស​តាលីបង់​ជាច្រើនរូបបន្ថែម​ទៀត។ ប៉ាគីស្ថាន​ធ្លាប់​បាន​ដោះលែង​អ្នកទោសតាលីបង់ចំនួន​សរុប ២៦នាក់ ​ពីរលើក​​រួច​មកហើយ កាលពី​ចុងឆ្នាំ​២០១២។ លោក កាហ្សៃ​ សង្ឃឹម​ថា អ្នកទោស​តាលីបង់ទាំងអស់​នេះ ​​នឹង​ជួយ​អោយ​ក្រុម​ឧទ្ទាម​តាលីបង់​ព្រម​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​លោក។

ប៉ាគីស្ថាន​ត្រូវ​បាន​គេចាត់​ទុក​ថា មាន​ឥទ្ធិពល​ និង​ដើរ​តួនាទី​សំខាន់​ ក្នុង​​ការ​បញ្ចប់​ជម្លោះនៅ​អាហ្វហ្កានីស្ថាន ​ដែល​មាន​រយៈ​ពេល​១២​ឆ្នាំ​ កន្លង​មក​នេះ។ ជាពិសេស​នៅ​ពេល​ដែល​អាហ្វហ្កានីស្ថាន​ជិត​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ឆ្នាំ​២០១៤​ខាងមុខ។ ឆ្នាំ​២០១៤​ក៏​ជា​ឆ្នាំ​ ដែល​កងទ័ព​​អង្គការ​អូតង់ភាគច្រើន ក្នុង​ចំណោម​កងទ័ពអង្គការ​អូតង់​សរុប​​​ ​៨ម៉ឺន៧ពាន់​នាក់ ត្រូវ​ចាកចេញពី​អាហ្វហ្កានីស្ថាន​ផងដែរ។​

ប៉ាគីស្ថាន​គឺ​ជា​ដៃគូ​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ឧទ្ទាម​តាលីបង់ នៅ​អាហ្វហ្កានីស្ថាន។ ប៉ាគីស្ថាន​​បាន​ជួយអោយ​ក្រុមតាលីបង់​បាន​កាន់កាប់​ក្រុងកាប៊ូល​ នៅ​​ឆ្នាំ​១៩៩៦។ សមាជិក​ក្រុមឧទ្ទាម​តាលីបង់​ជាច្រើន​នាក់ បាន​ទៅ​ជ្រកកោន​នៅ​ប៉ាគីស្ថាន​ នៅ​ចុង​ឆ្នាំ​២០០១ ​​ពិសេស​បន្ទាប់​ពី​ពេល​ដែល​អាមេរិក​និង​បណ្តាបស្ចិម​ប្រទេស​ បាន​ផ្តួល​រំលំ​​ ការត្រួតត្រា​ខ្លួន​នៅ​អាហ្វហ្កានីស្ថាន​មក។

ចាប់​តាំង​ពី​ក្លាយ​ជា​ដៃគូ​របស់​អាមេរិក​នៅ​ឆ្នាំ​២០០១មក ប៉ាគីស្ថាន​បាន​សហការ​ចាប់​ខ្លួន​សមាជិក​សំខាន់ៗ​នៃ​ក្រុមតាលីបង់​ជាច្រើនរូប។ អ្នកទោស​តាលីបង់​នៅប៉ាគីស្ថាន​បានក្លាយជា​ឧបករណ៍​សំខាន់​សំរាប់​រដ្ឋាភិបាល​ប៉ាគីស្ថាន នៅចំពោះមុខ​អាហ្វហ្កានីស្ថាន និង​សហរដ្ឋអាមេរិក ដែល​​បាន​ប្រែ​ឥរិយាបថ​​​មកចង់​ចរចា​ជាមួយ​ក្រុមតាលីបង់​វិញ។

អាហ្វហ្កានីស្ថាន​ចង់អោយ​ប៉ាគីស្ថាន​ដោះលែង​អ្នកទោស​តាលីបង់​អោយបានច្រើន​បន្ថែមទៀត ពិសេស​អ្នកទោស​ដែល​ចាប់អារម្មណ៍​លើ​ដំណើរការ​ចរចា​ស្វែងរក​សន្តិភាព។ ក្រុងកាប៊ូល​ក៏​ចង់​អោយ​ក្រុងអ៊ីស្លាម៉ាបាដ​ដោះលែង​ ម៉ូឡា អាប់ឌុល ហ្កានី បារ៉ាដា ​អតីត​ដៃស្តាំ​របស់​​ម៉ូឡា អូម៉ា ដែល​ជា​មេដឹកនាំ​តាលីបង់​នៅ​អាហ្វហ្កានីស្ថានផងដែរ។ ថ្មីៗ​នេះ មេដឹកនាំ​តាលីបង់​នៅអាហ្វហ្កានីស្ថាន បាន​ប្រកាស​ថា នៅក្រោយពេល​ដែល​កងទ័ព​អង្គការ​អូតង់​ត្រូវ​ដកចេញ​នៅពេល​ខាងមុខ ក្រុមតាលីបង់​មិន​ចង់​​ប្រមូលផ្តុំ​អំណាច​តែ​នៅក្នុង​ប្រទេស​​អាហ្វហ្កានីស្ថាន​​មួយ​នោះទេ។

ទោះយ៉ាងនេះ​ក្តី ក្រុមតាលីបង់​បដិសេធ​ធ្វើការ​ចរចា​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​កាហ្សៃ។ ក្រុមតាលីបង់​ចាត់ទុក​លោក កាហ្សៃ ជា​អាយ៉ង​​របស់​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ