អានតួអត្ថបទ
កម្ពុជា​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​រំលឹក​ថៃ​ម្តង​ទៀត​អំពី​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី

ទោះបី​ជា​មាន​ការ​ព្រមព្រៀង​គ្នា​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​កាលពី​ថ្ងៃ​ ទី២២​កុម្ភៈ​ ស្តីពី​ការ​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ឱ្យ​ត្រួត​ពិនិត្យ​ការ​ឈប់ ​បាញ់​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​ក៏ដោយ​ ក៏​រហូត​មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​ឃើញ​មាន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​មក​ដល់​ទល់​ដែន​នៅ​ឡើយ​ ទេ។ ​ភាគី​ថៃ​នៅ​បន្ត​អូស​បន្លាយ​ពេលវេលា​ក្នុង​ភាព​ស្ទាក់ស្ទើរ​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ភាគី​កម្ពុជា​បាន​ត្រៀម​រួច​រាល់​អស់​ហើយ។ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ស្តី​បន្ទោស​ថៃ​នៅ​ថ្ងៃ​នេះ​ថា​ជា​អ្នក​ធ្វើ​ឱ្យ​យឺតយ៉ាវ​នៃ​ការ​មក​ ដល់​របស់​ក្រុម​អ្នកសង្កេតការណ៍។

លោក​ ហ៊ុន​ សែន ក្នុង​ឱកាស​បិទ​សន្និបាត​ក្រសួង​ពាណិជ្ជកម្ម ថ្ងៃ​ទី​៩ កុម្ភៈ​២០១១
លោក​ ហ៊ុន​ សែន ក្នុង​ឱកាស​បិទ​សន្និបាត​ក្រសួង​ពាណិជ្ជកម្ម ថ្ងៃ​ទី​៩ កុម្ភៈ​២០១១ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:16

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ពី​ខេត្ត​កំពត​នៅ​ថ្ងៃ​នេះ​ថា ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​បាន​សរសេរ​លិខិត​ជូន​ដំណឹង​ដល់​សមាជិក​អាស៊ាន​ទាំង​អស់​អំពី​ការវិវឌ្ឍន៍​នៃ​ជម្លោះ​កម្ពុជា​និង​ថៃ។ ​លិខិត​នោះ​បាន​បញ្ជាក់​ច្បាស់​ថា ​ភាគី​កម្ពុជា​បាន​ទទួល​យក​ទាំងស្រុង​នូវ​លក្ខខណ្ឌ​របស់​ឥណ្ឌូណេស៊ី​ក្នុង​ការ​ទទួល​យក​អ្នក​សង្កេតការណ៍​ ដើម្បី​ពិនិត្យ​មើល​បទ​ឈប់​បាញ់​គ្នា​នៅ​តាម​ជាយ​ដែន។ ​កម្ពុជា​ក៏​បាន​បញ្ជាក់​ច្បាស់​លាស់​អំពី​ចំណុច​ដែល​ត្រូវ​ចុះ​សង្កេតការណ៍ ​និង​ពេលវេលា​សម្រាប់​អ្នក​សង្កេតការណ៍។ ​ប៉ុន្តែ ​ភាគី​ថៃ​វិញ​នៅ​កំពុង​ពិចារណា​នៅ​ឡើយ។

បើ​យោង​តាម​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ភាគី​កម្ពុជា​បាន​កំណត់​យក​ទីតាំង​ចំនួន​១៤​សម្រាប់​ឱ្យ​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ចុះ​ពិនិត្យ​មើល​ និង​បាន​កំណត់​រយៈពេល​១២​ខែ។ ចំណុច​សង្កេតការណ៍​និង​ពេលវេលា​នេះ​អាច​នឹង​ត្រូវ​បន្ថែម​ទៀត​ក្នុង​ករណី​ចាំបាច់។ ​ប៉ុន្តែ លោក​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ថៃ​ដែល​នៅ​តែ​រារែក​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ។ ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​រំលឹក​ថៃ​ថា ​កាលពី​មុន​នេះ​ ថៃ​ខ្លួន​ឯង​បាន​ប្រកាស​ថា ​សុខចិត្ត​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ​ហើយ​ថែម​ទាំង​បាន​ស្នើ​ឱ្យ​កម្ពុជា​ទទួល​យក​ដូច​គ្នា​ទៀត​ផង​តែ​ឥឡូវ​បែរ​ជា​ថៃ​ខ្លួន​ឯង​ធ្វើ​ឱ្យ​យឺតយ៉ាវ​ទៅ​វិញ។

នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​កាលពី​ថ្ងៃ​ទី២២​កុម្ភៈ​នៅ​ទីក្រុង​ហ្សាការតា ​កម្ពុជា​និង​ថៃ​បាន ព្រមព្រៀង​គ្នា​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ឱ្យ​មក​ធ្វើ​ជា​សាក្សី​នៃ​បទ​ឈប់​បាញ់​គ្នា​នៅ​ព្រំដែន​ព្រះវិហារ។ ​ឥណ្ឌូណេស៊ី​ត្រៀម​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ចំនួន​៣០​នាក់​មក​កាន់​ប្រទេស​កម្ពុជា​និង​ថៃ។ ​ប៉ុន្តែ​មក​ទល់​នឹង​ថៃ្ង​នេះ ​គ្មាន​ឡើយ​វត្តមាន​របស់​អ្នក​សង្កេតការណ៍​ទាំង​នោះ។

ស្ថានការណ៍​នៅ​តាម​ជាយដែន​ព្រះវិហារ​នៅ​តែ​ស្ថិត​ក្នុង​សភាព​ផុយស្រួយ​ ក្នុង​ពេល​ទន្ទឹង​រង់ចាំ​ការ​មក​ដល់​របស់​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី។​ ព័ត៌មាន​ពី​តំបន់​ជាយដែន​ឱ្យ​ដឹង​ថា ទាហាន​ថៃ​នៅ​តែ​បន្ត​ប្រុង​ប្រៀប​បង្ក​ហេតុ​ជាមួយ​កម្ពុជា​មិន​ឈប់​ឈរ​ឡើយ។ កាលពី​ថ្ងៃ​ម្សិល​មិញ ​ទាហាន​ថៃ​បាន​ប៉ុនប៉ង​ជីក​លេណដ្ឋាន​ជាច្រើន​កន្លែង​ចូល​កៀក​នឹង​តំបន់​ភ្នំទ្រព្យ​ដែល​ជា​កន្លែង​ផ្ទុះអាវុធ​ ប៉ុន្តែ ​សកម្មភាព​នេះ​បាន​ផ្អាក​ទៅ​វិញ​ បន្ទាប់ពី​ទាហាន​កម្ពុជា​បាន​រារាំង​ជាច្រើន​លើក​មក។ ទន្ទឹម​នឹង​ការ​រង់ចាំ​អ្នក​សង្កេតការណ៍ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ស្នើ​ឱ្យ​ឥណ្ឌូណេស៊ី​កំណត់​កាលបរិច្ឆេទ​ប្រជុំ​បី​ភាគី​នៅ​ទីក្រុង​ហ្សាការតា​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ