អានតួអត្ថបទ
អ៊ីរ៉ង់

ជំនួបកំពូល​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​គ្របដណ្តប់​ដោយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​វិបត្តិ​ស៊ីរី

ជំនួបកំពូល​របស់​ចលនាមិនចូល​បក្សសម្ព័ន្ធ​បាន​ចាប់ផ្តើម​បើក​ធ្វើ​ហើយ នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​មន្រ្តីជាន់ខ្ពស់ តំណាង​ប្រទេស​ជា​សមាជិក​ទាំង ១២០ប្រទេស មាន​វត្តមាន​នៅ​ក្នុង​ជំនួបកំពូលនេះ។ ក៏ប៉ុន្តែ វត្តមាន​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំងជាងគេ គឺ​ប្រធានាធិបតី​អេហ្ស៊ីប និង​អគ្គលេខា​ធិការ​អ.ស.ប.។ គណៈប្រតិភូស៊ីរីវិញ​បាន​ដើរចេញ​ពី​កិច្ចប្រជុំ​ក្រោយ​ពី​អេហ្ស៊ីប​រិះគន់​រឿង​បង្រ្កាប​ក្រុមប្រឆាំង។

ទីតាំង​ប្រជុំ​កំពូល​របស់​ចលនា​មិនចូល​បក្សសម្ព័ន្ធ នៅ​អ៊ីរ៉ង់
ទីតាំង​ប្រជុំ​កំពូល​របស់​ចលនា​មិនចូល​បក្សសម្ព័ន្ធ នៅ​អ៊ីរ៉ង់ AFP PHOTO
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ចំណោមប្រទេស​ជាសមាជិក​ទាំង ១២០ របស់​ចលនា​មិនចូល​បក្សសម្ព័ន្ធ​ មាន​ ២៩ប្រទេស ដែល​មាន​តំណាង​ថ្នាក់​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល ទៅ​ចូល​រួម​ក្នុង​ជំនួបកំពូល​រយៈពេល​ពីរថ្ងៃ​​នេះ។ ក្នុងនោះ ក៏​រួមមាន​នាយករដ្ឋមន្រ្តី​កម្ពុជា​ផងដែរ។ ប្រទេស​ផ្សេងទៀត តំណាង​ដោយ​មន្រ្តី​ជាន់ខ្ពស់​ថ្នាក់​អនុប្រធានាធិបតី ឧបនាយករដ្ឋមន្រ្តី ឬ​រដ្ឋមន្រ្តី​ក្រសួងការបរទេស។

វត្តមាន​ដែល​គេ​នាំគ្នា​ផ្តោត​អារម្មណ៍​ខ្លាំងជាងគេ ក្នុង​ជំនួបកំពូលនេះ គឺ​វត្តមាន​របស់​លោក​មហាមេដ ម័រស៊ី (Mohamed Morsi) ប្រធានាធិបតី​អេហ្ស៊ីប និង​លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប.។

លោក​ម័រស៊ី គឺ​ជា​ប្រធានាធិបតី​អេហ្ស៊ីប​ទីមួយ ដែល​ឈានជើង​ជាន់ដី​អ៊ីរ៉ង់ ចាប់តាំង​ពី​មាន​បដិវត្តន៍​អ៊ីស្លាម នៅ​អ៊ីរ៉ង់ កាល​ពី​ឆ្នាំ​១៩៧៩។ អ៊ីរ៉ង់ និង​អេហ្ស៊ីប​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា ចាប់ពីឆ្នាំ​នោះមក ដោយសារ​តែ​អេហ្ស៊ីប​បាន​ទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល និង​បាន​​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល ព្រមទាំង​មាន​ទំនាក់ទំនង​ជា​សម្ព័ន្ធមិត្ត​ជាមួយ​សហរដ្ឋ​អាមេរិក។

ចំពោះ​វត្តមាន​របស់​លោក​បាន គីមូន​វិញ ត្រូវបាន​ទទួលរង​នូវការ​រិះគន់​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ដោយសារ​តែ​ពួកគេ​យល់ថា វត្តមាន​របស់​លោក​អគ្គលេខាធិការ​អ.ស.ប. គឺ​ជា​ការ​លើកមុខលើកមាត់​អ៊ីរ៉ង់ ដែល​កំពុង​រំលោភ​លើ​ច្បាប់​អន្តរជាតិ តាមរយៈ​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​យោធា និង​ការ​គំរាម​កម្ទេច​ប្រទេស​អ៊ីស្រាអែល​ចេញ​ពី​ផែនទី​ពិភពលោក។

ជាការពិត គេ​សង្កេតឃើញ​ថា អ៊ីរ៉ង់​កំពុង​តែ​ឆ្លៀត​ឱកាស​ជា​ប្រធាន​ផ្លាស់វេន និង​ជា​ម្ចាស់ផ្ទះ មក​ទាក់ទាញ​​ប្រទេស​សមាជិក​​​ចលនា​មិនចូល​បក្សសម្ព័ន្ធឲ្យ​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន និង​ឲ្យ​ងើបឡើង​ប្រឆាំង​នឹង​ប្រទេស​លោកខាងលិច។ នៅក្នុង​សុន្ទរកថា​បើក​ជំនួបកំពូល​ចលនា​មិនចូល​បក្សសម្ព័ន្ធ នៅ​ថ្ងៃនេះ លោក​ Ali Khamenei បាន​​រិះគន់​ធ្ងន់ៗ ទៅលើ​​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ដោយ​ចាត់ទុក​​ថាជា​ស្ថាប័ន ដែល​ប្រើ​អំណាច​ផ្តាច់ការ ហើយ​ស្ថិត​ក្រោម​ខ្សែញាក់​របស់​មហាអំណាច​លោកខាងលិច។

ក៏ប៉ុន្តែ លោក​បាន​ គីមូនវិញ បាន​ឆ្លៀតយក​ពេល ដែល​លោក​មាន​វត្តមាន​ក្នុង​​​ជំនួបកំពូល​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​នេះ ទាមទារ​ឲ្យ​អ៊ីរ៉ង់​​ខិតខំ​ប្រឹងប្រែង​ដោយ​សុទ្ធចិត្ត ដើម្បី​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ។ ម្យ៉ាងទៀត លោក​អគ្គលេខាធិការ​អ.ស.ប. ក៏​បាន​ថ្លែង​រិះគន់​​យ៉ាងខ្លាំងៗ​ផងដែរ ទៅលើ​អ៊ីរ៉ង់ ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ ជាពិសេស ការ​ប្រើភាសា​គំរាម​កម្ទេច​ប្រទេស​អ៊ីស្រាអែល​ចេញ​ពី​ផែនទី​ពិភពលោក ដែល​ធ្វើ​ឡើង​ជាច្រើន​លើក​ច្រើន​សា ដោយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ម៉ះមូដ អះម៉ាឌីនចាត (Mahmoud Ahmadinejad)។ លោក​បាន​ គីមូន បាន​ថ្លែង​ថា ​ប្រទេស​សមាជិក​​មួយ​របស់​អ.ស.ប. ដែល​គំរាម​ប្រើ​កម្លាំង​កម្ទេច​ប្រទេស​​ជាសមាជិក​មួយ​ទៀត គឺ​វា​ផ្ទុយ​ពី​គោលការណ៍​ជាមូលដ្ឋាន ដែល​អ.ស.ប. តែងតែ​ប្រកាន់យក។

ហេតុការណ៍​ដែល​គួរ​ឲ្យ​កត់សម្គាល់មួយ​ទៀត ក្នុង​ជំនួបកំពូល​ចលនា​មិនចូល​បក្សសម្ព័ន្ធ​នៅថ្ងៃ​នេះ គឺ​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​យ៉ាងជិតស្និទ្ធ​របស់​អ៊ីរ៉ង់ បាន​​ដើរចេញ​ពី​កិច្ចប្រជុំ ក្រោយ​ពី​លោក​ប្រធានាធិបតី​អេហ្ស៊ីប​ថ្លែង​រិះគន់​របបដឹកនាំ​ស៊ីរី​ ជុំវិញ​ការ​ប្រើ​កម្លាំង​បង្រ្កាប​ក្រុមប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ