អានតួអត្ថបទ
ភូមា-នយោបាយ

អ្នកទោស​នយោបាយ​ថ្មី​ៗ​ទៀត​អាច​នឹង​ត្រូវ​ដោះលែង​នៅ​ដើម​ខែ​មករា​និង​កុម្ភៈ​

ប្រទេស​​ភូមា​ ​អាច​​នឹង​​ដោះលែង​​អ្នកទោស​​នយោបាយ​​ថ្មីៗ​​​ទៀត​​​នៅ​​​ថ្ងៃ​​ទី​​៤​​មករា​​និង​​ទី​​១២​​កុម្ភៈ​​ខាង​​​មុខ- ការ​​ដោះលែង​​ដែល​​សហគមន៍​​អន្តរជាតិ​​បាន​​ទាមទារ​​យ៉ាង​​រន្ធាន់​​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ។ នេះ​ជាការ​​គូស​បញ្ជាក់​​របស់​​អ្នក​​ទទួល​​ខុស​ត្រូវ​​មា្នក់​​នៃ​រដ្ឋសភា​​ភូមា។​ទន្ទឹម​​នេះ ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​​មនុស្ស​​នៃ​​របប​​ភូមា​​ថ្មី​​​ ​បាន​​ច្រាន​​ចោល​​ការ​​ចោទ​​ប្រកាន់​​របស់​​អង្គការ​​ការពារ​​សិទ្ធិ​​មនុស្ស​​អន្តរជាតិ​ Amnesty​ International​ ​ដែល​អះអាង​​​ថា​ ​ « អ្នក​ទោស​​នយោបាយ​​ធ្វើ​​កូដកម្ម​​អត់​អាហារ​នៅ​​ក្នុង​ពន្ធនាគារ ​Isein​ នៅ​រ៉ងហ្គូន​ អត់​ទឹក​​ទទួល​​ទាន​ទេ"។

ពន្ធនាគារ Insein​ នៅ yangon
ពន្ធនាគារ Insein​ នៅ yangon
ផ្សាយពាណិជ្ជកម្ម

 “យោង​តាម​លោក​រដ្ឋមន្ត្រី ក្រសួង​អយស្ម័យយាន Aung Min អ្នក​ទោស​មនសិការ​ថ្មីៗ​ទៀត​អាច​នឹង​ត្រូវ​ដោះលែង​ក្នុង​ពេល​ឆាប់ៗ​នេះ​ដោយ​ឥត​សង្ស័យ​ឡើយ »។ នេះ​ជា​ការ​បញ្ជាក់​របស់​​លោក Aung Ko ​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់​នៃ​រដ្ឋសភា​ភូមា​នៅ​​រដ្ឋធានី Naypyidaw​ទៅ​កាន់​ក្រុម​អ្នក​កាសែត។

សូមបញ្ជាក់ថា លោក​រដ្ឋមន្ត្រី ក្រសួង​អយស្ម័យយាន Aung Min ទទួល​បន្ទុក​ជា​ពិសេស​​នៅ​លើ​កិច្ចចរចា​សន្តិភាព​ដ៏​សំខាន់​ជាមួយ​ពួក​ជនជាតិ​ភាគ​តិច ដែល​អ្នក​តំណាង​របស់​ពួក​គេ​ជាច្រើន​រូប កំពុងតែ​ត្រូវ​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារភូមា។

លោក Aung Ko បាន​បញ្ជាក់បន្ថែមទៀតថា អាជ្ញាធរ​ភូមា ​អាច​នឹង​ដោះ​លែង​អ្នកទោស​នយោបាយ​​​​ថ្មីៗ​ទៀត​​នៅ​ថ្ងៃ​ទី​៤​មករា​ខាង​មុខ​ដែល​ជា​ទិវា​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​និង​នៅ​ថ្ងៃ​ទី​១២​កុម្ភៈ ថ្ងៃ​បុណ្យ​ឈប់​សំរាក​របស់​ភូមា​ ប៉ុន្តែ​លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ចំនួន​អ្នក​ទោស​ដែល​ដោះ​លែង​នោះ​ទេ។

គួរ​រំលឹក​ថា អាជ្ញាធរ​ភូមា​នេះ ធ្លាប់​បាន​ដោះលែង​អ្នកទោស​ចំនួន​៦៣០០​នាក់​កាលពី​ថ្ងៃ​ទី​១២​តុលា​កន្លង​ផុត​ទៅ​ ដែល​ក្នុង​នោះ​មាន​អ្នកទោស​នយោបាយ​ប្រមាណ​ជា​២០០​នាក់។ ក៏ប៉ុន្តែ​ចំនួន​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ អាច​មាន​ចំនួន​​ពី​៥០០​ទៅ​១៦០០​នាក់​ឯណោះ។ នេះ​ជា​ការ​ប៉ាន់​ប្រមាណ​របស់​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុងសានស៊ូជី​នៅ​ថ្ងៃ​ព្រហស្បតិ៍​២៩ធ្នូ​ម្សិល​មិញ ដោយ​បាន​គូស​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​អ្នកទោស​ទាំង​នោះ ​២០០ នាក់ ចេញ​មក​ពី​ជួរ​បក្ស​របស់​លោកស្រី។

កាលពី​ខែ​វិច្ឆិកា​កន្លង​ផុត​ទៅ​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International បាន​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ស្ថានភាព​សុខភាព​របស់​អ្នក​ទោស​ក្នុង​ពន្ធនាគារ​Isein​ ​ចំនួន​១៥​នាក់​ដែល​ធ្វើ​កូដកម្ម​អត់​អាហារ​ ដោយ​ចោទ​ប្រកាន់​ថា​” មាន​អ្នកទោស​៨​នាក់​ ស្ថិត​​នៅ​ក្នុង​បន្ទប់​តូចៗ​ដែល​គេ​ធ្វើ​​សំរាប់​ដាក់​សត្វ​ឆ្កែ និង​គ្មាន​បង្អួច គ្មាន​​គ្រែ ​គ្មាន​ពូកដេក ជា​ពិសេស​​ពួក​គេ​ក៏​អត់​​ទឹក​ទទួល​ទាន​ទៀត។

ការ​ចោទ​ប្រកាន់​របស់ អង្គការ​ Amnesty​International នេះ ត្រូវ​បាន​គណៈកម្មការ​ភូមា​ថ្មី​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋអំណាច​ភូមា​នៅ​ខែ​កញ្ញា​កន្លង​មក​នេះ ច្រានចោល និង​បាន​អះអាង​ថា « ពួក​អ្នក​ទោស​ដែល​ធ្វើ​កូដកម្ម​ ពុំ​មែន​អត់​ទឹក​ទទួលទាន​នោះ​ទេ ហើយ​បាន​ទទួល​ការ​តាម​ដាន​សុខភាព​យ៉ាង​ទៀងទាត់ទៀតផង-នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទិនានុប្បវត្តិ​ផ្លូវការ​ភូមា​New Light of Myanmar​នៅ​ថ្ងៃ​សុក្រ​៣០​ធ្នូ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ