អានតួអត្ថបទ
ម៉ាឡេស៊ី

២៥​ប្រទេស​ចូល​ជួយ​​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​បាត់

ទោះបី​ជា​បាន​ប្រើ​គ្រប់​មធ្យោបាយ​ គ្រប់​កម្លាំង​ស្រាវជ្រាវរុក​រក​យ៉ាង​ណា ក៏​រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​តែ​គ្មាន​ស្នាម គ្មាន​ដាន ឬ​បំណែក​អ្វី​មួយ​ ជា​របស់​យន្តហោះ​ម៉ាឡេស៊ី​អ៊ែរឡាញ ​បាត់​ខ្លួន​កាលពី​៨​ថ្ងៃ​មុន​សោះ។ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បាន​ពង្រឹង និង​ពង្រីក តាម​រយៈ​សម្រែក​សុំ​ជំនួយ​របស់​ម៉ាឡេស៊ី។ ប្រទេស​ដែល​បាន​ចូល​រួម​ស្វែង​រក​យន្តហោះ បាន​កើន​ឡើង​ពី ១៤ ​ ​ទៅ ២៥​ប្រទេស​ មាន​ទាំង​ជំនួយ​សម្ភារៈ និង​អ្នក​ឯកទេស។

នៅ​ Kuala Lumpur មនុស្ស​ម្នា​នាំ​គ្នា​សរសេរ​សា​នៃ​ក្តី​សង្ឃឹម​ដល់​អ្នក​ដំណើរ​ជិះ​យន្តហោះជើង MH370 ដែល​បាត់​គ្មាន​ដំណឹង​ជាង​មួយ​សប្តាហ៍
នៅ​ Kuala Lumpur មនុស្ស​ម្នា​នាំ​គ្នា​សរសេរ​សា​នៃ​ក្តី​សង្ឃឹម​ដល់​អ្នក​ដំណើរ​ជិះ​យន្តហោះជើង MH370 ដែល​បាត់​គ្មាន​ដំណឹង​ជាង​មួយ​សប្តាហ៍ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

ម៉ាឡេស៊ី​លែង​ផ្តុំ​ការ​ស្វែង​រក​យន្តហោះ​ ឬ​បំណែក​យន្តហោះ ក្នុង​សមុទ្ទ​ចិន​ខាងត្បូង ឬ​ក្នុង​ដៃ​សមុទ្ទ​ម៉ាឡាកា​ទៀត​ហើយ ! ម៉ាឡេស៊ីត្រូវងាក​មក​ស្វែង​រក​យន្តហោះនៅ​ក្នុង​មហាសមុទ្ទ​ឥណ្ឌា​ ដែល​មួយ​ភាគ​ធំ​ជា​មហាសាគរ​ជ្រៅ​ជាង​គេ​បំផុត​នៅលើ​ភព​ផែនដី ឬ​នៅ​គន្លង​ផ្លូវ​ហោះហើរលើ​ដែន​គោក ពីភាគ​ខាង​ជើង​​ប្រទេស​ថៃ​ទៅកាន់​តំបន់​អាស៊ី​កណ្តាល ​ឆ្លង​កាត់​ប្រទេស​យ៉ាង​ហោច​១១​ប្រទេស។

ការ​ល្បង​សមត្ថភាព​ការទូត​ថ្មី​មួយ​ទៀត កំពុង​រង់​ចាំ​​ម៉ាឡេស៊ី​​! នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​និង​ដឹក​ជញ្ជូន។ កូឡាឡាំពួ បាន​ស្នើ​សុំ​ទៅ​កាន់​ប្រទេស​ចំនួន​២៥​ ឱ្យ​ជួយ​ផ្តល់​និង​​ផ្ទេរ​ទិន្នន័យ​​បាន​មក​ពី​ផ្កាយ​រណប​ ឬ​រ៉ាដា មក​ម៉ាឡេស៊ី​ ក្រែង​អាច​ទាញ​បាន​ព័ត៌មាន​ខ្លះ​ទាក់ទង​នឹង​ការ​បាត់​យន្តហោះ។ ម៉ាឡេស៊ី​ក៏​បាន​ទាម​ទារ​សុំ​ជំនួយ​ជា​យន្ត​ហោះ ជា​នាវា​ ទៅ​​តាម​រក​យន្តហោះ​MH៣៧០ លើ​គន្លង​ផ្លូវ​សំខាន់​ពីរ ៖ ខាង​ជើង ពី​ប្រទេស​​កាហ្សាក់ស្ថាន ទៅ ថៃ​ និង​ខាង​ត្បូង​ពី​ឥណ្ឌូណេស៊ី ចុះទៅ​មហាសមុទ្ទ​ឥណ្ឌា​។

អាជ្ញាធរ​ម៉ាឡេស៊ី ហាក់​កំពុង​តក់​ស្លុត​ខ្លាំង ណា​មិន​ធ្លាប់​បាន​ទទួល​ការ​បំពាក់​បំប៉ន​សម្រាប់​ប្រឈមមុខ​នឹង​​ស្ថានការណ៍​ធ្ងន់ធ្ងរ​ ណា​ការ​បាត់​យន្តហោះ​លើក​នេះ មាន​លក្ខណៈ​ចម្លែក​ខ្លាំង​ មិន​ធ្លាប់មាន​​ក្នុង​​ប្រវត្តិអាកាសចរណ៍ស៊ីវិល​ពិភពលោក​ឡើយ ៖ គ្មាន​អ្នក​ចេញ​មុខ​ទទួល​ស្គាល់​ទង្វើ គ្មាន​ស្លាក​ស្នាម​ចុះ​ចត​ដោយ​បង្ខំ គេ​ថែម​ទាំង​មិន​ដឹង​ថា​តើ​យន្តហោះ​MH៣៧០ អាច​ចុះ​ចត​នៅ​ទី​ណា​មួយ ឬ​ក៏​បញ្ចប់​ការ​ហោះហើរ​ក្នុង​បាត​មហា​សាគរ​ឥណ្ឌា​។ គេ​បាន​សាក​ល្បង​ស្ថាបនា​ដំណើរ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​ប៊ូអ៊ីញ ៧៧៧​ ឡើង​វិញ​ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​បញ្ជា​ Simulator ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ហាក់​ដូច​ជា​គ្មាន​អាច​ផ្តល់​តម្រុយ​អ្វី​ដល់​ក្រុម​អ្នក​អង្កេត​ដែរ នៅ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ