អានតួអត្ថបទ
កូរ៉េ​ខាង​ជើង

កូរ៉េខាងជើង​ដំឡើង​មីស៊ីល​ថ្មី​ពីរគ្រឿង​បន្ថែម​ទៀត​

កូរ៉េ​ខាង​ជើង​​ទើបតែ​បាន​ដំឡើង​មីស៊ីល​ថ្មី​​ពីរ​គ្រឿង​បន្ថែម​ទៀត នា​ពេល​ថ្មីៗនេះ​​ នៅឆ្នេរ​ភាគ​ខាង​កើត​​​ប្រទេស​​។ នេះ​បើ​យោង​តាម​ការ​លើកឡើង​​​​​របស់​សារព័ត៌មាន​​​ Yonhap នៅ​​កូរ៉េ​​ខាង​ត្បូង នៅ​ថ្ងៃ​អាទិត្យ​នេះ។ មីស៊ីល​​ទាំង​ពីរ​​ថ្មី​​​នេះ ជា​ប្រភេទ​មីស៊ីល​Scud បាញ់បាន​រយៈ​ចំងាយ​​ខ្លី។ ទង្វើ​នេះ​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​ត្រៀម​កំពុង​ត្រៀម​​សាកល្បង​​បាញ់​​មីស៊ីល​ជា​ថ្មី​ម្តងទៀត។

មីស៊ីល​ Scud-B របស់​ក្រុងព្យុងយ៉ាង​
មីស៊ីល​ Scud-B របស់​ក្រុងព្យុងយ៉ាង​ REUTERS/Lee Jae-Won
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​​​ Yonhap នៅ​​កូរ៉េ​​ខាង​ត្បូង បាន​​ប្រាប់​​​នៅ​ថ្ងៃ​អាទិត្យ​នេះ​​ថា ​​កូរ៉េ​ខាង​ជើង​​​​ទើប​តែ​បាន​ដំឡើង​មីស៊ីល​ថ្មី​ពីរ​គ្រឿង​បន្ថែម​ទៀត​ នៅ​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស។ មីស៊ីល​ពីរ​ថ្មីរបស់​ក្រុង​ព្យុងយ៉ាង​​នេះ ជា​ប្រភេទ​មីស៊ីល​Scud បាញ់បាន​រយៈ​ចំងាយ​​ខ្លី។ សារព័ត៌មាន​​​ Yonhap បាន​ទទួល​​ព័ត៌មាន​នេះ​ពី​អ្នកទទួល​ខុសត្រូវ​ជាន់​ខ្ពស់​​​មួយរូប​ នៅ​កូរ៉េ​ខាងត្បូង។

យោងតាម​​សារព័ត៌មាន​​​​នេះ កូរ៉េ​ខាង​ត្បូង​បាន​រកឃើញ​ថា ក្រុងព្យុងយ៉ាង​ទើបតែ​បាន​​ដំឡើង​មីស៊ីល​ថ្មី​​ទាំង​ពីរ​នេះ នៅ​ក្រោយ​ថ្ងៃ ១៦ មេសា កន្លង​ទៅ​ប៉ុណ្ណោះ។ ក្រសួង​​ការពារជាតិ​កូរ៉េ​ខាងត្បូងពុំ​ទាន់​បាន​បញ្ជាក់​អះអាង​ថា​តើ​​ព័ត៌មាន​នេះ ជា​ការ​ពិត​​​រឺ​ក៏​យ៉ាងណា​នៅ​ឡើយ​ទេ។

​​​​ភ្នាក់ងារ​ស៊ើបការនានា​​នៅ​​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​ថា នា​ពេល​ថ្មីៗ​នេះ កូរ៉េ​ខាង​ជើង​​​បាន​ដំឡើង​មីស៊ីល​ចំនួន​៧ នៅ​ឆ្នេរ​ភាគ​ខាង​កើត​នោះ​។ ក្នុង​ចំណោម​មីស៊ីល​ទាំង​៧ មាន​មីស៊ីល​ពីរ​​​​ជា​ប្រភេទ​​​ Musudan ដែល​អាច​បាញ់​បាន​ចំងាយ ​​៤០០០ គីឡូម៉ែត្រ​។ ដូច្នេះ ​តាម​រយៈ​ចំងាយ​នេះ កូរ៉េ​​ខាង​ជើង​អាច​​បាញ់​មីស៊ីល​​វាយប្រហារ​​​​កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ និង​កោះ​​ Guam នៅ​សហរដ្ឋអាមេរិក​បាន ដូច​ជា​ការ​គំរាម​​របស់​ខ្លួន​យ៉ាងពិត​ប្រាកដ។

អស់​រយៈ​ពេល​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ដៃ​គូ​​​​នានា ​រង់ចាំ​មើល​ថា តើ​​កូរ៉​ខាង​ជើង​​​នឹង​បាញ់​​មីស៊ីលសារ​ជា​ថ្មី​​ដូច​​ដែល​ខ្លួន​ធ្លាប់​បាន​ប្រកាស​នោះ​ដែរ​រឺទេ។ អ្នកវិភាគ​នានា​ធ្លាប់​បាន​គិត​ថា ក្រុងព្យុងយ៉ាង​​នឹង​​បាញ់​មីស៊ីល​ក្នុង​កំឡុង​​ថ្ងៃ​​១៥មេសា ដើម្បី​រំលឹក​ខួប​១០១​ឆ្នាំ​នៃ​ការ​ចាប់​កំណើត​របស់​ស្ថាបនិក​​ Kim Il-Sung។ ប៉ុន្តែ​ គ្មាន​ការ​បាញ់​ណាមួយ​​បាន​ធ្វើ​ឡើង​​ដូច​ជាការ​គិត​នេះ​ទេ។ យោងតាម​សារព័ត៌មាន​​​ Yonhap ​​អ្នកទទួល​ខុសត្រូវជាន់ខ្ពស់​នៅ​​​​កូរ៉េ​ខាងត្បូង​មួយរូប​ទៀត បាន​​​រំពឹង​​ថា ការបាញ់​មីស៊ីល​នឹង​ធ្វើ​ឡើង​​នៅ​​​​ថ្ងៃ​២៥មេសា ដែល​ជា​ថ្ងៃ​ខួប​នៃ​ការ​បង្កើត​កងទ័ព​កូរ៉េ​ខាងជើង។

ទោះ​យ៉ាងណា​ក្តី ការ​ដែល​ក្រុង​ព្យុងយ៉ាង​ដំឡើង​មីស៊ីល​ច្រើន​គ្រឿង​​ជា​បន្តបន្ទាប់​​នោះ បញ្ជាក់​អោយ​​ឃើញថា​ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កំពុង​​​ត្រៀម​​សាកល្បង​​បាញ់​​មីស៊ីល​ជា​ថ្មី​ម្តងទៀត យ៉ាង​ពិត​ប្រាកដ។ ប្រសិន​បើ​​ក្រុងព្យុងយ៉ាង​បាញ់មីស៊ីល​សារជាថ្មី​មែន​នោះ ទង្វើ​នេះ​​ជា​ការ​​​ប្រឆាំង​​​​ទៅ​នឹង​សេចក្តី​សំរេច​​ចិត្ត​​របស់​អង្គការ​សហប្រជាជាតិ។

ក្រុងព្យុងយ៉ាង​​​​ធ្លាប់​​​​​​​ផ្គើន​សហគមន៍​អន្តរជាតិ​ និង​គំរាមវាយប្រហារ​​​​​​​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក​ ជា​ច្រើន​លើកច្រើន​សារ​មកហើយ​ ​ចាប់​​​ពី​​​ពេល​ដែល​អង្គកា​រ​សហប្រជាជាតិ បាន​​ដាក់​ទណ្ឌកម្ម​​ថ្មី​បន្ថែម​ទៀត​​ទៅ​កូរ៉េ​ខាង​ជើង​។ ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ ជា​ការ​ឆ្លើយតប​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​ ដែល​ក្រុងព្យុងយ៉ាង​បាន​ធ្វើ​ ​​កាល​ពី​ថ្ងៃ​១២​​​​កុម្ភៈ​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ