អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ២០១៣​ ដ៏​ស្មុគស្មាញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​សុក្រ គណៈកម្មាធិការ​ណូបែល​ បាន​​សំរេច​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាពឆ្នាំ​២០១៣ អោយ​ទៅ​អង្គការ​​ទទួលបន្ទុក​ហាមឃាត់​អាវុធ​គីមី ដែល​ហៅកាត់ថា OIAC។ អង្គការOIAC នេះ​ទើប​បាន​ទទួលបន្ទុក​កំទេច​អាវុធគីមី​​ និង​ទីតាំង​ពាក់ព័ន្ធ​អាវុធគីមី​របស់​រដ្ឋាភិបាល​ស៊ីរី ក្នុង​ក្របខណ្ឌ​នៃ​​​កិច្ចព្រមព្រៀង​រុស្ស៊ី-អាមេរិក ស្តីពី​ការកំទេច​អាវុធគីមី​នៅ​ស៊ីរី កាលពី​ចុង​ខែ​កញ្ញា​កន្លងទៅ។ គណៈកម្មាធិការ​ណូបែល​ចង់​លើកតំកើង​ភាពប្រឹងប្រែង​ការងារ​របស់​អង្គការ​មួយនេះ។ តើពានរង្វាន់ណូបែល​នោះតំណាង​អ្វីពិតប្រាកដទៅ? តើអង្គការ OIAC ​ម្ចាស់​ជ័យលាភី​នេះ​ ពិត​ជា​មាន​សមត្ថភាព​ទទួលបាន​ជោគជ័យ​នេះដែររឺទេ?

លោក Ahmet Uzumcu ប្រធានអង្គការ​ហាមឃាត់​អាវុធគីមី OIAC
លោក Ahmet Uzumcu ប្រធានអង្គការ​ហាមឃាត់​អាវុធគីមី OIAC REUTERS/Toussaint Kluiters/United Photos
ផ្សាយពាណិជ្ជកម្ម

អង្គការ​​ទទួលបន្ទុក​ហាមឃាត់​អាវុធ​គីមី ហៅកាត់ថា OIAC ​ជា​ម្ចាស់ពានរង្វាន់ណូបែល​សន្តិភាព​ឆ្នាំ​២០១៣។ អង្គការ​នេះ​​បាន​ចាប់កំណើត​ឡើង ឆ្នាំ​១៩៩៧។ ​បេសកកម្ម​​ចម្បង​​គឺ​ត្រួត​ពិនិត្យ​​ការ​កម្ទេច​អាវុធ​គីមី និង​​​​ចាត់​វិធាន​ការ​បិទ​បញ្ចប់​ការ​ផលិត​អាវុធគីមី ស្របតាម​អនុសញ្ញា​ហាមឃាត់​អាវុធគីមី ចុះហត្ថលេខា​នៅក្រុងប៉ារីស ខែ​មករា ឆ្នាំ១៩៩៣។ ថ្វីដ្បិត​តែ​អង្គការ​​នេះ​មាន​សមាជិក​មក​ពី​១៨៩ប្រទេស​​ក្តី អង្គការ​​​មិនសូវបាន​គេស្គាល់​ជា​សាធារណៈ​​នោះទេ។ ទើបតែ​ពេល​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​កាលពី​ថ្ងៃ​សុក្រ​នេះ​ប៉ុណ្ណោះ ទើប​គេគ្រប់គ្នា​ចាប់អារម្មណ៍​។

អ្វី​ដែល​គេចាប់អារម្មណ៍​លើសពី​នេះ គឺ​ថា អង្គការ​នេះទើបតែ​ទទួល​បេសកម្ម​កំទេច​អាវុធ​គីមី និង​ទីតាំង​ពាក់ព័ន្ធ​អាវុធគីមី​នៅស៊ីរី​​ ក្នុង​ក្របខណ្ឌ​នៃ​​​កិច្ច​ព្រមព្រៀង​​​រុស្ស៊ី-អាមេរិក ស្តីពី​ការកំទេច​អាវុធគីមី​នៅ​ស៊ីរី។ ដូច្នេះ​ គេ​អាច​គិតបាន​ថា​​ ពានរង្វាន់​​ណូបែលសន្តិភាព​ ​ឆ្នាំ២០១៣នេះ ដោយ​ប្រយោល​​ វា​ជា​ផ្លែផ្កា​នៃ​កិច្ចព្រមព្រៀង​​រុស្ស៊ី-អាមេរិក នេះ​ហើយ។ ​ វា​​អាច​ជាពានរង្វាន់​លើកសរសើរ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ដែល​ខំ​ប្រឹងប្រែង​​​អោយ​​សំរេច​បាន​​កិច្ចព្រមព្រៀងនេះ​​​ ដើម្បីចៀសវាង​មិនអោយ​អាមេរិក​ និង​បារាំង​ធ្វើអន្តរាគមន៍​យោធា​ នៅស៊ីរី។ ​រឺ​ក៏​អាច​ថា វា​ជា​ពាន​​​​កោតសរសើរ​ប្រធានាធិបតី​ស៊ីរី​ បាស្ហារ អាល់ អាសាដ ​ដែល​​​ព្រម​សហការ​អោយ​​​អង្គការ​ OIAC បានចុះ​ទៅ​​កំទេច​អាវុធ​គីមី នៅ​ស៊ីរី​ផងដែរ។

ប៉ុន្តែ​ ទាក់ទង​​កិច្ចព្រមព្រៀង​កំចាត់អាវុធគីមី​នោះ​វិញ សម្ព័ន្ធ​ប្រឆាំង​សំខាន់​ស៊ីរី​ដែល​បាន​ចោទ​លោក​អាសាដ ថា​បានប្រើអាវុធគីមី​សម្លាប់​ជនស៊ីវិល​នោះ បាន​ចោទ​នាពេល​ថ្មីៗ​នេះ​ថា សេចក្តីសំរេច​អង្គការ​សហប្រជាជាតិ​អោយ​មាន​ការកំទេច​អាវុធគីមី​​ស៊ីរី​នោះ វា​ជា​ការ​អនុញ្ញាត​អោយ​រដ្ឋាភិបាល​ស៊ីរី​រួចផុតពី​ការដាក់ទណ្ឌកម្មទៅវិញទេ ហើយ​សហគមន៍​អន្តរជាតិ​គិតតែ​ពី​ចាប់អារម្មណ៍​​លើ​អាវុធគីមីដែល​ជា​ឧបករណ៍សម្លាប់​មនុស្ស​ប៉ុណ្ណោះ​ បណ្តោយ​អោយ​ឃាតករ​រួចផុតពីការ​កាត់ទោស។

សម្ព័ន្ធ​ប្រឆាំង​ស៊ីរី​នេះ ត្រូវ​បា​នគាំទ្រ​ដោយ​បណ្តា​បស្ចិម​ប្រទេស​ជាច្រើន​ ដូច​ជា​បារាំង អង់គ្លេស​ជាដើម។ ដូច្នេះ ការ​ចោទ​ប្រកាន់​របស់​​សម្ព័ន្ធ​ប្រឆាំង​​បែបនេះ​ អាច​អោយ​គេ​គិតថា ការងារ​របស់​អង្គការ​​ OIAC គ្មាន​ប្រយោជន៍​ធំដុំ​នោះទេ ដរាបណា​​រដ្ឋាភិបាល​លោកអាសាដ នៅតែ​រួច​ខ្លួន​ពី​បទ​ឧក្រិដ្ឋ​នោះ។ អញ្ចឹង​ មិនមានន័យថា ពានរង្វាន់​ណូបែលសន្តិភាព​ឆ្នាំ​២០១៣ គឺ​ជា​ការ​ជំរុញ​អោយ​​មានបរាជ័យ​សន្តិភាព​ទៅវិញទេ មែនទេ​?

លើសពីនេះទៅទៀត បើ​យើង​គិតថា​ ពានរង្វាន់ណូបែល​សន្តិភាព​ជាផ្លែផ្កា​​​​នៃ​កិច្ច​ព្រមព្រៀង​អាមេរិក​-​រុស្ស៊ី ហើយ​​បើមើល​ទៅ​អាមេរិក និង​រុស្ស៊ី គឺថា​ម្នាក់ៗ​ធ្វើ​ហាក់ដូច​ជា​ចង់​កំទេច​អាវុធគីមី​អោយអស់​ពីស៊ីរី​ណាស់ តែ​ងាក​មើល​អាមេរិក​និង​រុស្ស៊ី ខ្លួនឯង​ផ្ទាល់​​នៅ​មិនទាន់​បាន​កំទេច​អាវុធ​គីមី​អោយអស់​ពី​ទឹកដី​ខ្លួន​ផង គិតចាប់​ពី​ចុងទស្សវត្សរ​ឆ្នាំ​១៩៩០មក។ ដូច្នេះ ធ្វើម្តេច​នឹង​អាចក្លាយ​ជា​គំរូ​សន្តិភាព​បាន​ទៅកើតទៅ?

ទោះយ៉ាងនេះក្តី គណៈកម្មាធិការ​ណូបែលបានខំ​បញ្ជាក់​ប្រាប់តាម​គេហទំព័រ​Tweeter ថា ជ័យលាភី​ណូបែល​​នេះ គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ស៊ីរី​ឡើយ​។ ប៉ុន្តែ យើង​ពិបាក​​​គិត​ដូច្នោះ​ណាស់ ព្រោះថា​​ អង្គការ​​ហាមឃាត់​អាវុធ​គីមី OIACនេះ ទើបតែ​ទទួល​បេសកកម្ម​កំទេច​អាវុធគីមី​នៅស៊ីរី​ ហើយ​កិច្ចចរចា​ស្វិតស្វាញ​រវាង​ប្រទេស​មហាអំណាច​ធំៗទាំង​២ គឺ​អាមេរិក​ និង​រុស្ស៊ី រហូត​​សំរេច​ចេញ​កិច្ចព្រមព្រៀង​កំទេច​អាវុធគីមី នៅស៊ីរី​នេះ​ទៀតសោត​ ​ក៏ជា​ហេតុការណ៍​សំខាន់​កើតឡើង​ក្នុង​ឆ្នាំ​២០១៣នេះដែរ។

​​​ឥលូវ​ងាក​មក​មើល​​​ពី​សមត្ថភាព​អង្គការ​ OIAC ​ក្នុង​ការ​ទទួល​ឈ្មោះ​ជា​​ម្ចាស់​ពាន​រង្វាន់​ណូបែល​​​សន្តិភាព​ឆ្នាំ​២០១៣ វិញម្តង​។ អង្គការ​នេះឯង ​បាន​ទទួលបន្ទុក​​កំទេច​អាវុធគីមី​នៅអាមេរិក​និង​រុស្ស៊ី​។ កាលពី​ឆ្នាំ​១៩៩៣ ​​រុស្ស៊ី​មាន​អាវុធ​គីមី​៣ម៉ឺនតោន រីឯ​អាមេរិក​មាន​អាវុធគីមី ៤ម៉ឺនតោន។

ហើយ​កាលពីចុង​ទស្សវត្សរ​ឆ្នាំ​១៩៩០ អាមេរិក​និង​រុស្ស៊ី បាន​ព្រមព្រៀង​អោយ​អង្គការ​ OIACចូល​ទៅ​​បេសកកម្ម​ក្នុង​ទឹកដី​ខ្លួន។ បេសកកម្ម​កំទេច​អោយអស់​នូវ​​អាវុធ​​ សរុប​៧ម៉ឺនតោន​ របស់​ប្រទេស​ទាំង២ ​នោះ មានភាព​ស្មុគស្មាញ។ រហូត​មកដល់ពេលនេះ អង្គការ​ OIAC នៅ​មិនទាន់​បញ្ចប់​ការងារ​ខ្លួន​នៅឡើយ​ទេ។ អ្នកជំនាញ​គិត​ថា ការងារ​នេះ​​នឹង​ចប់សព្វគ្រប់​ នៅ​ដើម​​​ទស្សវត្សរ​​​ក្រោយ​​ឯណោះ អង្គការ​នេះ​​ត្រូវការ​ពេលវេលា​​សរុប​ប្រមាណ​២៥ឆ្នាំ​ ដើម្បី​កំទេច​អាវុធ​នេះអស់។

បើការងារ​កំទេច​អាវុធ​​របស់​អង្គការ​ OIAC នៅ​មានភាព​យឺតយ៉ាវ​បែបនេះ គណៈ​កម្មាធិការ​ណូបែល​ចង់​និយាយអ្វីទៅវិញទៅ ទាក់ទង​​កិច្ច​ប្រឹងប្រែង​​​​របស់​អង្គការ​នេះ​? នៅពេល​នេះ អង្គការ​OIAC ​ត្រូវ​​កំទេច​អាវុធ​គីមី​នៅស៊ីរី​ទៀត ហើយ​​មានពេល​តែ​១០ខែ​ប៉ុណ្ណោះ ដើម្បី​បញ្ចប់​បេសកកម្ម​ការងារ។ ​បរិមាណ​អាវុធគីមី​​ស៊ីរី ​មាន​​១ពាន់តោន។ ក្នុង​បេសកកម្ម​ការងារ​​ អង្គការ​ត្រូវ​​ប្រឈមមុខ​នឹង​អសន្តិសុខ​ការ​ងារ​ដែលបង្ក​ដោយសង្គ្រាម​រ៉ាំរ៉ៃ​នៅស៊ីរី​ទៀត​។ ​ ជាច្រើន​ឆ្នាំ​មកហើយ អង្គការ​OIAC មិន​ទាន់បញ្ចប់​ការកំទេច​អាវុធ​គីមី​​នៅអាមេរិកនិង​រុស្ស៊ី​ដែល​ជា​ប្រទេស​មាន​សុខសន្តិភាព​បាន​ផង តើ​អាច​នឹង​បញ្ចប់​ការងារ​​ នៅស៊ីរី​ ក្នុង​រយៈ​ពេល​ត្រឹម​១០ខែ​ ម្តេច​បានទៅ?

​ដូច្នេះ យើង​ពិបាក​នឹង​វាយតំលៃ​បានណាស់ ពីអត្ថន័យពិតប្រាកដ​នៃ​ពានរង្វាន់​ណូបែល​ឆ្នាំ​២០១៣ ដែល​​​​គណៈ​កម្មាធិការ​ណូបែល​សំរេច​ប្រគល់​អោយ​អង្គការ​ហាមឃាត់អាវុធ​គីមី​នេះ។ យើង​អាច​ត្រឹម​និយាយ​​​ថា ​ពានរង្វាន់​ណូបែល​សន្តិភាពនេះ​ជា​ពាន​រង្វាន់​​ដ៏ស្មុគស្មាញ និង​ហាក់ដើរ​បញ្ច្រាស​ទិស​ទៅនឹង​អត្ថន័យ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ