កូរ៉េខាងត្បូង៖ កូរ៉េខាងជើងនៅតែបាញ់មីស៊ីលញុះញង់
កូរ៉េខាងជើងបានបាញ់មីស៊ីល ចម្ងាយជិត បីគ្រាប់ នៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នៅព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូងប្រកាសចាត់ទុកសកម្មភាពរបស់ទីក្រុងព្យុងយ៉ាងថា ជាអំពើញុះញង់។ ជាមួយគ្នានេះ សេអ៊ូលបានទាមទារផងដែរឲ្យព្យុងយ៉ាងត្រលប់ចូលតុចរចាឡើងវិញ ជាពិសេសព្យុងយ៉ាងត្រូវលើកចោលនូវការផ្អាកបិទតំបន់ឧស្សាហកម្ម Kaesong។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
កូរ៉េខាងជើងបានបាញ់មីស៊ីលបីគ្រាប់ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ បើតាមក្រសួងកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការព្រំដែន ការបាញ់មីស៊ីលរយៈចម្ងាយជិតរបស់កូរ៉េខាងជើងអាចធ្វើឡើងនៅក្នុងសមយុទ្ធរបស់ប្រទេសនេះ។ នៅព្រឹកថ្ងៃអាទិត្យនេះ នៅខណៈពេលដែលអគ្គលេខាធិការអង្គការសហប្រជាជាតិទើបបង្ហាញក្តីសង្ឃឹមរបស់លោកថា កូរ៉េខាងជើងអាចនឹងបញ្ឈប់បាញ់មីស៊ីល ជាថ្មីនោះ កូរ៉េខាងជើងបែជាបានបាញ់មីស៊ីលមួយគ្រាប់ទៀត។
យោងតាមក្រសួងកូរ៉េខាងត្បូង មីស៊ីលបីគ្រាប់ដែលកូរ៉េខាងជើងបាញ់ កាលពីថ្ងៃម្សិលមិញ ជាមីស៊ីលដែលគេបានកែច្នៃ និងប្រើសម្រាប់កម្ទេចនាវា។ វាអាចបំផ្លាញគោលដៅដែលស្ថិតនៅចម្ងាយប្រមាណ១២០គីឡូម៉ែត្រ។ បើទោះជាមីស៊ីលអាចបាញ់ក្នុងចម្ងាយជិត ប៉ុន្តែ ទីក្រុងសេអ៊ូលដែលជាភាគីសត្រូវនៅតែចាត់ទុកថា ជាគ្រោះថ្នាក់ និងការគំរាមកំហែងដល់សន្តិសុខខ្លួន។
កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូង អាមេរិក ជប៉ុន និងអាមេរិកមានការព្រួយបារម្ភខ្លាំង ដែលឃើញកូរ៉េខាងជើងដំឡើងគ្រាប់មីស៊ីល « Musudan » ពីរគ្រាប់ ទៅក្បែរទឹកដីកូរ៉េខាងត្បូង។ កូរ៉េខាងជើងអាចប្រើគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមធុននេះ ដើម្បីវាយប្រហារយ៉ាងងាយកូរ៉េខាងត្បូង ជប៉ុន ឬទឹកដីអាមេរិក។ ប៉ុន្តែ បើតាមអ្នកជំនាញការអាមេរិក កាលពីដើមខែឧសភានេះ រដ្ឋអំណាចក្រុងព្យុងយ៉ាងបានសម្រេចដកគ្រាប់មីស៊ីលទំាង ២គ្រាប់នោះចេញពីជើងតម្កល់បាញ់របស់វាទៅវិញ។
បើតាមអ្នកជំនាញ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញ ទំនងជាធ្វើឡើង ដើម្បីឆ្លើយតបនឹងសមយុទ្ធជើងទឹករួមរបស់អាមេរិក និងកូរ៉េខាងត្បូងដែលបានធ្វើឡើង នៅក្នុងសប្តាហ៍នេះ។ កូរ៉េខាងជើងបានចាត់ទុកសមយុទ្ធរួមរវាងអាមេរិក និងកូរ៉េខាងត្បូងថា មានចរិតញុះញង់ និងត្រៀមប្រកាសសង្រ្គាម ជាមួយកូរ៉េខាងជើង។
រហូតមកដល់ពេលនេះ ភាពតានតឹងនៅឧបទ្វីបកូរ៉េនៅតែមិនទាន់ថមថយ។ អង្គការសហប្រជាជាតិបានសម្រេចដាក់ទណ្ឌកម្មថ្មីប្រឆាំងទីក្រុងព្យុងយ៉ាង ជាការឆ្លើយតបទៅនឹងការផ្គើនបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង កាលពីខែកុម្ភៈកន្លងទៅនេះ។ របបកុម្មុយនិស្តរឹតតែបង្កើនការគំរាមកំហែង និងបាញ់សាកល្បងមីស៊ីលកាន់ញឹកញាប់ជាងមុន ជាពិសេស នៅពេលឃើញទ័ពកូរ៉េខាងត្បូង និងអាមេរិកធ្វើសមយុទ្ធជាមួយគ្នា នៅសមុទ្រជប៉ុន ដែលនៅក្នុងនោះក៏មានប្រើយន្តហោះB2 និងB52 ដែលមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ