អានតួអត្ថបទ
កម្ពុជា​-ឡាវ

កម្ពុជា-ឡាវ សម្ពោធ​បង្គោលព្រំ​ដែន ចំ​ខួប​៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក ថុងស៊ីង ថាំម៉ាវង់ (Thongsing Thammavong) នាយក​រដ្ឋមន្ត្រី​ឡាវ ដែល​ទើប​ឡើង​កាន់​តំណែង បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ នៅ ពេល​មក​ដល់​ភ្នំពេញ នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី​ឡាវ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ព្រមព្រៀង​រៀបចំ​សម្ពោធ​បង្គោល​ព្រំដែន នៅ​ច្រក​ទ្វារ​អន្តរជាតិ ដុងក្រឡ ក្នុង​ខេត្ត​ស្ទឹងត្រែង ដើម្បី​សាទរ​ខួប​លើក​ទី​៥៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឡាវ។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ និង​ឡាវ​ (ឆ្វេង)
លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ និង​ឡាវ​ (ឆ្វេង) ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:45

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

នៅ​ពេល​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧​មីនា ឆ្នាំ​២០១១ លោក​នាយក​រដ្ឋមន្ត្រី​ឡាវ ថុងស៊ីង ថាំម៉ាវង់ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្រុងភ្នំពេញ។

 
​បន្ទាប់ពី​កិច្ចប្រជុំ​ដោយ​បិទទ្វារ​រយៈពេល​ជាង ១ ម៉ោង នៅ​ព្រឹក​មិញ លោក ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកកាសែត​ថា លោក​នាយក​រដ្ឋមន្ត្រី​ឡាវ ថុងស៊ីង ថាំម៉ាវង់ បាន​សម្តែង​ការរីករាយ​ចំពោះ​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​ឡាវ។
​ការបោះបង្គោល​ព្រំដែន តាម​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ កម្ពុជា​-​ឡាវ​បាន​សម្រេច​ក្នុង​ស្មារតី​ សហការ​ដោះស្រាយ​ ​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​ផង និង​ជា​បងប្អូន​ផង។ ចំណែក​ចំណុច ដែល​សេសសល់ លោក​នាយក​រដ្ឋមន្ត្រី​ឡាវ បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ បន្ត​ធ្វើការ​ចរចា ដើម្បី​ដោះស្រាយ​ការ​បោះបង្គោល​ព្រំដែន​ឲ្យបាន​ឆាប់ចប់។

​លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី​ឡាវ ក៏​បាន​ស្នើ​យក​ចំណុច​ដុងក្រឡ ដើម្បី​ស្ថាបនា ជា​បង្គោល​ព្រំដែន​អនុស្សាវរីយ៍ និង​ជា​មិត្តភាព ដើម្បី​អាច​បញ្ជាក់​ថា ប្រទេស​ទាំងពីរ​បាន​រួម​ដៃ​គ្នា​ដោះស្រាយ​ការបោះបង្គោល​ព្រំដែន​ដោយ​ជោគជ័យ។

​ដោយសារ​តែ​ឆ្នាំ​នេះ ជា​ខួប​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឡាវ លោក​នាយក​រដ្ឋមន្ត្រី​ឡាវ ក៏​បាន​ស្នើ​សុំ​ឲ្យមាន​ការសហការ​គ្នា រៀបចំ​ជា​ការ​រំលឹក​ទិវា​នេះ។​
​ជា​ការ​ឆ្លើយ​តប លោក ខៀវ កាញារីទ្ធ អះអាងថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង កម្ពុជា​-​ឡាវ គួរតែ​រៀបចំ​ខួប​លើក​ទី​៥៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត ចាប់​ផ្តើម​ដំបូង ក្នុង​ពេល ដែល​ប្រទេស​ទាំង​ពីរ រៀបចំ​សម្ពោធ​បង្គោល​អនុស្សាវរីយ៍​ព្រំដែន​កម្ពុជា​-​ឡាវ នៅ​ដុងក្រឡ។ ពិធី​នោះ ធ្វើ​ឡើង ក្រោម​វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​ទាំងពីរ។
​មក​ដល់​ពេល​នេះ កម្ពុជា​-​ឡាវ បោះបង្គោល​ព្រំដែន​បាន ១២៧ បង្គោល ស្មើ​នឹង ៨៨%។ ​ចំពោះ​ការ​កំណត់​ពេលវេលា ដែល​ត្រូវ​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ដុងក្រឡ និង​ការបញ្ចប់​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា និង​ឡាវ ត្រូវបាន​លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា មិន​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​មិញ​ឡើយ។

​ក្រៅពី​ដំណើរការ​បោះបង្គោល​ព្រំដែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ ក៏បាន​លើក​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ការ​ត​ភ្ជាប់​ផ្លូវ ខ្សែ​កាប​អុបទិក ជាពិសេស​កិច្ចសហការ​ខេត្ត​នៅ​ជាប់​ព្រំដែន ដើម្បី​ធ្វើឲ្យ​ព្រំដែន​កម្ពុជា​-​ឡាវ ជា​ព្រំដែន​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​បង្ក​លក្ខណៈ​ល្អ ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​រវាង​ប្រជាជន​ទាំង​ពីរ​ផង និង​លុប​បំបាត់​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​បង្ក្រាប​គ្រឿងញៀន ជាដើម។
​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ក៏​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំ​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ឡាវ នៅ​ព្រឹក​មិញ​ផង​ដែរ។​

អំឡុងពេល​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ លោក ថងស៊ីង ថាំម៉ាវង់ នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ជួប​ជាមួយ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ក្រៅពី​នេះ លោក​នាយក​រដ្ឋមន្ត្រី​ឡាវ នឹង​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ។

​កើត​នៅ​ថ្ងៃទី​១២​មេសា ឆ្នាំ​១៩៤៤ លោក ថងស៊ីង ថាំម៉ាវង់ ត្រូវ​បាន​រដ្ឋសភា​ជាតិ​ឡាវ តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១០។ លោក ថងស៊ីង ថាំម៉ាវង់ ដែល​បាន​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​ឡាវ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ជំនួស​លោក ប៊ូសន បុប្ផាវ៉ាន់ (Bouasone Bouphavanh)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ