អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អ្វី​ទៅ​មូលហេតុ​នៃ​ភាព​តានតឹង​នៅ​កាស្សឺមៀរ​ខាង​ឥណ្ឌា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ស្លាប់​យ៉ាង​តិច​១០០​នាក់​ហើយ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់​រវាង​ពួក​អ្នក​ផ្តាច់​ទឹកដី​និយម​និង​កងទ័ព​ឥណ្ឌា នៅ​កាស្សឺមៀរ តាំង​ពី​ខែ​មិថុនា​រហូត​មក​ទល់​ពេល​នេះ។តើ​អ្វី​ទៅ​មូលហេតុ​ជា​ប្រវត្តិសាស្រ្ត​នៃ​ភាពតានតឹង​ជា​អចិន្រ្តៃយ៍ នៅ​កាស្សឺមៀរ​ខាង​ឥណ្ឌា ជាង​៦០​ឆ្នាំ​កន្លង​មក​ហើយ?

ទាហាន​ឥណ្ឌា​កំពុង​យាម​ល្បាត​នៅ​តំបន់​កាស្សឺមៀរ​ឥណ្ឌា ដែល​កំពុង​មាន​ភាព​តានតឹង
ទាហាន​ឥណ្ឌា​កំពុង​យាម​ល្បាត​នៅ​តំបន់​កាស្សឺមៀរ​ឥណ្ឌា ដែល​កំពុង​មាន​ភាព​តានតឹង © Reuters
ផ្សាយពាណិជ្ជកម្ម

 

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ភាព​តានតឹង​កើន​ឡើង​ខ្លាំង នៅ​កាស្សឺមៀរ​ខាង​ឥណ្ឌា។ ដើម្បី​ទប់ទល់​នឹង​បាតុកម្ម​របស់​ពួក​អ្នក​ផ្តាច់​ទឹកដី​និយម ទាហាន​និង​នគរបាល​ឥណ្ឌា​ប្រើ​ធម៌​ក្តៅ វាយ​បំបែក និង​បាញ់​សម្លាប់​ពួក​បាតុករ។
តាម​ពិត អំពើ​ហិង្សា​បាន​ផ្តើម​ឡើង​កាល​ពី​ជាង​បី​ខែ​មុន​ម៉្លេះ ក្រោយ​ពី​ក្មេង​ជំទង់​ម្នាក់​បាន​ស្លាប់​ក្រោម​គ្រាប់​កាំភ្លើង​របស់​កងកម្លាំង​រក្សា​សណ្តាប់​ធ្នាប់​របស់​ឥណ្ឌា។ ឧប្បត្តិហេតុ​នេះ​គឺ​ជា​ប្រេង​ចាក់​ទៅ​លើ​ភ្លើង​កំហឹង​របស់​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម ដែល​ទាមទារ​ផ្តាច់​ទឹកដី​កាស្សឺមៀរ ចេញ​ពី​ការ​កាន់កាប់​របស់​ឥណ្ឌា ជាង​៦០​ឆ្នាំ​កន្លង​មក​ហើយ។

សោកនាដកម្ម​នៅ​កាស្សឺមៀរ​បាន​ផ្តើម​កើត​ឡើង នៅ​ឆ្នាំ​១៩៤៧ នៅ​ពេល​ដែល​ក្រោយ​ពី​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស ឥណ្ឌា​បាន​ប្រេះឆា​ជា​ពីរ ជា​ប្រទេស​ឥណ្ឌា​សម្រាប់​អ្នកកាន់​សាសនា​ហិណ្ឌូ និង​ជា​ប្រទេស​ប៉ាគីស្តង់​សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម។ កាលណោះ គូបដិបក្ខ​ទាំង​ពីរ បាន​យល់​ព្រមព្រៀង​គ្នា​ថា រដ្ឋ​ណា​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ច្រើន​ជាង រដ្ឋ​នោះ​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ប៉ាគីស្តង់។ ផ្ទុយ​ទៅ​វិញ រដ្ឋ​ណា​ដែល​មាន​អ្នក​កាន់​សាសនា​ហិណ្ឌូ​ច្រើន​ជាង រដ្ឋ​នោះ​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ឥណ្ឌា។

ការ​បែងចែក​ទឹក​ដី បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​វិបត្តិ​ធ្ងន់ធ្ងរ​នៅ​គ្រប់​ទី​កន្លែង លើកលែង​តែ​នៅ កាស្សឺមៀរ​មួយ​ចេញ។ មូលហេតុ​គឺ​មក​អំពី​នៅ​ក្នុង​ដែន​ដី​នេះ ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ក៏​ប៉ុន្តែ​ស្តេច​ក្រាញ់។​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ទី​បំផុត ស្តេច​ក្រាញ់​បាន​សម្រេច​ចិត្ត​ប្រកាស​ដាក់​ទឹកដី​កាស្សឺមៀរ ឲ្យ​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ឥណ្ឌា​ទៅ​វិញ។
 

កាស្ស៊ឺមៀរឥណ្ធា ៖ឆ្នូតលឿងទុំ - ​កាស្ស៊ឺមៀរប៉ាគីស្តង់ ៖ បៃតង - កាស្ស៊ឺមៀរចិន ៖លឿង
កាស្ស៊ឺមៀរឥណ្ធា ៖ឆ្នូតលឿងទុំ - ​កាស្ស៊ឺមៀរប៉ាគីស្តង់ ៖ បៃតង - កាស្ស៊ឺមៀរចិន ៖លឿង © wikipedia

បញ្ហា​កាស្សឺមៀរ បាន​ធ្វើ​ឲ្យ​សង្គ្រាម​ផ្ទុះ​ឡើង​មួយ​រំពេច​រវាង​ឥណ្ឌា​និង​ប៉ាគីស្តង់​ដែល​ក្លាយ​ជា​បងប្អូន​គូ​សត្រូវ ពី​អំណើះ​ត​ទៅ។ នៅ​ឆ្នាំ​១៩៤៩ អង្គការ​សហប្រជាជាតិ​លូក​ដៃ​ធ្វើ​អន្តរាគមន៍ ពុះចែក​កាស្សឺមៀរ​ជា​ពីរ ឲ្យ​ឥណ្ឌា​ពាក់​កណ្តាល​ខាង​ត្បូង និង​ឲ្យ​ប៉ាគីស្តង់​ពាក់​កណ្តាល​ខាង​ជើង។ ប៉ុន្តែ ទាំង​សង​ខាង​នៅ​តែ​មិន​សុខ​ចិត្ត ជា​ពិសេស​ប៉ាគីស្តង់​ដែល​នៅ​ឆ្នាំ​១៩៦៥​សម្រេច​លើក​ទ័ព​ទៅ​វាយ​យក​កាស្សឺមៀរ​ខាង​ឥណ្ឌា​មក​កាន់កាប់ តែ​ច្បាំង​ចាញ់​ឥណ្ឌា នៅ​ទី​បំផុត។

តាំង​ពី​ពេល​នោះ​មក កាស្សឺមៀរ​ខាង​ឥណ្ឌា​ក្លាយ​ជា​ជង្រុក​បញ្ហា ពីព្រោះ​ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ទី​នោះទាមទារ​ផ្តាច់​ទឹក​ដី បង្ក​ភេរវកម្ម​ប្រឆាំង​នឹង​ឥណ្ឌា ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប៉ាគីស្តង់។

បញ្ហា​កាស្សឺមៀរ​រឹងរឹត​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ចាប់ពី​ដើម​ទសវត្សរ៍​ទី​៥០​មក ដោយហេតុ​តែ​មហិច្ឆតា​របស់​ចិន។ កាលណោះ កងទ័ព​ចិន​បាន​លួច​ចូល​មក​កាន់កាប់​តំបន់​ប៉ែក​ខាង​កើត​នៃ​កាស្សឺមៀរ​ឥណ្ឌា ជាទី​ដែល​គ្មាន​មនុស្ស​រស់​នៅ គឺ​តំបន់​Aksai Chin។
ការ​ឈ្លាន​ពាន​នេះ​របស់​ចិន បាន​នាំ​ទៅ​រក​សង្គ្រាម​រវាង​ឥណ្ឌា​និង​ចិន នៅ​ឆ្នាំ​១៩៦២។ មិន​តែ​ប៉ុណ្ណោះ ដើម្បី​យក​ចិត្ត​ចិន​ដែល​ជួយ​គាំទ្រ​ខ្លួន​នៅ​ក្នុង​អធិករណ៍​ជា​មួយ​ឥណ្ឌា ថ្នាក់​ដឹក​នាំ​ប៉ាគីស្តង់ បាន​កាត់​ដី​កាស្សឺមៀរ​មួយ​ដុំ​របស់​ខ្លួន​នៅ​ប៉ែក​ខាង​កើត​ឲ្យ​ទៅ​ចិន​ទៀត​ នៅឆ្នាំ ១៩៦៣។

អធិករណ៍​ជុំវិញ​ដែន​ដី​កាស្សឺមៀរ​ជា​រឿង​មួយ​រសើប​និង​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់ ក្នុង​គ្រា​បច្ចុប្បន្ន ពីព្រោះ​តួ​អង្គ​ទាំង​បី ឥណ្ឌា ប៉ាគីស្តង់​និង​ចិន ជា​មហាអំណាច​នុយក្លេអ៊ែរ។ ជា​ការ​ពិត​ណាស់​ដែល​ថា ការ​ដែល​ប្រទេស​បដិបក្ខ​មាន​អាវុធ​នុយក្លេអ៊ែរ​រៀងៗ​ខ្លួន តម្រូវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ឲ្យ​ចៀសវាង​សង្គ្រាម ឲ្យ​រក្សា​ស្ថានភាព​Statut Quo។ ក៏​ប៉ុន្តែ​វា​មិន​អាច​ខ្ទប់​កំហឹង​របស់​ពួក​អ្នក​ផ្តាច់​ទឹកដី​និយម​បាន​ទេ ហើយ​វា​ក៏​មិន​អាច​ខ្ទប់​បាន​ដែរ​អំពើ​ហិង្សា​តាម​រយៈ​វិច្ឆេទកម្ម​ឬ​ភេរវកម្ម​នានា ក្នុង​គោលដៅ​ធ្វើ​ឲ្យ​រង្គោះរង្គើ​អំណាច​របស់​ឥណ្ឌា​នៅ​ក្នុង​ដែនដី​កាស្សឺមៀរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ