អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រឿងរ៉ាវ​ឃាត់ខ្លួន​ស្ត្រីការទូត​ឥណ្ឌា​នៅក្រុង​ញូវយក​ ធ្វើអោយ​ឥណ្ឌា​ផ្ទុះកំហឹង​ប្រឆាំង​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​១២ធ្នូ​ កន្លងទៅ នៅ​ក្រុងញូវយក អាជ្ញាធរ​អាមេរិក​បាន​ឃាត់ខ្លួន និង​ឆែកឆេរ​រាងកាយ​របស់​ស្រីការទូត​ឥណ្ឌា​មួយរូប គឺ​លោកស្រី ដេវយ៉ានី ខូប្រាហ្កាដេ ពីបទ​ភូតភរ​ដើម្បី​អោយ​អាមេរិក​ចេញទិដ្ឋាការ​ការងារ​អោយ​អ្នកបំរើ​ការងារក្នុង​ផ្ទះ​របស់​លោកស្រី។ ទង្វើ​អាមេរិក​បាន​ធ្វើអោយ​រដ្ឋាភិបាល​ឥណ្ឌា​ក្រេវក្រោធ​យ៉ាងខ្លាំង រហូត​ចាត់វិធានាការ​ជាច្រើន​ ប្រឆាំង​ទៅនឹង​អ្នកការទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​ទៀតផង។

រូបភាព​បង្ហាញ​ពី​ស្ត្រីការទូត​ឥណ្ឌា ខូប្រាហ្កាដេ នៅតុលាការ​សហព័ន្ធ​ក្រុងញូវយក
រូបភាព​បង្ហាញ​ពី​ស្ត្រីការទូត​ឥណ្ឌា ខូប្រាហ្កាដេ នៅតុលាការ​សហព័ន្ធ​ក្រុងញូវយក Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី ដេវយ៉ានី ខូប្រាហ្កាដេ អាយុ៣៩ឆ្នាំ បំរើ​កិច្ចការទូត​ឥណ្ឌា​នៅ​ទីក្រុង​ញូវយក​ សហរដ្ឋ​អាមេរិក ត្រូវ​បាន​អាជ្ញាធរ​អាមេរិកដាក់ខ្នោះ ​ឃាត់ខ្លួន កាលពី​ថ្ងៃ​១២ធ្នូកន្លងទៅ ក្នុង​បទចោទប្រកាន់ថា លោកស្រី​បាន​ធ្វើសេចក្តី​បញ្ជាក់​ក្លែងក្លាយ ដើម្បី​អោយ​អាជ្ញាធរ​អាមេរិក​ផ្តល់​ទិដ្ឋាការ​អោយ​ដល់​អ្នកបំរើការងារ​ក្នុង​ផ្ទះ​លោកស្រី។

រដ្ឋាភិបាល​ឥណ្ឌា​ក្រេវក្រោធ​ខ្លាំងចំពោះ​ទង្វើ​អាមេរិក ប្រឆាំង​ទៅនឹង​អ្នកការទូត​ខ្លួន ព្រោះថា អាជ្ញាធរ​អាមេរិក​បាន​ដាក់ខ្នោះ ឃាត់ខ្លួន លោកស្រី ខូប្រាហ្កាដេ នៅពេល​គាត់​កំពុង​ដាក់កូនៗ​នៅសាលារៀន ពោលគឺនៅ​ពី​មុខ​សាលារៀន​កូនៗគាត់តែ​ម្តង។ ​អាមេរិក​បានបំបាក់​មុខស្ត្រីការទូត​ឥណ្ឌា នៅ​ទីប្រជុំជន​សាធារណៈ។ អ្វី​ដែល​​បំផ្ទុះ​កំហឹង​ឥណ្ឌា​បន្ថែម​​ពី​លើនេះទៀតនោះ គឺ​ថា នៅ​ស្នងការ​ប៉ូលិស​ ស្ត្រីការទូត​ឥណ្ឌា​រូបនេះ​ត្រូវ​បាន​ដោះ​សម្លៀកបំពាក់ អាក្រាត​កាយសុទ្ធសាធ​ ដើម្បី​អោយ​ប៉ូលិស​​បាន​ឆែកឆេរ​។ ​ទង្វើ​បែបនេះ ជាទង្វើ​ហួសហេតុដែល​​​ឥណ្ឌា​មិនអាច​ទទួល​យក​បានឡើយ។ នៅ​ឥណ្ឌា ការឆែកឆេរ​រាងកាយ​ស្ត្រីភេទ​មិន​​​ប្រព្រឹត្ត​ដល់​ថ្នាក់​នេះឡើយ ថ្វី​បើសង្គម​​ឥណ្ឌា​ ​ផ្តល់អាទិភាព​ដល់​បុរសភេទ​​ក៏ដោយចុះ។ ពេល​​​ដែល​មាន​ស្ត្រី​ធ្វើដំណើរ​នៅ​តាមអាកាសយានដ្ឋាន​ អាជ្ញាធរ​​​​តែងផ្តល់អាទិភាព​ដល់ពួកគាត់ ហើយ​មិនដែល​​​ឆែកឆេរ​ពួកគាត់​ សូម្បី​តែ​បន្តិចសោះ​ឡើយ។

អ្វី​ដែល​ធ្វើអោយ​ឥណ្ឌា​ខឹង​ងំ​ក្នុង​ចិត្ត​ទៀតនោះ គឺ​ថា ​ថ្វីបើ​ស្ត្រីការទូត​ឥណ្ឌា​រូបនោះ ត្រូវ​បាន​ដោះលែង​​ ដោយ​មិន​បាន​ស្ថិតនៅ​រយៈពេល​យូរ​​​ក្នុង​​គុកក្តី អាជ្ញាធរ​អាមេរិក​បាន​ឃុំ​គាត់ជាមួយ​អ្នកសេព​គ្រឿងញៀន។ ឥណ្ឌា​​មិនអាចអត់ធ្មត់​បានឡើយ ទោះ​ជា​សហរដ្ឋ​អាមេរិក​ជា​មិត្ត​ខ្លួន​​ក៏ដោយចុះ ព្រោះថា ចង់​រាប់ឥណ្ឌា​ជាមិត្ត គឺ​ត្រូវ​តែ​ផ្តល់​ការ​គោរព ដល់​ជាតិ​ឥណ្ឌា គោរព​ប្រជាជនឥណ្ឌា។ លោក កាម៉ាល់ ណាត រដ្ឋមន្ត្រី​កិច្ចការ​សភា​ឥណ្ឌា​មួយរូប បាន​លើកឡើង​ថា ឥណ្ឌា​មិនមែន​ជា​សាធារណរដ្ឋ​សំបកចេក​នោះទេ និយាយអោយ​ចំ ឥណ្ឌា​មិនអាច​អោយអាមេរិក​ជាន់ស្រួល​ ដូច​ជាសំបកចេក​នោះឡើយ។

រដ្ឋាភិបាល​ឥណ្ឌាបាន​ចាត់វិធានការ​សងសឹក​ភ្លាមៗ​ទៅនឹង​អាមេរិក ក្នុង​រឿងរ៉ាវឃាត់ខ្លួន​ស្ត្រីការទូត​ខ្លួន។ ឥណ្ឌា​បាន​​​ប្រកាស​​ដក​បណ្ណអភ័យ​ឯក​សិទ្ធិ​ពិសេស ​ពី​មន្ត្រីការទូត​អាមេរិកជាច្រើនរូប ​ប្រចាំ​នៅឥណ្ឌា។ បណ្ណ​​អភ័យឯកសិទ្ធិ​ពិសេស​នោះ ជាបណ្ណ​ផ្តល់អោយ​ក្រសួងការបរទេសឥណ្ឌា។​ សម្រាប់​ឥណ្ឌា គឺ​ជា​បណ្ណ​​ផ្តល់អំណាច​ពេញមុខ​ពេញមាត់ ដល់ម្ចាស់​កម្មសិទ្ធិ​នៃបណ្ណ។​ ព្រោះថា នៅ​តាម​ទីសាធារណៈ​មួយចំនួន ​រឺ​ក៏​នៅ​តាម​អាកាសយានដ្ឋានឥណ្ឌា ពេលធ្វើដំណើរ​ម្តងៗ ​ម្ចាស់​កម្មសិទ្ធ​បណ្ណ​ទាំងនេះ មិនចាំបាច់​​ត្រូវ​ឈរបន្តកន្ទុយ​រង់ចាំ​ការត្រួតពិនិត្យ​នោះឡើយ។

ដោយឡែក តុលាការ​អាមេរិក​​មិន​លើកលែង​ទង្វើ​ខុសច្បាប់ទាក់ទង​ទិដ្ឋាការការងារ​​​ក្នុងទឹកដី​ខ្លួន​ឡើយ។​ ​ស្ត្រីការទូត​ឥណ្ឌា​ដេវយ៉ានី ខូប្រាហ្កាដេ ត្រូវ​បាន​ចោទ​ប្រកាន់ថា បាន​ភូតកុហក​ដើម្បីអោយ​ស្ត្រី​អ្នកបំរើការងារ​ក្នុង​ផ្ទះ​លោកស្រី​ ទទួលបានទិដ្ឋាការការងារ​​ពី​អាជ្ញាធរ។ ​នៅសហរដ្ឋអាមេរិក អាជ្ញាធរ​អាមេរិក​តំរូវ​អោយ​អ្នកបំរើការងារ​​ក្នុងផ្ទះ​​ស្ត្រី​ការទូត​ឥណ្ឌា ទទួលប្រាក់ខែ​ជា​ទឹកប្រាក់​ប្រមាណ​៤៥០០ដុល្លារ​ ក្នុង​មួយខែ។ ប៉ុន្តែ លោកស្រី​ខូប្រាដេ បង់​ថ្លៃ​ប្រាក់ខែ​អោយ​អ្នកបំរើការងារ​ខ្លួន​ត្រឹមតែ​៥៣០ដុល្លារ​ប៉ុណ្ណោះ ដូច្នេះ​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ ពី​ច្បាប់​អាមេរិក។

នៅ​ឥណ្ឌា​ ជាញឹកញយ​ ​​មុន​នឹង​ចេញ​ទៅ​បំរើការងារ​នៅ​បរទេស អ្នកបំពេញ​ការងារ​ឥណ្ឌា ​តែង​ចុះហត្ថលេខា​កិច្ចសន្យា​ការងារ​ នៅ​ក្នុង​ទឹកដី​ឥណ្ឌា​ជាមុនសិន។ ដូច្នេះ ប្រាក់ខែ​ដែលត្រូវ​ទទួលបាន​គឺ​ខុសគ្នា​ស្រឡះ ខុសពី​ច្បាប់​ដែលចែង​ក្នុង​ប្រទេស​ដែល​អ្នកបំពេញការងារ​ត្រូវ​ទៅ​ទីនោះ។ ដោយឡែក ប្រាក់ខែ​៤៥០០ដុល្លារ​អាមេរិក ដែល​អាជ្ញាធរ​អាមេរិក​តំរូវ​អោយ​ស្ត្រីការទូតឥណ្ឌា​បង់​អោយ​អ្នកបំរើ​ការងារ​ផ្ទះ​ខ្លួន​នោះ គឺ​ជា​ទឹកប្រាក់​ការងារ​ប្រចាំ​ខៃដែល​ស្ត្រីការទូត​រូបនោះ​ទទួលបាន។ ដូច្នេះ ប្រសិន​បើ​គាត់​បង់​៤៥០០ដុល្លារ​អោយ​អ្នកបំរើការងារ​ផ្ទះ​ គាត់​នឹង​គ្មាន​សេសសល់​អ្វី​ទាំងអស់​សម្រាប់​ការចាយវាយក្នុង​ជីវភាព​ប្រចាំថ្ងៃ។

ទោះ​ជា​លោកស្រី​ខូប្រាហ្កាដេ ធ្វើផ្ទុយ​ពី​ច្បាប់​អាមេរិក​ក៏ដោយ​ចុះ ក៏​ប្រជាជន​ឥណ្ឌា​ទូទៅ​បានគាំទ្រ​លោកស្រី និងគាំទ្រ​រដ្ឋាភិបាល​ឥណ្ឌា​ដែល​បាន​ចាត់វិធានការ​ប្រឆាំង​អាមេរិក ព្រោះពួកគេ​មិនពេញចិត្ត​​នឹងទង្វើ​បៃប​មើលងាយ​មើលថោក​ស្ត្រីភេទឥណ្ឌា ​ពីសំណាក់​​អាមេរិក​នោះឡើយ។

ដោយឡែក នៅពេល​​ឥណ្ឌា​ត្រូវ​រៀបចំការបោះឆ្នោត​ក្នុង​ពេល​៦ខែ​ខាងមុខ​ទៀតនោះ ទង្វើ​ក្រេវក្រោធ​​របស់​​រដ្ឋាភិបាល​​ឥណ្ឌា​​អាច​​នឹង​​ជួយ​អោយ​តាក់តែង​​លំអ​​​ភាពវិជ្ជមាន​របស់​គណបក្ស​​​កាន់អំណាច​មួយកម្រិត​​ទៀត ដើម្បី​ទទួលបានសន្លឹកឆ្នោត​​គាំទ្រ​ពីប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ