អានតួអត្ថបទ
នេប៉ាល់

១៧​លើក ទើប​រក​បាន​នាយក​រដ្ឋមន្ត្រី

នៅ​ទី​បំផុត វិបត្តិ​នយោបាយ​​​អូស​បន្លាយ​រយៈ​ពេល​៧​ខែ ទំនង​ជា​បាន​មក​ដល់​ទីបញ្ចប់​ហើយ ព្រោះ​ពេល​នេះ​ នេប៉ាល់​​មាន​នាយក​រដ្ឋមន្ត្រី​ថ្មីគឺ​ ​លោក ហ្សាឡាណាត ខាណាល់ (Jhalanath Khanal)។ លោក ហ្សាឡាណាត ខាណាល់ ដែល​សភា​បាន​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត ជា​ប្រមុខ​រដ្ឋាភិបាល​​នេប៉ាល់ ​ កាល​ពី​ថ្ងៃ​ម្សិលមិញ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​សាកល្បងចំនួន​​១៦​លើក គិត​ចាប់​ពី​ខែ​មិថុនា​២០១០​មក​។

លោក ប្រាចាន់ដា ស្វាគម​ជោគជ័យ​របស់​លោក ខាណាល់ (រូប​ឆ្វេង) ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នេប៉ាល់
លោក ប្រាចាន់ដា ស្វាគម​ជោគជ័យ​របស់​លោក ខាណាល់ (រូប​ឆ្វេង) ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នេប៉ាល់ © Reuters
ផ្សាយពាណិជ្ជកម្ម
01:41

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

មាន​អាយុ​ ៦០​ឆ្នាំ លោក​ ហ្សាឡាណាត ខាណាល់ ដែល​ជា​​ប្រធាន​គណបក្ស​រួបរួម​ម៉ាក្ស-​លេនីន​និយម​ អាច​ទទួល​ជោគជ័យ​ ​នៅ​ក្នុង​ការបោះឆ្នោត​សភា​បាន​ ក៏​ព្រោះ​តែ​ ពួក​ម៉ៅនិយម ដែល​មាន​ ២៣៦ អាសនៈ​ បាន​​ងាក​មក​គាំទ្រ​លោក​នៅ​នាទី​ចុង​ក្រោយ ពោល​គឺ​បន្ទាប់ពី​ លោក ប្រាចាន់ដា (Prachanda) ប្រធាន​គណបក្ស​ម៉ៅនិយម បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង។

​ នេប៉ាល់ ប្រទេស​ក្រីក្រ​ជាង​គេ​មួយ​ក្នុង​លោក ដែល​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ គ្មាន​រដ្ឋាភិបាល​តាំង​ពីថ្ងៃ​ទី ៣០​មិថុនា​២០១០ មក។ ​​​​នាយក​រដ្ឋមន្ត្រី​ចាស់​បាន​លា​លែង​ចេញ​ពី​តំណែង​ដោយ​សារ​តែ​គំនាប​នយោបាយ​ខ្លាំង​ពី​សំណាក់​បក្ស​ប្រឆាំង​​​ម៉ៅ​និយម។ គណបក្ស​នេះ​មិនអាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន។ នេះ​គឺ​ជា​លើក​ទី​១៧​ហើយ ដែល​សភា​បាន​​សម្រេច​រក​សំឡេង​ដាច់​ខាត​បាន​ ដើម្បី​ប្រកាស​ជា​ផ្លូវ​ការ​ឈ្មោះ​​នាយក​រដ្ឋមន្ត្រី។

ជាមួយ​នឹង​សំឡេង​គាំទ្រ​ ៣៦៨​សំឡេង​ក្នុង​សភា លោក ​ខាណាល់​​ បាន​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី​ បិទ​បញ្ចប់​​ទំព័រ​​នយោបាយ​​មិន​ច្បាស់​គ្មាន​មេ​គ្មាន​កើយ​​របស់​​នេប៉ាល់​។ ប៉ុន្តែ​ ការ​បង្កើត​រដ្ឋាភិបាល​ថ្មី នឹង​មាន​លក្ខណៈ​ស្មុគស្មាញ​។ គេ​ប៉ាន់​ប្រមាណ​ថា​ ពិត​ជា​នឹង​មានវត្តមាន​​​អតីត​ពួក​ឧទ្ទាម​មិន​ខាន នៅ​ក្នុង​រដ្ឋាភិបាល។ រដ្ឋាភិបាល​ថ្មី​ ត្រូវ​តែ​ស្វែង​រក​ឲ្យ​បាន​ការ​គាំទ្រ​ពី​គ្រប់​គណបក្ស​ បើ​ពុំ​នោះ​ទេ នេប៉ាល់​អាច​នឹង​ជួប​ភាព​ទ័ល​ច្រក​ទៀត​។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​​ភ្លាម​មួយ​រំពេច នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក បាន​ គីមូន អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​លទ្ធផល​ដ៏​គាប់​ប្រសើរ ដែល​សភា​នេប៉ាល់​សម្រេច​ជ្រើស​រើស​​ប្រមុខ​រដ្ឋាភិបាល​បាន។ ពិធី​ចូល​កាន់​តំណែងនាយក​រដ្ឋមន្ត្រីនឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ