អានតួអត្ថបទ
កម្ពុជា

នៅ​ពេល​​គណបក្ស​​ប្រជាជន​​ប្រកាស​​ធ្វើ​​រដ្ឋាភិបាល​​ចម្រុះ​​ ជាមួយ​​ហ៊្វុនស៊ីនប៉ិច​​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ជាសាធារណៈ ​បង្ហាញ​ជំហរ​បន្ត​សហប្រតិបត្តិការ ​នៅ​ក្នុង​រាជរដ្ឋាភិបាលក្នុង​អណត្តិ​ក្រោយ​ទៀត​ ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច។ សេចក្តីប្រកាសនេះ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​មហាសន្និបាត​វិសាមញ្ញ ​កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ​។ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ីនប៉ិច លោក​ញឹក ប៊ុនឆៃ​ បានលើកឡើង​ថា ការ​​អត្ថាធិប្បាយ​នេះគឺ​ជា​សេចក្តី​សម្រេច​ដ៏​ល្អ​ប្រសើរ​ក្នុង​ស្មារតី​នៃ ​ការ​រក្សា​ស្ថិរភាព សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្លាប់​បាន​បញ្ជាក់​​ថា ទោះជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​តែ​មួយ​អសនៈ​​ក្នុង​​សភា​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​​​នឹង​ធ្វើរដ្ឋាភិបាល​ចម្រុះ​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។
លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្លាប់​បាន​បញ្ជាក់​​ថា ទោះជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​តែ​មួយ​អសនៈ​​ក្នុង​​សភា​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​​​នឹង​ធ្វើរដ្ឋាភិបាល​ចម្រុះ​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​សេចក្តី​សម្រេច​៨​ចំនុច គឺ​នៅ​ក្នុង​ចំនុច​ទី៣ ដែល​និយាយ​អំពី​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ចំពោះ​បេក្ខភាព​លោក​ ហ៊ុន សែន​ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥ និង​នីតិកាល​ក្រោយៗ​ទៀត​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ជំហរ​​បន្ត​គោលការណ៍​រៀបចំរាជ​រដ្ឋាភិបាល​ចម្រុះ​​ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទៀត។ ប៉ុន្តែ​ថា នៅ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បើកចំហរ​ទទួល​យក​មជ្ឈដ្ឋាន​នានា​ផ្សេងទៀត ដែល​គណបក្ស​នេះ​ហៅ​ថា អ្នក​ស្នហា​ជាតិ​ផងដែរ។

ហេតុអ្វី​គណបក្ស​ប្រជាជន​កម្ពុជា ​​នៅ​ប្រកាន់​ជំហរ​យក​គណបក្ស​ហ៊្វុនស៊ីនប៉ិច​​ធ្វើ​ជា​ដៃគូ​ក្នុង​រាជរដ្ឋាភិបាល​​បន្ត​ទៀត? អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ខៀវ កាញារីទ្ធ​ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ នៅថ្ងៃ​នេះ​ថា នេះ​គឺ​ជាការ​អនុវត្ត​ន៍​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​ដែល​មាន​តាំង​ពីមុន​មក។ អ្នក​នាំពាក្យ​ដដែល​បន្តថា ការ​ប្តេជ្ញាចិត្ត​របស់​គណបក្ស​ទាំងពីរ​នៅ​តែ​មាន​រហូត​ដល់ពេល​នេះ បើ​ទោះ​ជា​ពេល​ខ្លះ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំង២​មាន​ទំនាស់​នឹង​គ្នា​ខ្លះ​ក៏​ដោយ។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច លោក​ញឹក ប៊ុនឆៃ ​វិញ បានពន្យល់​ថា នេះ​គឺ​ជា​ការ​បន្ត​ស្មារតី​នៃ​ការ​រក្សា​ស្ថិរភាព សន្តិភាព ដើម្បី​ការអភិវឌ្ឍន៍​​ប្រទេស ​​ដែល​គណបក្ស​ដៃគូ​ទាំងពីរ​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ និង​ច្រើន​អណត្តិ​មក​ហើយ។ ហើយ​ថា​ការរួបរួម​គ្នា​រវាង​គណបក្ស​ទាំងពីរ​នេះ​ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​របប​រាជា​និយម​ផងដែរ ដោយសារ​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​ជា​ចលនា​នយោបាយ​មួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​សម្តេច​ឪ ​នរោត្តម សីហនុ។

ប្រសិន​បើ​គេ​សួរ​ថា តើ​ការ​ប្រកាស​ភាព​ជា​ដៃ​គូជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាប្រិយភាពហ៊្វុនស៊ីនប៉ិច​ដែរ​ឬទេ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ ញឹក ប៊ុនឆៃ ​បាន​ឆ្លើយ​តប​ថា គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​លោក​គិត​ប្រយោជន៍​ជាតិ​ និង​ប្រយោជន៍​ប្រជារាស្ត្រ​ជា​ធំ បើ​ទោះជា ពេលខ្លះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវរង​ផល​ប៉ះពាល់ និង​ការ​បាត់បង់​ខ្លះ​ក៏ដោយ​នោះ។ លោក​ញឹក ប៊ុនឆៃ​ បញ្ជាក់​ថា នេះ​ក៏​ជា​នយោបាយ​របស់​សម្តេច​ឪ នរោត្តម សីហនុ ស្ថាបនិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែលចង់ឃើញ​ការ​បង្រួបបង្រួម និង​ការ​ផ្សះផ្សារ​ជាតិ​ជា​សំខាន់​នោះ។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា បើទោះជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​តែ​មួយ​អសនៈ​នៅ​ក្នុង​រដ្ឋសភា​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នឹង​ធ្វើរដ្ឋាភិបាល​ចម្រុះ​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។

គួរ​បញ្ជាក់​ថា ដោយសារ​តែ​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បាន​ជា​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខ្លះ ​អាច​មាន​តំណែង​និង​តួនាទី​នៅ​ក្នុង​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ