អានតួអត្ថបទ
ចិន

ចិន​ចង់​មាន​នាវា​ផ្ទុកយន្តហោះ​ទីពីរ​ទៀត​

យោងតាម​អ្នក​ទទួល​ខុស​ត្រូវ​​យោធា​ជាន់​ខ្ពស់​​ចិនមួយរូប​ ​ក្រុងប៉េកាំង​​​នឹងផលិត​នាវា​ផ្ទុក​យន្តហោះ​មួយគ្រឿង​​ថែម​ទៀត ដែល​មាន​ទំហំ​ធំ​ជាង​នាវា​ផ្ទុកយន្តហោះ​ដែល​ខ្លួន​បាន​ដាក់​អោយ​ប្រើ​កាល​ពី​ខែ​​កញ្ញា​ ឆ្នាំ​២០១២ កន្លង​ទៅ។ នេះ​បើ​យោង​តាមសារ​​ព័ត៌មាន​របស់​ចិន​មួយ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

នាវាផ្ទុកយន្តហោះ Liaoning របស់​ចិន​ដែល​ដាក់​ដំណើរការ​កាលពី​ខែ កញ្ញា​ ឆ្នាំ​២០១២
នាវាផ្ទុកយន្តហោះ Liaoning របស់​ចិន​ដែល​ដាក់​ដំណើរការ​កាលពី​ខែ កញ្ញា​ ឆ្នាំ​២០១២ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នាវាផ្ទុក​យន្តហោះ​ដែលក្រុងប៉េកាំង​​ចង់​ផលិត​នេះ គឺ​​ជា​នាវាផ្ទុក​យន្តហោះ​ទីពីរ​​សំរាប់​​យោធា​ចិន។ នាវាផ្ទុក​យន្តហោះ​ថ្មី​នេះ នឹង​មាន​ទំហំ​ធំ​ជាង​នាវា​ផ្ទុកយន្តហោះ​ទីមួយ​ដែល​​ចិន​បាន​ដាក់​អោយ​ដំណើរការ​ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១២ កន្លង​ទៅ។

នេះ​បើ​យោងប្រភព​ព័ត៌មាន​ដែល​កាសែត​​ចិន​មួយ ទទួលបាន​ពី​​​​​ឧត្តមនាវី​ត្រី​ចិន លោក​ Song Xue ជា​មេដឹកនាំ​សំខាន់ទីពីរ​នៃ​​ទ័ព​ជើងទឹក​ចិន។​ នា​ឧកាស​​ពិធី​ប្រារព្ធ​ខួប​៦៤​ឆ្នាំ នៃ​ការ​បង្កើត​ទ័ពជើងទឹក​​ចិន លោក​ Song Xue បាន​ប្រាប់​ថា ​ នាវា​ផ្ទុក​យន្តហោះ​ថ្មី​នេះនឹង​អាច​ផ្ទុក​បាន​យន្តហោះ​ចំបាំង​ច្រើន​ជាង​នាវាផ្ទុកយន្តហោះ​ទីមួយ។
ដោយឡែក យោងតាម​មេដឹកនាំ​ទ័ព​ជើងទឹក​ចិន​រូបនេះ​​ ព័ត៌មាន​ដែលលេចលឺ​​ថាចិន​នឹង​ផលិត​នាវាផ្ទុក​យន្តហោះទីពីរ​នេះ នៅ​សៀងហៃ​ គឺ​មិនមែន​ជា​​ការពិត​នោះ​ទេ។

គួររំលឹក​ឡើងវិញ​ថា កាល​ពីខែ​កញ្ញា កន្លង​ទៅ ចិន​បាន​ដាក់​ប្រើ​នូវនាវាផ្ទុកយន្តហោះ​ទីមួយ​របស់​ខ្លួន មាន​ឈ្មោះ​ថា Liaoning។ ​ នាវា​​នេះ​ ស្ថិត​នៅ​ក្រោម​ការបញ្ជាផ្ទាល់​​​របស់​ទីស្នាក់ការកណ្តាល​ទ័ពជើងទឹកចិន។ ចិន​បាន​ទិញ​នាវា​ផ្ទុកយន្តហោះ​នេះ​ពី​ប្រទេស​អ៊ុយក្រែន​ នា​ចុង​ទស្សវត្សរ​ ១៩៩០ ហើយ​​បាន​យកវា​មកធ្វើការ​​កែច្នៃ​ឡើងវិញ។ យន្តហោះ ចំបាំង​ចិន​ បាន​សាកល្បង​ហោះហើរ​ និង​ចុះចត​លើ​នាវា​ Liaoning នេះ​រួច​មកហើយ។

លោក​ Song Xue បាន​ប្រាប់​ថា បច្ចុប្បន្ន​នេះ ទ័ពជើងទឹក​ចិន​កំពុង​តែ​បង្កើត​ក្រុម​​ផ្នែក​អាកាសចរណ៍​មួយក្រុម​សំរាប់​នាវាផ្ទុកយន្តហោះ​​ Liaoning ​។ ក្នុងក្រុម​​នោះ មាន​កងនាវា​ចំបាំង​យ៉ាងហោច​ណាស់​ក៏ពីរ​ដែរ។ ហើយ​ក្នុង​នោះ ក៏​មាន​ដូចជា​​​យន្តហោះ​ចំបាំង​ ឧបករណ៍​មុជ​ក្រោមទឹក យន្តហោះ​​​ហោះឡើង​តាមទិស​​បញ្ឈរ​ផ្សេងៗទៀតដែរ។

​​​​​​រួម​ជាមួយ​នឹង​នាវាផ្ទុកយន្តហោះ Liaoning នាវាផ្ទុកយន្តហោះ​​ថ្មី​មួយគ្រឿងដែល​ចិន​​ប្រកាស​ចង់​សាងសង់​​នេះ មាន​តួនាទី​សំខាន់​ក្នុង​ការការពារ​បូរណភាព​ដែនដី​ជាតិ​ខ្លួន ពិសេស​នៅ​ពេល​ដែលស្ថានភាពជម្លោះ​​រវាង​​ចិន​និង​ជប៉ុន ជុំវិញ​​​កោះ​សេនកាគូ នៅ​សមុទ្រ​ចិន​ខាង​កើត នៅ​តែ​មាន​ភាព​តានតឹង​​ជាដរាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ