អានតួអត្ថបទ
អ៊ីរ៉ង់-ស៊ីរី

តេហេរ៉ង់​​ផ្តល់​​សព្វាវុធ​​យ៉ាងច្រើន​​ឲ្យ​​ស៊ីរី​​ដោយ​​ឆ្លងកាត់​​តាម​​អ៊ីរ៉ាក់​​

ប្រទេស​អ៊ីរ៉ង់​បាន​ប្រើ​អាកាសចរណ៍​ស៊ីវិល​សម្រាប់​ធ្វើការ​ដឹក​ជញ្ជូន​យោធា​និង​សព្វាវុធ​យ៉ាងច្រើន​ឲ្យ​ទៅ​ប្រទេស​ស៊ីរី​ ​ ដោយ​ឆ្លងកាត់​តាម​ដែន​អាកាស​នៃ​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ជួយ​គាំទ្រ​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​ក្នុងការ​វាយ​បង្ក្រាប​ក្រុមបះបោរ​ស៊ីរី។​ នេះ​បើយោង​តាម​របាយការណ៍​នៃ​ក្រសួង​យកការណ៍​លោក​ខាងលិច។

អគ្គ​បញ្ជាការ​​នៃ​​ឆ្មាំ​បដិវត្តន៍​​អ៊ីរ៉ង់​​​ Ali​ Jafari ​​​ទទួល​​ស្គាល់ថា​​មាន​សមាជិក​​នៃ​​​​ឆ្មាំ​បដិវត្តន៍​​អ៊ីរ៉ង់​​បាន​​ផ្តល់​​ជំនួយ​​មិនមែន​​យោធា​​ឲ្យទៅ​​ប្រទេស​​ស៊ីរី​​និង​​ប្រទេស​​លីបង់​​
អគ្គ​បញ្ជាការ​​នៃ​​ឆ្មាំ​បដិវត្តន៍​​អ៊ីរ៉ង់​​​ Ali​ Jafari ​​​ទទួល​​ស្គាល់ថា​​មាន​សមាជិក​​នៃ​​​​ឆ្មាំ​បដិវត្តន៍​​អ៊ីរ៉ង់​​បាន​​ផ្តល់​​ជំនួយ​​មិនមែន​​យោធា​​ឲ្យទៅ​​ប្រទេស​​ស៊ីរី​​និង​​ប្រទេស​​លីបង់​​ Flickr
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​តែង​ចោទសួរ​ជានិច្ច​អាជ្ញាធរ​អ៊ីរ៉ាក់​ស្តីពី​ដំណើរ​ហោះហើរ​នៃ​យន្តហោះ​អ៊ីរ៉ង់​ ដែលគេ​សង្ស័យ​ថា​មាន​ដឹកជញ្ជូន​សព្វាវុធ​ផ្តល់ឲ្យ​របប​គ្រប់គ្រង​ស៊ីរី​ ​ ដោយ​ធ្វើការ​ឆ្លងកាត់​តាម​ដែន​អាកាស​របស់​ប្រទេស​អ៊ីរ៉ាក់។​ មកទល់​ពេលនេះ​ ទីក្រុង​បាកដាដ​តែង​ថ្លែង​ប្រាប់ថា​ ​ គេ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹកជញ្ជូន​សព្វាវុធ​ផ្តល់ឲ្យ​ស៊ីរី​ដោយ​ប្រើ​ដែន​អាកាស​អ៊ីរ៉ាក់​ឡើយ។

 
ក៏ប៉ុន្តែ​ បើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​ឲ្យដឹងថា​ ​ មាន​សព្វាវុធ​អ៊ីរ៉ង់​ជាច្រើន​បាន​ត្រូវ​គេដឹក​ជញ្ជូន​ផ្តល់ឲ្យ​ របប​គ្រប់គ្រង​ស៊ីរី​ ​ ដោយ​ឆ្លងកាត់​តាម​ដែន​អាកាស​របស់​ប្រទេស​អ៊ីរ៉ាក់​ ​ ហើយ​ការដឹក​ជញ្ជូន​ទាំងនេះ​ បានត្រូវ​រៀបចំ​ដោយ​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។

ទីក្រុង​តេហេរ៉ង់​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ទីក្រុង​ដាម៉ាស​ ​ តែងបាន​ត្រូវ​គេ​ចោទថា​ ​ ជាអ្នក​បាន​ផ្តល់​សព្វាវុធ​ឲ្យ​ របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​ក្នុងការ​វាយ​បង្ក្រាប​ក្រុមបះបោរ​ស៊ីរី។​ ក៏ប៉ុន្តែ​សកម្មភាព​ផ្តល់​សព្វាវុធ​របស់​អ៊ីរ៉ង់នេះ​ ​ មានលក្ខណៈ​ធ្ងន់ធ្ងរ​ជាងការ​ប្រមាណទុក​ ​ ដោយសារតែ​មាន​កិច្ច​ព្រមព្រៀង​រវាង​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់។

“មាន​យន្តហោះ​ជាច្រើន​គ្រឿង​បាន​ធ្វើការ​ហោះហើរ​សឹងតែ​រាល់ថ្ងៃ​ពី​ប្រទេស​អ៊ីរ៉ង់​ទៅកាន់​ប្រទេស​ស៊ីរី​ ​ ដោយឆ្លង​កាត់តាម​ដែន​អាកាស​នៃ​ប្រទេស​អ៊ីរ៉ាក់​ ​ និងដោយ​ផ្ទុក​ទៅ​ជាមួយ​នូវ​ឆ្មាំបដិបត្តន៍​អ៊ីរ៉ង់​ ​ ហើយនិង​សព្វាវុធ​រាប់​សិបតោន​ ​ ផ្តល់​ទៅឲ្យ​កងកម្លាំង​រក្សា​សន្តិសុខ​ស៊ីរី​ ​ ដើម្បី​វាយ​បង្ក្រាប​ក្រុមប្រឆាំង​បះបោរ​ស៊ីរី”។​ នេះ​បើយោងតាម​ប្រភព​ការទូត​នៃ​អ.ស.ប.។

ទីក្រុង​បាកដាដ​វិញ​បាន​បដិសេធ​ច្រានចោល​ការចោទ​ប្រកាន់នេះ។
“លោកនាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​តែងតែ​ជំរុញ​ឲ្យមាន​ការរិះរក​ដំណោះស្រាយ​វិបត្តិ​ស៊ីរី​ដោយ​ប្រើ​សន្តិវិធី​ ​ ហើយនិង​ហាមឃាត់​ពុំឲ្យ​មាន​ការ​ជ្រាតជ្រែក​ពី​សំណាក់​ប្រទេស​ដទៃ​ចូល​ក្នុង​បញ្ហា​ស៊ីរី”។​ នេះជាការ​បញ្ជាក់​បន្ថែម​របស់​លោក​ Ali al Moussaoui ​ទីប្រឹក្សា​នៃ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់។

រីឯ​សារព័ត៌មាន​អ៊ីរ៉ង់​ជាច្រើន​បាន​ឲ្យដឹង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថា​ ​ “អគ្គបញ្ជាការ​នៃ​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ លោក​ Ali Jafari ​បាន​ទទួល​ស្គាល់ថា​ មានសមាជិក​នៃ​កងកម្លាំង​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បាន​ផ្តល់​ជំនួយ​មិនមែន​យោធា​ឲ្យទៅ​ប្រទេស​ស៊ីរី​និង​ប្រទេស​លីបង់​ ​ ហើយ​ទីក្រុង​តេហេរ៉ង់​នឹង​រួបរួម​គាំទ្រ​តាមផ្លូវ​យោធា​ ​ ​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​ ​ បើ​ប្រសិនជា​មានការ​វាយលុក​ពី​សំណាក់​បច្ចាមិត្ត។​ ក៏​ប៉ុន្តែ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​បដិសេធ​ព័ត៌មាន​ខាងលើនេះ។

គួរបញ្ជាក់ថា​ ​ យន្តហោះ​ Boeing 747 ​អ៊ីរ៉ង់​ពីរគ្រឿង​បាន​ត្រូវ​គេចារ​នៅក្នុង​របាយការណ៍​នៃ​ក្រសួង​យកការណ៍​លោកខាងលិច​ថា​ ​ មានជាប់​ពាក់ព័ន្ធ​ក្នុង​ការដឹក​ជញ្ជូន​សព្វាវុធ​ផ្តល់​ឲ្យ​ប្រទេស​ស៊ីរី។​ យន្តហោះ​ទាំងនេះ​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ពី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បានចារ​ដាក់​នៅក្នុង​បញ្ជីខ្មៅ​នូវ​ឈ្មោះ​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ីរ៉ង់​ Yas Air ​ដែលបាន​ដឹក​ជញ្ជូន​សព្វាវុធ​ផ្តល់ឲ្យ​ទីក្រុង​ដាម៉ាស។​ ហើយ​គណៈកម្មាធិការ​ជំនាញ​មួយ​របស់​អ.ស.ប.​ ​ ដែលមាន​បន្ទុក​ត្រួត​ពិនិត្យ​ការអនុវត្តន៍​ទណ្ឌកម្ម​ដាក់​ទៅលើ​ទីក្រុង​តេហេរ៉ង់​ ​ បាន​ថ្លែងប្រាប់​ជាច្រើន​លើកថា​ ​ Yas Air ​និង​ Iran Air ​ធ្លាប់បាន​ដឹកជញ្ជូន​សព្វាវុធ​ឲ្យ​ទៅ​ប្រទេស​ស៊ីរី។ ​គណៈកម្មាធិការ​ជំនាញ​មួយនេះ​ ក៏​ធ្លាប់បាន​ថ្លែង​ប្រាប់​ទៀតថា​ ​ អ៊ីរ៉ង់​ធ្លាប់បាន​បញ្ជូន​សព្វាវុធ​ឲ្យ​ទៅ​ប្រទេស​ស៊ីរី​ដោយ​ឆ្លងកាត់​តាម​ប្រទេស​តួកគី​ផងដែរ។

សូមបញ្ជាក់ថា​ ​ ប្រទេស​អ៊ីរ៉ង់​គ្មានសិទ្ធិ​លក់​សព្វាវុធ​ឲ្យ​ទៅ​ប្រទេស​ដទៃ​ទៀតឡើយ​ ​ ដោយហេតុតែ​មាន​បំរ៉ាម​ហាមឃាត់​ពី​សំណាក់​អ.ស.ប.​ ​ ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ដែលបាន​ដាក់​ទៅលើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេហេរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ