អានតួអត្ថបទ
កម្ពុជា

អង្គការ​​សុខភាព​​ពិភពលោក​​ ព្រមាន​អំពី​ការ​ឆ្លង​រាលដាល​​នៃ​ជំងឺ​ផ្តាសាយបក្សី​​​​នៅ​កម្ពុជា​

អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​បារម្ភ ​អំពី​ការ​ផ្ទុះ​ឆ្លងរាល​ដាល​ជំងឺ​ផ្តាសាយ​បក្សី នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ។ ការ​ព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​កើតឡើង​ភា្លម ក្រោយ​ពី​មាន​ករណី​ស្លាប់​ នៃ​កុមារា​​ម្នាក់​មកពី​ខេត្ត​បាត់ដំបង។ កុមារា​អាយុ​៩ឆ្នាំ មកពី​ខេត្ត​បាត់ដំបង​បាន​ស្លាប់ ដោយ​មេរោគ​ផ្តាសាយ​បក្សី H5N1 កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

ការចិញ្ចឹម​ទា​​មួយកន្លែង ​​​​នៅ​​ជាយ​រាជ​ធានីភ្នំពេញ​។
ការចិញ្ចឹម​ទា​​មួយកន្លែង ​​​​នៅ​​ជាយ​រាជ​ធានីភ្នំពេញ​។ @ Soung Sokpheary
ផ្សាយពាណិជ្ជកម្ម

អង្គការ​សុខភាព​ពិភពលោក WHO បាន​ថ្លែង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំនេះថា មេរោគ​ផ្តាសាយ​បក្សី H5N1 អាច​នឹង​ឆ្លងរីករាល​ដាល ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងយ៉ាងនេះ នៅ​ក្នុងសេចក្តីប្រកាស​ព័ត៌មាន​នៅ​ចន្ទនេះ ដែល​ផ្សាយ​អំពី​ករណី​កុមារា​ម្នាក់ ​ ស្លាប់​ដោយ​សារ​មេរោគ​ផ្តាសាយ​បក្សី​។ កុមារា​អាយុ​៩ឆ្នាំ មកពី​ខេត្ត​បាត់ដំបង​ បានស្លាប់​ដោយ​សារជំងឺ​ផ្តាសាយ​បក្សី​កាលពី​យប់​ថ្ងៃអាទិត្យ​ នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​មួ​យ ​នៅ​ក្នុង​ខេត្ត​សៀមរាប។

ករណីកុមារា​ចុងក្រោយនេះ បាន​ធ្វើអោយតួលេខ​នៃ​អ្នកស្លាប់ដោយ​សារជំងឺ​ផ្តាសាយ​បក្សី​ឡើង​​ដល់​១០​ករណីហើយ ក្នុង​ចំណោម​មនុស្ស​១៧​នាក់​ ដែល​បាន​ឆ្លង​មេរោគ​ផ្តាសាយ​បក្សីនៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។

លោក Sonny Krishnan អ្នក​នាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​រៀបរាប់​អោយដឹង​ថា កុមារា​រងគ្រោះ​បាន​ធ្លាក់ខ្លួនឈឺ បន្ទាប់ពី​គេ​ចាប់កាន់​មាន់ទា​ដែល​ឈឺ និង​ងាប់ចេញ​ពី​ក្នុង​ទ្រុង​ទៅ​អោយ​បង​ស្រី​របស់​គេ​រៀប​ចំធ្វើម្ហូប។ អ្នកនាំពាក្យ​ដដែល​បាន​បន្តថា អង្គការ​សុខភាព​ពិភពលោក​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ​ខណៈ​ដែល​មេរោគ H5N1 នៅ​តែបន្ត​រីករាលដាល​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ហេតុផល​នៃ​ការ​រីករាល​ដាល​នេះ អាច​បណ្ដាលមកពី ការ​ដឹកជញ្ជូន​​បក្សី​តាម​ម៉ូតូដោយ​គ្មាន​បច្ចេកទេស និង គ្មាន​ការ​គ្រប់គ្រង​ត្រឹម​ត្រូវ​ ពីភូមិ​មួយ​ទៅ​ភូមិ​មួយ​ទៀត។

គួរ​បញ្ជាក់​អោយ​ដឹង​ផង​ដែរ​ថា ជំងឺផ្ដាសាយ​បក្សី​នេះបាន​សម្លាប់​មនុស្ស ៣៧៨នាក់​ទូទាំងពិភពលោក ​ចាប់​តាំងពី​ជំងឺ​បាន​ផ្ទុះឡើង​ នៅ​ក្នុង​ឆ្នាំ​២០០៣។ ហើយ​​រលក​នៃ​ការ​ផ្ទុះឡើងវិញ​នៃ​ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅពេលនេះ បាន​កើតឡើង​ទន្ទឹម​គ្នា​ នឹ​ង​ការ​លេច​ឡើង​​នូវ​មេរោគ​ផ្តាសាយបក្សី​ទំរង់ថ្មី H7N9 ដែល​បាន​សម្លាប់​មនុស្ស​៤៥នាក់​ហើយ ​នៅ​ក្នុង​ប្រទេស​ចិន។ ក្រុម​អ្នកជំនាញ​កំពុង​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លងរាល​នៃ​មេរោគ​ទាំងនេះ រវាង​មនុស្ស​ និង​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ