អានតួអត្ថបទ
ប៉ាគីស្ថាន

ពាណិជ្ជករ​ Mamnoon​ Hussain​ ក្លាយជា​ប្រធានាធិបតី​ប៉ាគីស្ថាន​

នៅ​ថ្ងៃ​អង្គារ​នេះ ​​សភា​ប្រទេស​​ប៉ាគីស្ថាន​បាន​បោះឆ្នោត​អោយ​ពាណិជ្ជករ​​ ឈ្មោះ​ ម៉ាំនូន ហ៊ូសេន Mamnoon Hussain ​​​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​ប៉ាគីស្ថាន បន្ត​​ពី​លោក អាស៊ីហ្វ អាលី ហ្សាដារី ដែល​នឹង​ត្រូវ​បញ្ចប់​អណត្តិ ​នៅ​ថ្ងៃ​៨​ កញ្ញា​ខាង​មុខ​នេះ។ លោក ហ៊ូសេន មក​ពី​គណបក្ស​សម្ព័ន្ធ​​អ៊ីស្លាម​ គ្មានការ​ពិបាក​ក្នុង​ការ​ទទួល​ការ​គាំទ្រ​ពី​​តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​ប៉ាគីស្ថាន​នោះទេ។ ជាធម្មតា ការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​នេះ ត្រូវ​ធ្វើ​នៅថ្ងៃ​៦សីហា​ ​ឯណោះ។ ប៉ុន្តែ តុលាការ​កំពូល​បាន​សំរេច​អោយ​​​​ធ្វើ​នៅ​ថ្ងៃ​អង្គារ​​ទី​៣០​​កក្កដា នេះ​វិញ។

ប្រធានាធិបតី​ប៉ាគីស្ថាន​ថ្មី លោក ម៉ាំនូន ហ៊ូសេន
ប្រធានាធិបតី​ប៉ាគីស្ថាន​ថ្មី លោក ម៉ាំនូន ហ៊ូសេន REUTERS/Faisal Mahmood
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ប៉ាគីស្ថាន​ថ្មី លោក ម៉ាំនូន ហ៊ូសេន មាន​អាយុ ៧៣​ឆ្នាំ មកពី​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម។ លោក​ជាពាណិជ្ជករ​​​រកស៊ី​ផ្នែក​វាយនភណ្ឌ និង​ធ្លាប់​​កាន់តំណែង​រយៈ​ពេល​ខ្លី ជា​អភិបាល​ខេត្ត​ Sind ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស កាលពី​ឆ្នាំ​១៩៩៩។

លោក ហ៊ូសេន បាន​ទទួល​ការគាំទ្រ​ពី​​តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​ប៉ាគីស្ថាន ​ច្រើន​ជាង​គូប្រជែង​តែ​មួយគត់​​របស់​លោក​ គឺ​លោក​​ ​​វ៉ាជីហ៊ុដឌីន អាមេដ អតីត​ចៅក្រម​តុលាការ​កំពូល មកពី​គណបក្ស​ចលនា​ប៉ាគីស្ថាន​ដើម្បី​យុត្តិធម៌ Tehreek-e-Insaf។ នាយករដ្ឋមន្ត្រីដ៏​មាន​ឥទ្ធិពល​នៅ​​ប៉ាគីស្ថាន Nawa Sharif បាន​ផ្តល់​ទំនុកចិត្ត​ដល់លោក​ហ៊ូសេន ដើម្បី​បន្ត​តំណែងពី​ប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារី។ គួរបញ្ជាក់​ថា ​បេក្ខជន​ដែល​សភា​​រើស​អោយ​ធ្វើ​ជា​ប្រធានាធិបតី មាន​តែ​ពីររូប​ប៉ុណ្ណោះ។ បេក្ខជន​​មកពី​គណបក្ស​នយោបាយ​ផ្សេងៗ​ ពិសេស​​​គណបក្ស​​ប្រជាជន​ប៉ាគីស្ថានរបស់​ប្រធានាធិបតី ហ្សាដារី​ បាន​ធ្វើ​ពហិការ​មិនចូលរួម​​​ឈរឈ្មោះ​អោយ​សភា​ជ្រើសរើស​ឡើយ។ គណបក្ស​​​ប្រជាជន​ប៉ាគីស្ថាន​របស់​លោក​ហ្សាដារី ​បាន​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ បន្ទាប់​ពី​ចាញ់ឆ្នោត​សភា កាលពី​ខែ​ឧសភា​កន្លងទៅ។

នៅ​ពេល​ដែល​​លោក​ហ្សាដារី ផុតអណត្តិ​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខនេះ លោក​ប្រហែល​ជា​ត្រូវ​ ចាកចេញពី​ប៉ាគីស្ថាន​ ដើម្បី​ចៀស​វាង​អំពើ​ឃាតកម្ម​លើ​រូបលោក។ ភរិយា​របស់​លោក បេណាហ្សៀរ ប៊ុតតូ បាន​ត្រូវ​គេ​ធ្វើ​ឃាត​កាលពីចុង​ឆ្នាំ​ ២០០៧។

ដោយឡែក ​ភារកិច្ច​ចំពោះ​មុខ​របស់ លោក ម៉ាំនូន ហ៊ូសេន ដែល​ជា​ប្រធានាធិបតីប៉ាគីស្ថាន​​ថ្មី ​គឺ​ធ្វើ​យ៉ាងណា​អោយ​​​​ប្រទេស​ប៉ាគីស្ថាន​ដែល​មាន​ប្រជាជន​១៨០​លាន​នាក់​ ទទួល​បាន​ស្ថានភាព​​នឹងនរ។ ​បច្ចុប្បន្ន​នេះ​ ប្រទេស​កាន់​សាសនា​អ៊ីស្លាម​មួយនេះ​ កំពុង​តែ​ប្រឈម​​​នឹង​ឥទ្ធិពល​របស់​ក្រុម​ឧទ្ទាម​តាលីបង់។ ​លោក ហ៊ូសេន ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​ថ្មី ​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​​​តាលីបង់​​​បាន​វាយប្រហារ​គុក​មួយ​កន្លែង​ នៅ​ភាគ​ខាង​ជើង​ប្រទេស​ រំដោះ​​បាន​អ្នកទោស​២៥០នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ