អានតួអត្ថបទ
កម្ពុជា

គណបក្ស​នរោត្ត​មរណឫទ្ធិ និង​ហ៊្វុនស៊ិនប៉ិច​ជំរុញ​អោយ​សមាជិក​បោះឆ្នោត​អោយគ្នា​ទៅ​វិញ​ ទៅមក

គណបក្ស​នរោត្តម​រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិចប៉ិច​បាន​ធ្វើ​សេចក្តី​ណែនាំរួម​មួយ​ជំរុញ​អោយ​សមាជិក​របស់​ខ្លួន​បោះឆ្នោត​អោយគ្នា​ទៅវិញ​ទៅមកសម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០១២​ខាង​មុខ​នេះ។ គណបក្ស​ណា​ដែល​មិនមាន​បេក្ខជន​ឈរឈ្មោះ​ត្រូវ​ជំរុញ​អោយ​សមាជិករបស់​ខ្លួន​បោះ​ឆ្នោត​អោយ​គណបក្ស​ដៃគូ។

ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ហ៊្វុនស៊ីនប៉ិច និង​នរោត្តម រណឫទ្ធិ
ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ហ៊្វុនស៊ីនប៉ិច និង​នរោត្តម រណឫទ្ធិ ©RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

គណបក្ស​នរោត្តម​រណឫទ្ធិ​ដែល​មាន​ព្រះអង្គ​ម្ចាស់​នរោត្តមរណឫទ្ធិ​ជាប្រធាន​​និង​គណបក្ស​ហ៊្វុនស៊ិចប៉ិច​ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​ប្រធានបតិបត្តិ​នៃ​គណបក្ស​បាន​ចេញ​សេចក្តី​ណែនាំ​រួមគ្នា​មួយ​​នៅ​ថ្ងៃ​អាទិត្យ​នេះ ជំរុញ​អោយ​សមាជិក​សមាជិការ​ថ្នាក់​ក្រោម​នៃ​គណបក្ស​ទាំង​ពីរ​អនុវត្តគោលការណ៍​មួយ​ចំនួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នាពេល​ខាងមុខនេះ។

គោលការណ៍​ទី​មួយ៖គណបក្ស​មួយ​ណា​ដែល​មិន​បាន​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​ គណបក្ស​នោះ​ត្រូវ​តែ​ប្រមែមូល​សមាជិក​សមាជិការ​របស់​ខ្លួន​អោយ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​មួយ​ទៀត​ជា​ដៃ​គូរ​ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ។ គោលការណ៍​ទី​២៖​ត្រូវ​ផ្តល់​លទ្ធភាព​អោយ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ឃុំ​សង្កាត់​និង​ភូមិ​នៃ​គណបក្ស​ទាំងពីរ​សហការ​គ្នា​និង​ជួយគ្នា​ទៅវិញ​ទៅមក​ដោយ​ពលិកម្ម​ខ្ពស់​និង​ស្មោះត្រង់​ដើម្បីស្វែង​រក​មធ្យោបាយ​យក​ជ័យជំនះ​អោយ​បាន​ជា​អតិបរិមា​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់​និងគោលការណ៍​ទី​៣៖ភ្នាក់ងារ​សង្កេតការណ៍បោះឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ​ត្រូវ​សហការគ្នា​ ជួយគ្នា​ទៅវិញ​ទៅមក​ក្នុងពេល​បោះឆ្នោត​​និង​ពេល​រាប់​សន្លឹកឆ្នោត។

សូម​បញ្ជាក់​ថា សេចក្តី​ណែនាំរួម​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​អាទិត្យ​ទី​២៧​ឧសភា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួមគ្នា​មួយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក​​ដើម្បី​បញ្ជាក់​ពី​ការរួបរួម​គ្នា​ឡើងវិញ។ សេចក្តី​ប្រកាស​រួម​រវាង​គណបក្ស​ទាំងពីរ​កាល​ពី​ថ្ងៃព្រហស្បតិ៍​កន្លងមក​ មាន​ខ្លឹមសារ​សំខាន់​ពីរ​យ៉ាង​គឺ ទី១៖​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ យល់ព្រម​សហការគ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ ក្នុងពេល​ បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៣​មិថុនា​ខាងមុខនេះ។ និង​ទី២៖បន្ទាប់​ពី​ការ​បោះឆ្នោត​រួច​ គណបក្ស​ទាំងពីរ​នឹង​រួបរួម​គ្នា​នៅ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តែ​មួយ​ឡើង​វិញ​ដើម្បី​ចូលរួម​បោះឆ្នោត​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣។

បើ​យោង​តាម​កិច្ច​ព្រមព្រៀង ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នឹង​ក្លាយ​ទៅជា​ព្រះប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច ឡើង​វិញ ហើយ​លោក​ ញឹក ប៊ុនឆៃ ជា​អនុប្រធាន។

គួរ​កត់​សម្គាល់​ថា ការបង្រួបបង្រួម​គ្នា​រវាង​គណបក្ស​អតីត​បងប្អូន​គូសត្រូវ​ទាំងពីរ ​បានធ្វើ​ឡើង​ក្រោម​កិច្ចសម្របសម្រួល​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ