អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ផ្តើម​វាយប្រហារ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០​ឧសភា​នេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​លើកឡើង​ថា ការ​បត់​បែន​របស់​ព្រះអង្គ​ពេលនេះ តាមរយៈ​ការរួបរួម​រវាង​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ក្រោម​ការ​ឧបត្ថម្ភ​​គាំទ្រ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន គឺជា​មធ្យោបាយ​តែ​មួយគត់ សម្រាប់​ចូលរួម​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​។ ក្នុង​ពេល​ជួបជុំ​សកម្មជន​គណបក្ស​នរោត្តម រណឫទ្ធិ ធ្វើ​យុទ្ធនាការ ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​បរិវេណ​វត្តភ្នំ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏​បាន​ទិតៀន​ចំៗ​លើ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស របស់​លោក​កឹម​សុខា គឺ​គណបក្ស​ប្រឆាំង​ទាំង​ពីរ មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រទេសជាតិ រួមមាន​៖ បញ្ហា​ពុករលួយ និង​ការរំលោភ​ដីធ្លី​បាន​ឡើយ​។​

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ
ផ្សាយពាណិជ្ជកម្ម

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា មានតែ​ការវិល​ត្រលប់​របស់​ព្រះអង្គ ទៅកាន់​ហ្វ៊ុនស៊ិនប៉ិច​វិញ​ទេ ទើប​អាច​ប្រមូល​កម្លាំង​អ្នករាជានិយម បូក​បញ្ចូល​ជាមួយ​នឹង​កម្លាំង​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន​។ ធ្វើ​របៀប​នេះ យើង​នឹង​អាចឈាន​ទៅ​រក​ការបង្រួបបង្រួម​ផង និង​អាច​ដោះស្រាយ​បញ្ហា​ជាតិ​ជា​ច្រើន ដូចជា បញ្ហាដីធ្លី និង​បញ្ហា​ពុករលួយ ជាដើម​។ តាម​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ របត់​ថ្មី​របស់​ព្រះអង្គ​ពេលនេះ នឹង​អាច​ឈាន​ទៅរក​ការបង្រួបបង្រួម​ផង និង​ការចូលរួមចំណែក​ក្នុង​ការដោះស្រាយ​បញ្ហា​ជាតិ​ផង​។

ផ្ទុយទៅវិញ ចំពោះ​មុខ​អ្នកកាសែត នៅ​ព្រឹក​មិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​លើក​ពី​សារៈសំខាន់​នៃ​ការឧបត្ថម្ភ​​គាំទ្រ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដល់​ការបង្រួបបង្រួម​រវាង​ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​របស់​ព្រះអង្គ ដែល​ឈាន​ដល់​ការចុះ​កិច្ចព្រមព្រៀង កាលពី​ថ្ងៃ​២៤​ឧសភា​។
​ព្រះអង្គម្ចាស់ ក៏​បាន​រម្លឹក​ព្រះរាជបន្ទូល​របស់​សម្តេច​ឪ នរោត្តម សីហនុ ក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះអង្គ កាលពី​ខែ​តុលា ចំពោះ​ការ​អំពាវនាវ​អោយ​អ្នក​នយោបាយ​រួបរួមគ្នា​។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ចាប់​អារម្មណ៍​ព្រះរាជបន្ទូល​របស់​សម្តេច​ឪ ដែល​ព្រះអង្គ​មាន ព្រះរាជឱង្ការ​​ថា “​ហ្លួង និង​សម្តេច ហ៊ុន សែន​”​។ ពាក្យ​ពីរ​ម៉ាត់​នេះ ត្រូវបាន​ព្រះអង្គម្ចាស់​ចាត់​ទុក​ថា មាន​ន័យ​ស្មើ​នឹង​សហប្រតិបត្តិការ​រួបរួម​គ្នា​រវាង​ព្រះអង្គ និង​លោក​នាយករដ្ឋមន្ត្រី​។

ជាមួយ​គ្នា​នោះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏​បាន​លើក​ឡើង​ថា ការ​បោះឆ្នោត​ឲ្យ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺ​ដូច​ជា​បោះ​ចូល​ទឹក​ទន្លេ​។ ព្រះអង្គ​ពន្យល់​ថា ក្នុង​រយៈពេល ៤ អាណត្តិ​កន្លង​មក គណបក្ស​ប្រឆាំង​មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​ជូន​ប្រជាជន​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ