អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​កំាជ្រួច ឬ​មីស៊ីល​ដោយ​ជោគជ័យ សហគមន៍​អន្តរជាតិ​ថ្កោលទោស

នៅ​ថ្ងៃ​ពុធ ទី១២ ធ្នូ​នេះ កូរ៉េខាងជើង​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​បាន​បាញ់​បង្ហោះ​កំាជ្រួច​ប្រកប​ដោយ​ជោគជ័យ ព្រម​ទំាង​បាន​ដាក់​ទៅ​ក្នុង​តារាវិថី​នូវ​ផ្កាយរណប​មួយ​ទុក​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ស៊ីវិល។ សម្រាប់​សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក​មិន​បាន​ជឿ​ថា ជា​កំាជ្រួច​ផ្ទុក​ផ្កាយរណប​ទេ តែ​ជា​ការ​សាកល្បង​មីស៊ីល​អន្តរទ្វីប​ដូច​ដែល​ទីក្រុង​ព្យុងយ៉ាង​ព្យាយាម​សាកល្បង​មិន​បាន​សម្រេច​នា​ពេល​កន្លង​មក។ យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស និង​ចាត់​ទុក​ទង្វើ​របស់​កូរ៉េខាងជើង​ថា ជា​ការ​បង្ក​រឿង​ថ្មី​ទៀត។

អ្នក​និយាយព័ត៌មាន​​នៅ​ទូរទស្សន៍​កូរ៉េខាងជើង ប្រកាស​ពី​ការ​បាញ់​បង្ហោះមីស៊ីលដោយជោគជ័យ
អ្នក​និយាយព័ត៌មាន​​នៅ​ទូរទស្សន៍​កូរ៉េខាងជើង ប្រកាស​ពី​ការ​បាញ់​បង្ហោះមីស៊ីលដោយជោគជ័យ REUTERS/KRT via REUTERS TV
ផ្សាយពាណិជ្ជកម្ម

គិត​តំាង​ពី​ឆ្នំា ១៩៩៨ មក នេះ​ជា​ការ​បាញ់​សាកល្បង​កំាជ្រួច ឬ​មីស៊ីល​លើកទី៥​ហើយ តែ​នៅ​លើ​នេះ គេ​ពិត​ជា​អាច​និយាយ​បាន​ថា របប​កុម្មុយនិស្ត​កូរ៉េខាងជើង​បាន​សម្រេច​ដូច​ក្តីបំណង​របស់​ខ្លួន​មែន។ បន្ទាប់​ពី​ទូរទស្សន៍ជាតិ​កូរ៉េខាងជើង​បាន​ប្រកាស​ពី​ដំណឹង​ជោគជ័យ​នេះ​ភ្លាម បញ្ជាការ ការពារ​ដែនអាកាស​អាមេរិកំាង​ក៏​បាន​បញ្ជាក់​អំពី​បេសកកម្ម​ប្រកប​ដោយ​ជោគជ័យ​នេះ​ដែរ ប៉ុន្តែ​គ្រាន់​និយាយ​ថា គេ​បាន​ឃើញ​មីស៊ីល​មួយ​បាន​ទម្លាក់​វត្ថុ​មួយ​ទៅ​ក្នុង​តារាវិថី។ តើ​វត្ថុ​នោះ ជា​ផ្កាយរណប​ដូច​ដែល​កូរ៉េខាងជើង​បាន​អះអាង​ឬ យ៉ាង​ណា​នោះ ? នៅ​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​មេសា​កន្លង​ទៅ កូរ៉េខាងជើង​បាន​បាញ់​កំាជ្រួច​ដូច​គ្នា​នេះ​ម្តង​ហើយ តែ​បាន​ផ្ទុះបែក​ក្នុង​លំហអាកាស បន្ទាប់​ពី​ហោះ​បាន​ប៉ុន្មាន​វិនាទី​មក។ តែ​នៅ​ថ្ងៃទី១២ ធ្នូ​នេះ កំាជ្រួច​នោះ​បាន​ហោះ​តាម​គន្លង​ផ្លូវ​ដូច​ដែល​បាន​កំណត់​ទុក​មុន ដំបូង កំាជ្រួច​នោះ​បាន​ហោះ​រំលង​សមុទ្រលឿង បន្ទាប់​មក បាន​ហោះរំលង​កោះ​អូគីណាវ៉ា​របស់​ជប៉ុន មុន​នឹង​ផ្ទុះបែក​នៅ​ប៉ែក​ខាង​កើត​នៃ​ឆ្នេរសមុទ្រ​ហ្វីល្លីពីន។ យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្តរជាតិ​មិន​បាន​ជឿ​ថា ជា​ការ​បញ្ជូន​ផ្កាយរណប​ទៅ​ដាក់​ក្នុង​តារាវិថី​ទុក​សម្រាប់​បម្រើ​នៅ​ក្នុង​វិស័យ​ស៊ីវិល​នោះ​ទេ តែ​ជា​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ទៅ​វិញ។

អ៊ីចឹង​ហើយ​បាន​ជា​ខណៈ​នេះ ប្រតិកម្ម​បាន​និង​កំពុង​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់​ដែល​ជា​ទូទៅ គេ​នំា​គ្នា​ថ្កោលទោស និង​ចាត់​ទុក​ទង្វើ​របស់​ទីក្រុង​ព្យុងយ៉ាង​ថា ជា​ការ​បង្ក​រឿង​ជា​ថ្មី។ មុន​គេ គឺ​ប្រទេស​ជប៉ុន​ដែល​កំាជ្រួច​នោះ​បាន​ហោះ​រំលង​កោះ​អូគីណាវ៉ា​របស់​ខ្លួន។ លោក​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន​បាន​ប្រកាស​ថា ជប៉ុន​ចំា​បាច់​ត្រូវ​តែ​បំពាក់​ប្រព័ន្ធ​មីស៊ីល ប្រឆំាង​មីស៊ីល​ប្រកប​ដោយ​ប្រសិទ្ធិភាព ដើម្បី​ប្រឈម​ទប់​នឹង​បច្ចេកវិទ្យា​ចម្រើន​ទៅ​មុខ​របស់​កូរ៉េខាងជើង។ នៅ​ខាង​អាមេរិក អ្នកនំាពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ថ្លែង​ថា ទង្វើ​របស់​ទីក្រុង​ព្យុងយ៉ាង ជា​ការ​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់ និង​ជា​ការ​រំលោភ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ ១៧១៨ និង​១៨៧៤។ ចំណែក​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។

និយាយ​ពី​ប្រទេស​ចិន និង​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​វិញ ទីក្រុង​ប៉េកំាង និង​ម៉ូស្គូ​ក៏​បាន​ថ្កោលទោស​ដែរ តែ​ជា​ការ​ស្តី​បន្ទោស​ដោយ​ចុងមាត់ ចុង ក ពិសេស បាន​ត្រឹម​តែ​សម្តែង​ការ​សោកស្តាយ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ​ក្នុង​ថ្ងៃ​នេះ និង​តាម​សំណើ​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន ក្រុមប្រឹក្សាសន្តិសុខ​នឹង​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​ដើម្បី​ស្វែង​រក​ទ័ណ្ឌកម្ម​ថ្មី​ទៀត​ដាក់​លើ​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ