អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​ទាមទារ​អោយ​អ្នកការទូត​អាមេរិកាំង​មួយរូប​ ចាកចេញ​ពី​ទឹកដីខ្លួន​

សារព័ត៌មាន​បារាំង AFP (​​អា អេហ្វ ប៉េ) បានចុះផ្សាយ​នៅថ្ងៃ​សុក្រ​នេះថា រដ្ឋាភិបាល​ឥណ្ឌា​បាន​ទាមទារ​អោយ​សមាជិក​ស្ថានទូត​អាមេរិក​ប្រចាំ​​ក្រុង​ញូវដេល្លី​​ មួយរូប ចាកចេញ​ពី​ប្រទេស​ឥណ្ឌា។ អ្នកការទូត​អាមេរិក​រូបនោះ មាន​ឋានៈ​មុខងារ​ដូចជា​ស្ត្រី​ការទូត​ឥណ្ឌា នៅ​ក្រុង​ញូវយក ដេវយ៉ានី ខូប្រាហ្កាដេ ដែល​តុលាការ​អាមេរិក​​ដាក់ពិរុទ្ធ​ និង​សុំអោយ​ចាកចេញ​ពី​ទឹកដី​អាមេរិក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ដែរ។

ស្ត្រីការទូត​ឥណ្ឌា​ នៅក្រុងញូវយក លោកស្រី Devyani Khobragade ជាប្រភព​ជម្លោះ​​រវាង​ឥណ្ឌា​និង​អាមេរិក។
ស្ត្រីការទូត​ឥណ្ឌា​ នៅក្រុងញូវយក លោកស្រី Devyani Khobragade ជាប្រភព​ជម្លោះ​​រវាង​ឥណ្ឌា​និង​អាមេរិក។ REUTERS/Mohammed Jaffer/SnapsIndia
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ​នេះ យោងតាម​សារព័ត៌មាន​បារាំង AFP (អា អេហ្វ ប៉េ) ការដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​ទាមទារ​អោយអ្នកការទូត​អាមេរិក​ប្រចាំ​ក្រុង​ញូវដេល្លី មួយរូប ចាកចេញ​ពី​ទឹកដី​ខ្លួន​​នោះ គឺ​ធ្វើឡើង​​​​បន្ទាប់ពី​​​អាមេរិក​បាន​សុំ​ស្ត្រីការទូត​ឥណ្ឌា​ប្រចាំ​ក្រុងញូវយក គឺ​លោកស្រី ដេវយ៉ានី ខូប្រាហ្កាដេ អោយចាកចេញ​ពី​ទឹកដី​អាមេរិក។ ​សារព័ត៌មាន​​បារាំង​អាអេហ្វប៉េ បាន​ដក​ស្រង់សំដី​អ្នកទទួលខុសត្រូវ​ឥណ្ឌា​មួយរូប ដែល​បាន​លើកឡើងថា ​អ្នកការទូត​អាមេរិក​ប្រចាំក្រុងញូវដេល្លីដែល​ឥណ្ឌា​ទាមទារ​អោយចាកចេញ​ពី​ទឹកដី​ឥណ្ឌា​នេះ មាន​ឋានៈ​មុខងារ​ដូច​​ស្ត្រីការទូត​ឥណ្ឌា​ខូប្រាហ្កាដេ​​​ដែរ។

គួរ​រំលឹកថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ តុលាការ​អាមេរិក​បាន​ដាក់ពិរុទ្ធ​ស្ត្រីការទូត​ឥណ្ឌា​ខូប្រាហ្កាដេ​ ពីបទ​​ភូតកុហក ដោយ​ធ្វើ​សេចក្តីបញ្ជាក់​ក្លែងក្លាយ​ទាក់ទង​នឹង​ទិដ្ឋាការ​ស្ត្រី​បំរើការងារ​ក្នុងផ្ទះខ្លួន។​ ស្ត្រី​អ្នកបំរើ​ការងារ​នោះ ជា​​ជនជាតិ​ឥណ្ឌា​​ដែរ។ តុលាការ​អាមេរិក​បានចោទ​លោកស្រី​ ខូប្រាហ្កាដេ ពីបទ​កេងប្រយោជន៍​លើ​ស្ត្រី​អ្នកបំរើការងារ​ផ្ទះខ្លួន ដោយសារ​លោកស្រី​ផ្តល់​ប្រាក់ខែ​​ដល់គាត់​ទាបពេក។ បន្ទាប់ពីដាក់​ពិរុទ្ធមក អាមេរិក​បាន​សុំអោយ​ស្ត្រីការទូត​ឥណ្ឌាចាកចេញ​ពី​ទឹកដីខ្លួន​ជាបន្ទាន់។

លោកស្រី​ខូប្រាហ្កាដេ បាន​ត្រលប់​មក​​ឥណ្ឌា​វិញហើយ នៅថ្ងៃ​សុក្រ​នេះ។ លោកស្រី​បាន​ទទួល​​អភ័យឯកសិទ្ធិការទូត​​ ដែល​តាមធម្មតា ជាអភ័យ​ឯកសិទ្ធិ​​ដែល​គេ​ពិបាក​នឹង​ផ្តល់​អោយ​អ្នកការទូត​​ណាស់។ ប៉ុន្តែ​ទោះយ៉ាងនេះ​ក្តី ​ឥណ្ឌា​ហាក់​មិន​បញ្ចប់​កំហឹង​ខ្លួនងាយៗ​នោះទេ។ ឥណ្ឌា​បាន​ទាមទារ​អោយ​សមាជិកស្ថានទូត​អាមេរិក​មួយរូប​ ចាកចេញ​​​ពី​ឥណ្ឌា​ ជាការសងសឹក​តបទៅអាមេរិក​វិញ។

ដោយសារ​រឿងរ៉ាវ​ស្ត្រីការទូត​ឥណ្ឌាទំនាក់ទំនង​ឥណ្ឌា​និង​អាមេរិក​​ជួប​ភាពតានតឹងខ្លាំង។ ​ គួររំលឹកថា ​នៅ​ថ្ងៃ១២ធ្នូ ឆ្នាំ២០១៣ អាជ្ញាធរ​​អាមេរិក​បាន​ចាប់ខ្លួន​ស្ត្រីការទូត​ឥណ្ឌា​ ​​ពេល​គាត់​ដាក់កូនៗ​នៅសាលារៀន។ ​អាជ្ញាធរ​អាមេរិកបាន​​ឆែកឆេរ​ រូបគាត់​​ក្នុង​​រាងកាយ​អាក្រាត​សុទ្ធសាធ និង​បាន​ឃុំ​គាត់​​៤៨ម៉ោង។ ទង្វើ​នោះ បានធ្វើអោយ​​អាជ្ញាធរ​ឥណ្ឌា​​​ផ្ទុះ​កំហឹង​ និង​ចាត់វិធានការ​ជាច្រើន​ សងសឹក​​អាមេរិក​វិញភ្លាមៗ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ