អានតួអត្ថបទ
កម្ពុជា

WWF៖ ទំនប់​វារីអគ្គីសនី នៅ​ទន្លេ​មេគង្គ​គំរាម​កំហែង​ពពួក​ត្រីរាជ

របាយការណ៍​ថី្ម​មួយ​របស់ អង្គការ​មូលនិធិ​អភិរក្ស​សត្វព្រៃ WWF បាន​រកឃើញ​ថា ចំនួន​ត្រី​រាជ នៅ​តំបន់​មេគង្គ នឹង​ឈាន​ទៅ​ប្រឈម​នឹង​ការ​ផុត​ពូជ ប្រសិន​បើ​ផែនការ​អភិវឌ្ឍន៍​វារី​អគ្គិសនី ក្នុង​តំបន់​ទន្លេ​មេគង្គ នៅតែ​បន្ត។  

ផ្សាយពាណិជ្ជកម្ម
02:27

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ

របាយការណ៍ បាន​រៀបរាប់​ថា ​ត្រី​ទំហំ​ធំៗ ពិសេស​ត្រី​រាជ និង​ត្រី​គល់រាំង កំពុង​ប្រឈម​នឹង​ការ​បាត់បង់ ដោយសារ​តែ​ការអភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី តាម​ដង​ទន្លេ​មេគង្គ ពិសេស​ទំនប់​វារី​អគ្គិសនី នៅ​ក្នុង​ប្រទេស​ឡាវ។​

​ត្រី​រាជ ( Dog-eating catfish ) និង​ត្រី​គល់រាំង ជា​ប្រភេទ​ត្រី​និមិត្តរូប របស់​ជាតិ​កម្ពុជា ហើយ​ជា​ត្រី ដែល​មាន​ទំហំ​ធំ​ជាង​គេ​បំផុត លើ​សកលលោក។ ត្រី​រាជ និង​ត្រី​គល់រាំង ដែល​មួយៗ មាន​ទំងន់ ៣០០ គីឡូក្រាម ស្ថិតនៅ​លំដាប់​ទី ៥ ក្នុង​ចំណោម​ប្រភេទ​ធំៗ ទាំង ១០ ប្រភេទ នៅ​លើ​សកលលោក។ ក៏ប៉ុន្តែ​ត្រី​ទំហំ​ធំ​នេះ ជា​ប្រភេទ​ត្រី រង​ការ​គំរាមកំហែង​ជិត​ផុត​ពូជ ដែល​កំពុង​រស់នៅ​ក្នុង​ទន្លេ​មេគង្គ។

លោក រ៉ូជ័រ មុលុត ( Roger Mollot ) អ្នក​ជីវវិទូ របស់​អង្គការ មូលនិធិ​អភិរក្ស​សត្វព្រៃ WWF ប្រចាំ​ប្រទេស​ឡាវ បាន​លើក​ឡើង ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ៖ “ត្រី​ដែល​មាន​ទំហំ​ធំ ប៉ុន​ត្រី​រាជ មិន​អាច​ហែល​កាត់​របាំង​ធំ ប៉ុន​ទំនប់​វារី​អគ្គីសនី ដើម្បី​ទៅ​ផ្នែក​ខាងលើ​មេគង្គ ដើម្បី​ធ្វើ​ការពង​កូន​បាន​ទេ។ សភាព​បែប​នេះ នឹង​អាច​នាំ​ឱ្យ​ចំនួន​ត្រី​ទឹក​សាប ដ៏​សំខាន់​មួយ​ប្រភេទ​នេះ ប្រឈម​នឹង​ការបាត់បង់។”

​ទិន្នន័យ​វិទ្យាសាស្ត្រ បច្ចុប្បន្ន​បង្ហាញថា ត្រី​រាជ ធ្វើ​ចរាចរណ៍​ពី​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​ទន្លេ​មេគង្គ ដើម្បី​ទៅ​ធ្វើ​ការពង​កូន នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ថៃ និង​ឡាវ។  ​ក៏ប៉ុន្តែ​ទំនប់​វារី​អគ្គិសនី​ទាំងឡាយ ដែល​ត្រូវ​គេ​សាងសង់​នៅ​ត្រង់​ចំណុច​ប៉ែក​ខាងក្រោម​មេគង្គ នឹង​រាំងស្ទះ ដល់​ការធ្វើ​ចរាចរណ៍ ដើម្បី​ពង​កូន​របស់​ត្រី​ប្រភេទ​កម្រ​នេះ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ WWF ក៏បាន​លើកឡើង​ថា គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​នៅលើ​ទន្លេ​មេគង្គ ក្នុង​ខេត្ត សាយ៉ាប៊ូលី ភាគ​ខាងជើង​ប្រទេស​ឡាវ គឺជា​ការ​គំរាមកំហែង ដល់​ការរស់នៅ​របស់​ត្រី​រាជ។ ទំនប់​វារី​អគ្គីសនី សាយ៉ាប៊ូលី គឺជា​ទំនប់​ទី​មួយ​ដែល​មាន​នៅ​លើ​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម ដែល​នឹង​ត្រូវ​យកទៅ​ធ្វើការ​វាយ​តម្លៃ មុនពេល​ដែល​ប្រទេស​ទាំងឡាយ​ដែល​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ ផ្តល់​ប្រឹក្សា​ទៅ​លើ​ការសាងសង់។

​សេចក្តីប្រកាស ក៏​បាន​កត់សម្គាល់​ថា ទំនប់​វារី​អគ្គិសនី ក្នុង​តំបន់​មេគង្គ​ប៉ែក​ខាង​ក្រោម មិន​ត្រឹមតែ​ប៉ះពាល់ ដល់​ពពួក​ត្រី​មាន​ទំហំ​ធំៗ​ទាំងនេះ​ទេ វា​ថែមទាំង​អាច​ធ្វើឱ្យ​ការប្រែប្រួល​អាកាសធាតុ កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត នៅក្នុង​ប្រព័ន្ធ​មេគង្គ ដែល​ជា​តំបន់​ជលផល និង​កសិកម្ម​ដ៏​សម្បូរ​បែប​ជាង​គេ​មួយ នៅលើ​សកលលោក៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ