អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ស្ថិតនៅ​លំដាប់​ទី​១២៤​ ចំពោះ​​កង្វះ​អាហារូបត្ថម្ភ​កុមារ​

យោងតាម​របាយ​ការ​ណ៍​មួយ​ដែល​ចេញផ្សាយ ដោយ​អង្គការ​ទស្សនៈ​ពិភពលោក World Vision ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ​២០១៣ កម្ពុជា​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១២៤ ក្នុង​ចំណោម​​ប្រទេស​​ទាំង​ ១៧៦ ក្នុង​​ពិភព​លោក​  ចំពោះបញ្ហា​​កង្វះ​អាហា​រូបត្ថម្ភ​កុមារ​។ អង្គការ​ទស្សនៈ​​ពិភព​លោក​​អន្តរជាតិ​ កំពុង​ព្រួយ​បារម្ភ​​ជា​ខ្លាំង ចំពោះ​​ចំណាត់​ថ្នាក់​​នេះ​។

ក្មេងៗ​កំពុង​ទទួលទានអាហារ ​នៅ​ភោជនីយដ្ឋាន​សម្រាប់​កុមារក្រីក្រ។
ក្មេងៗ​កំពុង​ទទួលទានអាហារ ​នៅ​ភោជនីយដ្ឋាន​សម្រាប់​កុមារក្រីក្រ។ ©សុផល/RFI
ផ្សាយពាណិជ្ជកម្ម

របាយ​ការ​ណ៍ស​ន្ទ​ស្ស​ន៍​សកល​នៃ​វិសមភាព​សុខភាព​កុមារ ដែលមាន​ឈ្មោះថា ឃាតករ​គម្លាត ឬ Killer Gap បាន​ស្រាវជ្រាវ​ឃើញថា កម្ពុជាស្ថិតនៅ​លំដាប់​ទី ១២៤ ក្នុងចំណោម ប្រទេស ១៧៦ នៅលើ​ពិភពលោក ដែលមាន​ទំហំ​នៃ​គម្លាត រវាង​កុមារ​ដែល​ទទួលបាន​សេវា​សុខ​ភាពល្អ និង​មិនល្អ​។ កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ក្នុង​លំដាប់​នេះ អាច​និយាយបានថា នៅមាន​កម្រិត​ខ្ពស់ ៤០​ភាគរយ ដែលជា​សញ្ញា​បង្ហាញ​ពី​វិសមភាព​នៅ​កម្ពុជា។

​លោក Steve Coke ប្រធាន​គម្រោង​ជាន់ខ្ពស់​ផ្នែក​តស៊ូ​មតិ និង​សុខភាព​កុមារ​ នៃ​អង្គការ​ទស្សនៈ​ពិភពលោក ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការសិក្សា​ដែល​ចេញ​បាន​លទ្ធផល​នេះ គឺផ្អែកលើ​ការវាស់វែង ៤ចំនុច ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​កុមារ និង​ការស្វែងរក​សេវា​សុខភាព។

ចំណែក លោក Andrew Hassett នាយក​យុទ្ធនាការ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ ក៏បាន​សម្តែង​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាននេះ។ ភ្ញាក់ផ្អើល ពីព្រោះ​លោក​មើលឃើញថា ប្រទេស​កម្ពុជា​មាន​ធនធាន អ្នកចេះដឹងអំពី​វិធីសាស្ត្រ​ថែ​ទាំ​សុខភាព​កុមារ មាតា និង ទារក ដែលមាន​គុណភាព​ប្រសើ​រ។ ប៉ុន្តែ​ បែរជា​ត្រូវ ជួបនឹង​គ្រោះ​ហា​និ​ភ័យ​បែបនេះ​ទៅវិញ។

លោក​បាន​បន្ត​នៅក្នុង​សេចក្តីប្រកាស​នោះ​ថា នេះ​ជា​កម្រិត​មួយ​ដ៏​ខ្ពស់ ដែល​អង្គការ​ទស្សនៈ​ពិភពលោក​មិនអាច​ទទួលយកបាន​ទេ ហើយ​អង្គការ​មួយ​នេះ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល សង្គមស៊ីវិល​ និង​ដៃគូ​អភិវឌ្ឍ​ន៍នានា​នៅក្នុង​ប្រទេស​កម្ពុជា ​ព​ន្លឿ​ន «យុទ្ធនាការ​លើកកម្ពស់​សុខភាព​កុមារ​ឥឡូវនេះ» ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​ នូវ​ស្ថានភាព​អាហារូបត្ថម្ភ របស់​កុមារ​នៅ​កម្ពុជា។

គួរ​បញ្ជាក់ថា ​ប្រទេស​ដែលមាន​សេវា​សុខ​ភាពល្អ​ជាងគេ និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ១ គឺ​ប្រទេស​បារាំង ខណៈដែល​ប្រទេស​ភាគច្រើន ដែល​ស្ថិតនៅក្រោម​លំដាប់​លេខ១០០ ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​អា​ព្រិ​ក។

អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា នឹង​លើកយក​របាយ​ការ​ណ៍ស​ន្ទ​ស្ស​ន៍គម្លាត​សុខភាព​ជា​សកល​នេះ​ ទៅ​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ជាស​កល​នៃ​អង្គការសហប្រជាជាតិ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ដើម្បី​ទាក់ទាញ​ឲ្យ​មានការ​គិតគូរ​ពី​គម្លាត​នៃ​ការទទួលបាន​សេវា​សុខភាព​បន្ថែមទៀត​ដល់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ