អានតួអត្ថបទ
កម្ពុជា

គណៈ​ប្រតិភូ​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ក្នុង​ខែ​មេសា​ខាងមុខ​

គណៈ​ប្រតិភូ​​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ចិន ​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ ជា​គោលការណ៍ គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​កុម្មុយនិស្ត​ចិន​ ត្រូវ​ធ្វើ​ការ​ផ្លាស់ប្តូរ​គណៈប្រតិភូ​​ជាន់​ខ្ពស់​ទៅ​វិញ​ទៅ​មក ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។ លោក ញឹក ប៊ុនឆៃ នាយក​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ពិពណ៌នា​ថា ទំនាក់ទំនង​រវាង​គណបក្ស​ទាំង​ពីរ​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​ៗ ​ពី​ពេល​មួយ​ទៅ​ពេល​មួយ។ ​

លោក ញឹក ប៊ុនឆៃ​ នាយក​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច
លោក ញឹក ប៊ុនឆៃ​ នាយក​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

លោក ញឹក ប៊ុនឆៃ នាយក​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ថ្លែង​ប្រាប់​អោយ​ដឹង​នៅថ្ងៃ​អាទិត្យ​នេះ​ថា មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រមាណជា​​៨ ទៅ​១០​នាក់​​ នឹង​ចាក​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​សធារណរដ្ឋ​ប្រជាមានិត​​​​ចិន​ ​នៅ​ខែ​មេសា​ខាង​មុខ​នេះ ​ក្នុង​ក្រប​ខណ្ឌ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ និង​គណបក្ស​កុម្មុយនិស្ត​ចិន។ តាម​គោលការណ៍​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​កុម្មុយនិស្ត​ចិន គណៈប្រតិភូ​​ជាន់​ខ្ពស់​នៃ​បក្ស​ទាំង​ពីរ​ត្រូវ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ចំនួន​ពីរដង ​ក្នុង​មួយ​ឆ្នាំ​។ ហើយ​នេះ​ គេ​នៅ​មិន​ទាន់​និយាយ​ពី​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​​យុវជន​រវាង​គណបក្ស​ទាំង​ពីរ​ផង។

លោក ញឹក ប៊ុនឆៃ នាយក​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បញ្ជាក់​ប្រាប់​អោយ​ដឹង​ទៀត​ថា គណៈ​ប្រតិភូ​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ដែល​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នា​ខែ​មេសា​ខាង​មុខ​នេះ ​អាច​នឹង​ដឹក​នាំ​ដោយ​ព្រះអង្គម្ចាស់​ក្សត្រី​ អារុណ​ រស្មី ដែល​នឹង​ក្លាយ​ទៅ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ក្រោយ​​​សមាជ​វិសាមញ្ញ​គណបក្ស ​នៅ​ថ្ងៃ​ទី​២១​ខែ​មិនា​ខាង​មុខ​នេះ។

ព្រះអង្គម្ចាស់​ក្សត្រី នរោត្តម អារុណរស្មី អាច​នឹង​ក្លាយ​ទៅ​ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង ​និង​អាច​ក្លាយ​ទៅ​ជា​បេក្ខភាព​ឈរ​ឈ្មោះ​​នាយក​រដ្ឋមន្រ្តី​តំណាង​អោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​សម្រាប់​ការ​បោះឆ្នោត​តំណាង​រាស្ត្រ ​ខែ​កក្កដា​ឆ្នាំ​ ២០១៣​ ខាង​មុខ​នេះ​ផង។

លោក ញឹក ប៊ុនឆៃ បាន​បន្ត​ទៀត​ថា ទំនាក់​ទំនង​ល្អ​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​កុម្មុយនិស្ត​ចិន ​បាន​កើត​មាន​តាំង​ពី​ការ​កកើត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​កាល​ពី​ឆ្នាំ​១៩៨១​មក​ម្ល៉េះ។ ហើយ​ទំនាក់ទំនង​ល្អ​នេះ​នឹង​រឹត​តែ​រីក​ធំធាត់​ល្អ​ខ្លាំង​ឡើងៗ ពី​ពេល​មួយ​ទៅ​ពេល​មួយ។

នៅ​ក្នុង​ក្របខណ្ឌ​រដ្ឋ និង​រដ្ឋ​វិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​អោយ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​នា​ខែ​មេសា​ខាង​មុខ​នេះ​ ដើម្បី​ជំរុញ​ល្បឿន​​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​ចិន។ នៅ​ក្នុង​ខែ​មិនា​ខាង​មុខ​នេះ លោក​ប្រធានាធិបតី និង​លោក​នាយករដ្ឋ​មន្រ្តី​ថ្មី​នៃ​ប្រទេស​មហា​អំណាច​ចិន​នឹង​ចូល​កាន់​តំណែង រីឯ​លោក​ប្រធានធិបតី និង​លោក​នាយក​រដ្ឋមន្រ្តី​ផុត​អណត្តិ​នឹង​ចូល​និវត្តន៍។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​ប៉េកាំង​បាន​ឯកភាព​គ្នា​​លើក​កម្ពស់​កម្រិត​សហប្រតិបត្តិ​​ការ​ក្នុង​ភាព​ជា​ដៃគូរ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ