អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ទ្វារ​ចំហ​សម្រាប់​គណបក្ស​ប្រឆាំង​​នៅ​រដ្ឋសភា

បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​រក្សា​គោលជំហរ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រមព្រៀង​ផ្តល់​តំណែង​ជា​អនុប្រធានរដ្ឋសភា​មួយ ប្រធាន​គណៈកម្មការ​៤ និង​អនុប្រធាន​គណៈកម្មការ៥ ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ ក៏ប៉ុន្តែ ​គណបក្ស​សង្គ្រោះជាតិ​នៅតែ​ប្រកាន់​ជំហរ​មិន​អើពើ ហើយ​បន្ត​យុទ្ធនា​ការតវ៉ា​នឹង​លទ្ធផល​បោះឆ្នោត តាមរយៈ​ញត្តិ​តវ៉ា និង​បាតុកម្ម​មហាជន​ជាដើម។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន REUTERS
ផ្សាយពាណិជ្ជកម្ម

ជា​សេចក្តី​ប្រកាស ដែល​បាន​ធ្វើឡើង​ផ្ទាល់មាត់ លាយឡំ​នឹង​ការ​ព្រមាន​ផង។ នោះ​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​ពាក្យ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះឆ្នោត យល់ព្រម​ផ្តល់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា​មួយ​ ប្រធាន​គណៈកម្មការ ៤ និង​អនុប្រធាន​គណៈកម្មការ ៥ ដល់​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​រដ្ឋសភា។

ប៉ុន្តែ​តំណែង​ទាំងនោះ ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាងថា ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​នៅ​រដ្ឋសភា ដែល​លោក មិន​ហ៊ាន​ធានាថា សមាជិក​សភា ៦៨ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​បែបណា​ឡើយ។

យ៉ាងណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា មុននឹង​ឈានដល់​ការចរចា​ណាមួយ ទាល់តែ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះ​បរម​រាជវាំង​​ជា​មុនសិន។ ក្នុងនោះ លោក​ក៏បាន​គូស​បញ្ជាក់​ថា សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ត្រឹមតែ ៥៥ រូប​ទេ មិនមែន ៦៣ រូប ដូច​គណបក្ស​ប្រឆាំង បាន​ប្រកាស​នោះឡើយ។

លោកនាយក​រដ្ឋមន្ត្រី នៅ​ព្រឹក​មិញ ក៏បាន​ប្រកាសថា ការជាប់គាំង មិនអាច​បន្ត​កិច្ចចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក ដោយ​សារតែ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង​ប្រធាន​រដ្ឋសភា។ ប៉ុន្តែ​ គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ឲ្យ​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា កាន់កាប់​ជា​ប្រធាន​រដ្ឋសភា​បានទេ។

លោក​នាយក​រដ្ឋមន្ត្រី ក៏បាន​ព្រមាន​ដល់​គណបក្ស​សង្គ្រោះជាតិ កុំ​ឲ្យ​ប្រព្រឹត្ត​ហួស​ពី​ច្បាប់ ដែល​ឈាន​ទៅ​ប្រកាស​ជ័យជម្នះ នៅ​រដ្ឋសភា រហូតដល់ ៦៣ រូប ឬក៏​អាច​ឈានទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ទៀត​ជាដើម។

រីឯ​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​មិនមែន​ចាត់ទុក​តំណែង​ជាការ​សំខាន់​ទេ អ្វីដែល​គណបក្ស​ប្រឆាំង​ចង់បាន គឺ​តុល្យភាព​អំណាច​នៅក្នុង​ស្ថាប័ន​ជាតិ​សំខាន់ៗ និង​ការ​ផ្លាស់ប្តូរ កែទម្រង់​ពិតប្រាកដ។

លោក យឹម សុវណ្ណ បាន​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ចលនា​មហាជន ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត ​តាម​រយៈ​ការ​កៀងគរ​ប្រជាពលរដ្ឋ ធ្វើ​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ ការធ្វើ​មហា​បាតុកម្ម​អហិង្សា​ទូទាំង​ប្រទេស និង​ចលនា​ការទូត​ទូទាំង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ