អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​នឹង​​ធ្វើ​​ម្ចាស់​ផ្ទះ​​កិច្ច​ចរចា​​រក​​ដំណោះស្រាយ​​នយោបាយ​​ប្រទេស​​នេប៉ាល់​

ដោយ​ធ្លាប់​ហែល​ឆ្លង​កាត់​វិបត្តិ​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ក្លាយ​ជាទី​ដែល​ប្រទេស​​ជាច្រើន​ចង់​ដក​ បទពិសោធន៍។ ​បញ្ហា​សំខាន់​២​ដែល​បណ្តា​ប្រទេស​កំពុង​ជួប​វិបត្តិ​នយោបាយ​ទាំងឡាយ​ចង់​ រៀន​សូត្រ​ពី​កម្ពុជា​គឺ៖​ ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង​ដើម្បី​ឈាន​ទៅ​ បញ្ចប់​សង្គ្រាម​ស៊ីវិល​ និង​ការ​បោស​សម្អាត​គ្រាប់មីន​ក្រោយ​សង្គ្រាម។ ​ជាក់ស្តែង ​កម្ពុជា​នឹង​ត្រូវ​គេ​ជ្រើស​រើស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​រៀបចំ​កិច្ច​ ចរចា​រក​ដំណោះស្រាយ​នយោបាយ​ឱ្យ​ប្រទេស​នេប៉ាល់។ ​កិច្ច​ប្រជុំ​នេះ​នឹង​ត្រូវ​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​ខាងមុខ។

លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំកិច្ចប្រជុំមួយ​សម្រាប់​កិច្ច​ប្រជុំ​រកដំណោះស្រាយ​នយោបាយ​រវាងភាគី​ជម្លោះ​នានា​នៃប្រទេស​នេប៉ាល់ នៅអំឡុង​ចុងខែកុម្ភៈ​ខាងមុខនេះ​
លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំកិច្ចប្រជុំមួយ​សម្រាប់​កិច្ច​ប្រជុំ​រកដំណោះស្រាយ​នយោបាយ​រវាងភាគី​ជម្លោះ​នានា​នៃប្រទេស​នេប៉ាល់ នៅអំឡុង​ចុងខែកុម្ភៈ​ខាងមុខនេះ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:38

សេចក្តីរាយការណ៍​របស់ប៉ែនបូណា ពីទីក្រុងភ្នំពេញ

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កិច្ច​ប្រជុំ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​រវាង​ភាគី​ជម្លោះ​នានា​នៃ​ប្រទេស​នេប៉ាល់។ ​នេះ​បើ​យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ទំព័រ​ facebook ​របស់​ខ្លួន។

កិច្ចប្រជុំ​ដែល​គេ​ដឹង​ថា​នឹង​រៀបចំ​ធ្វើ​នៅ​ភ្នំពេញ​ក្នុង​អំឡុង​ចុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ​នឹង​មាន​ការ​ចូល​រួម​ពីសំណាក់​ភាគី​ជម្លោះ​នានា​នៃ​ប្រទេស​នេប៉ាល់​ដែល​ជា​រួម​មាន​គណបក្ស​នយោបាយ​ធំៗ​៣​និង​គណបក្ស​តូចៗ​មួយចំនួន​ទៀត។ ​ប្រភព​ឱ្យ​ដឹង​ទៀត​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ដឹកនាំ​កិច្ចប្រជុំ​នោះ​ដោយ​ផ្ទាល់​ដោយ​គ្មាន​ការ​សម្រប​សម្រួល​ពី​សំណាក់​ប្រទេស​មហា​អំណាច​ណាមួយ​ទេ។

ការ​ជ្រើសរើស​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ទីកន្លែង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដោយសារ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដោយ​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល​មកជា​ប្រទេស​ដែល​មាន​សន្តិភាព​ពេញលេញ។​លក្ខណៈ​សម្បត្តិ​នេះ​ហើយ​ដែល​ធ្វើឱ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី​ដែល​ហៅ​កាត់​ថា ​ICAPP​ និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​ហៅកាត់​ថា ​CAPDI ​សម្រេច​ចិត្ត​ជ្រើសរើស​យក​កម្ពុជា​ជាទី​ជួប​ចរចា​រកដំណោះស្រាយ​នយោបាយ​ឱ្យ​ប្រទេស​នេប៉ាល់។​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​គេ​ទទួល​បាន​ពី​ស្ថាប័ន​អន្តរជាតិ​ទាំងពីរ​ខាងលើ។

លោក​ខៀវ​ កាញារីទ្ធ ​បាន​ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា​ជា​កិត្តិយស​ដ៏​ធំធេង​មួយ​របស់​ប្រទេស​និង​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ចែក​រំលែក​បទពិសោធន៍​របស់​ខ្លួន​ឱ្យ​ដល់​ប្រទេស​ដទៃ។ កងទ័ពវិស្វកម្ម​ផ្នែក​ដោះមីន​កម្ពុជា​ក៏​បាន​ប្រើប្រាស់​បទពិសោធន៍​របស់​ខ្លួន​ដើម្បី​បុព្វហេតុ​សន្តិភាព​ក្នុង​ប្រទេស​ជា​ច្រើន​រួច​មក​ហើយ​ក្រោម​ឆ័ត្រអង្គការ​សហប្រជាជាតិ។

គួរ​កត់សម្គាល់​ថា​ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​បណ្តា​ប្រទេស​ដែល​មាន​សង្គា្រម​ស៊ីវិល​ទាំង​ឡាយ​កំពុង​ចាប់​អារម្មណ៍​លើ​កម្ពុជា​ក្នុង​ការ​ដកស្រង់​បទពិសោធន៍​អំពី​ការ​រំលត់​ភ្លើង​សង្គ្រាម​ចេញ​ពី​ប្រទេស ​និង​ការ​បោស​សម្អាត​គ្រាប់មីន​ដែល​នៅ​សេស​សល់​ពី​សម័យ​សង្គ្រាម​។ កាលពី​ថ្ងៃ​ទី​១៩​មករា​ឆ្នាំ២០១១​នេះ ​រដ្ឋមន្ត្រី​ការបរទេស​កូឡុំប៊ី ​លោកស្រី ​Maria Angela Holguin​ ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ហើយ​បាន​អះអាង​ពី​ការ​ចង់​ដកស្រង់​បទពិសោធន៍​ពី​កម្ពុជា​អំពី​បញ្ហា​នេះ​ផង​ដែរ។

ប្រសិន​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ​ប្រទេស​នេប៉ាល់​ដែល​ជួប​នឹង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នោះ ​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​សម្រេច​ចិត្ត​ប្រើប្រាស់​ទឹកដី​កម្ពុជា ​និង​បទពិសោធន៍​របស់​ប្រទេស​នេះ​ដើម្បី​ចរចា​រក​សន្តិភាព​ឱ្យ​ប្រទេស​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ