អានតួអត្ថបទ
កម្ពុជា

វារីអគ្គីសនី​អាច​កាត់​បន្ថយ​ទិន្នផល​ជលផល​៧០%​ក្នុង​អាង​ទន្លេ​​មេគង្គក្រោម

នៅ​ថ្ងៃ​សុក្រ​ទី​២៤​កញ្ញា​នេះ នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​មក​ពី​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​អាស៊ី​បាន​ជួបជុំគ្នា​នៅក្នុង​សន្និសីទ​មួយ ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ និង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ដែល​កើត​ចេញ​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ទន្លេ​មេគង្គ​ប៉ែក​ខាង​ក្រោម។ កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ​សកល​សម្រាប់​ការអភិរក្ស WWF​មាន​បំណង​ស្វែង​យល់ និង​រក​វិធីសាស្ត្រ​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទាំងនេះ។

ផល​នេសាទ​នៅ​ទន្លេមេគង្គថយ​ចុះ​ព្រោះ​ទំនប់​វារីអគ្គិសនី
ផល​នេសាទ​នៅ​ទន្លេមេគង្គថយ​ចុះ​ព្រោះ​ទំនប់​វារីអគ្គិសនី © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:08

សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

បច្ចុប្បន្ន​នេះ មាន​ផែនការ​សាងសង់​ទំនប់​វារីអគ្គីសនី​ចំនួន​១១​កន្លែង​ដែល​គេ​កំពុង​ស្នើ​ឡើង​សម្រាប់​ទន្លេ​មេគង្គ​ប៉ែក​ខាងក្រោម។ ទន្លេ​មេគង្គ​ក្រោម​ដែល​ហូរ​កាត់​ប្រទេស​ឡាវ ថៃ កម្ពុជា និង​វៀតណាម។ ប្រសិន​បើ​ទំនប់​ណា​មួយ​ក្នុង​ចំណោម​ទំនប់​ទាំងនេះ​ត្រូវ​បាន​សាងសង់​នោះ វា​នឹង​កាត់ផ្តាច់​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ទន្លេ​មេគង្គ​ប៉ែក​ខាង​ក្រោម និង​បណ្តាល​អោយ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ផ្សេងៗ។

         ហេតុដូច្នេះ​ហើយ​បាន​ជា​ស្ថាប័ន​ធនាគារ​ធំៗ​មក​ពី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប និង​អាស៊ី​បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២៤​កញ្ញា​នេះ ដើម្បី​ពិភាក្សាគ្នា​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន និង​រក​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​កសាង​ទំនប់​វារីអគ្គីសនី​ទាំងនេះ។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​អង្គការ​WWF។

         សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​WWF​សរសេរ​ថា ការព្យាករណ៍​មួយ​ចំនួន​បង្ហាញ​ថា ផលិតភាព​នៃ​ជលផល​ប្រចាំ​ឆ្នាំ​នៅ​តំបន់​មេគង្គ​ប៉ែក​ខាង​ក្រោម ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​រហូត​ដល់​៧​ពាន់​លាន​ដុល្លារ​នោះ នឹង​អាច​ធ្លាក់​ចុះ​រហូត​ដល់​៧០​ភាគរយ ដោយសារ​ទំនប់​វារីអគ្គីសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម។ មិន​តែ​ប៉ុណ្ណោះ ប្រភេទ​សត្វ​សំខាន់ៗ​ដូច​ជា​ត្រី​រាជ និង​សត្វ​ផ្សោត​ប្រហែល​អាច​ប្រឈម​នឹង​ការ​ឈាន​ទៅ​ផុត​ពូជ ប្រសិនបើ​ទំនប់​វារីអគ្គីសនី​ទាំង​១១​នេះ​ត្រូវ​បាន​សាងសង់​នោះ។

         អង្គការ​WWF បាន​ស្នើ​អោយ​មាន​ការ​ពន្យារ​ពេល​រហូត​ដល់​១០​ឆ្នាំ​ខាង​មុខ​ទៀត មុន​ឈាន​ដល់​ការ​ឯកភាព​លើ​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​នៅ​ទន្លេ​មេគង្គ​ប៉ែក​ខាងក្រោម ដើម្បី​ធានា​ថា ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ទំនប់​វារីអគ្គីសនី ត្រូវ​បាន​គេ​សិក្សា​យ៉ាង​ល្អិតល្អន់។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​Marc Goichot​ទីប្រឹក្សា​ផ្នែក​និរន្តរភាព​ហេដ្ឋារចនា​សម្ព័ន្ធ​នៃ​អង្គការ​WWF មហា​តំបន់​មេគង្គ​បាន​និយាយ​ថា គេអាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គម្រោង​វារីអគ្គីសនី​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​បាន។ នោះ​គឺ​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​ក្នុង​តំបន់​លិច​ទឹក​ក្បែរ​ដង​ទន្លេ ជា​ជាង​សាងសង់​កាត់ទន្លេ។ ឬ​វិធី​ម្យ៉ាង​ទៀត គេ​អាច​អនុវត្ត​គម្រោង​វារីអគ្គីសនី​មួយ​ដោយ​គ្មាន​ទំនប់​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ