អានតួអត្ថបទ
ជប៉ុន-ចិន

នាវា​ល្បាត​ចិន​បើក​ចូល​កៀក​ជា​ថ្មី​នៅ​ប្រជុំ​កោះ​គ្រប់​គ្រង​ដោយ​ជប៉ុន​

នាវា​រដ្ឋាភិបាល​ចិន​៤​គ្រឿង នៅ​ថ្ងៃ​អាទិត្យ​៤​វិច្ចិកា​នេះ បាន​បើក​ចូល​ទៅ​ជិត​​​ប្រជុំ​​កោះ​ជាប់​ជម្លោះ​ជាមួយ​ជប៉ុន។ ប្រជុំកោះ ដែល​គ្រប់គ្រង​ដោយ​ប្រទេសជប៉ុន ​តែ​ចិននៅតែ​ទាម​ទារ​​​ជានិច្ច​ថា​ជា​បូរណភាព​ដែន​ដី​ខ្លួន។ ការ​លេច​មុខ​ជា​ថ្មីឡើងវិញ​នៃ​នាវា​ល្បាត​​ចិន​នៅ​ថ្ងៃ​នេះ​គឺធ្វើឡើង​ក្រោយពី​ នាវា​ល្បាត​ចិន​ជា​ច្រើន​គ្រឿង ធ្លាប់​បាន​បើក​ចូល​ទី​ប្រជុំ​កោះ​​ម្តង​រួច​មក​ហើយ​​កាលពី​ថ្ងៃ​សុក្រ​មុន។

នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ-ទៀវយូ ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន
នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ-ទៀវយូ ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

 

នាវា​ល្បាត​របស់​ចិនជាច្រើនគ្រឿង បាន​បើក​ចូល​ទៅ​ក្នុង​តំបន់​​ប្រមាណ ​ជា​២២​គម ​នៅ​ជុំវិញ​​ប្រជុំកោះ សេនកាគូ​ ហៅ​តាម​ជប៉ុន​ឬ​ទាវយូ​ហៅ​តាម​ចិន​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​​ថ្ងៃ​អាទិត្យ​៤​វិច្ឆិកា​នេះ​ក្នុងវេលាម៉ោង​១២​ម៉ោង​ប្រទេស​ជប៉ុន -នេះជាការបញ្ជាក់របស់ឆ្នាំ​សមុទ្រ​ជប៉ុន ។ ឆ្មាំ​ល្បាត​ជប៉ុន បាន​រក​ឃើញ​វត្តមាន នាវា​ចិន​ទាំង​៤គ្រឿង​នេះ ​​នៅ​ក្បែរកោះ Uotsuri  ដែល​កាលពី​ថ្ងៃ​សុក្រ​មុន នៅទីនេះ​ ​នាវា​ចិន​ជា​ច្រើន គ្រឿង ធ្លាប់​​បាន​បើក​ចូល​ ស្រេច​តែ​អំពើ​ចិត្ត​ម្តងរួច​មក​ហើយ។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន លោក  Chikao Kawai បាន​សម្តែង​ការ​ប្រឆាំង​យ៉ាង​ម៉ឺង​ម៉ាត់​​ទៅកាន់ ​ឯកអគ្គរដ្ឋទូតចិន​ លោក​ Cheng Yonghua  ​អំពី ​វត្តមាន​​នាវា​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​​ជប៉ុន ដែលលោក បានថ្លែងថា ​​សកម្មភាព​បែបនេះ ​​កាន់​តែ​​មានជាញឹកញាប់។​

អនុរដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ទៀតថា ការជ្រៀតជ្រែក​ចូល​ដែន​សមុទ្រ​ជប៉ុន​នេះ ​​ជាការ​បំផ្លាញ​​​ដល់​បរិយាកាស​ រវាង​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​មាន​គម្រោងការដើម្បី​​រក​ដំណោះ​ស្រាយ​​ក្នុងការ​បន្ធូរបន្ថយនូវ​ភាព​តានតឹង​នឹងគ្នា។ គួររំលឹកថា ដោយសារ​ជម្លោះ​ប្រជុំ​កោះ​តូច​នេះ ​ទំនាក់ទំនង ​រវាង​ទីក្រុង​ប៉េកាំង​និង​តូគ្យូ​ បានធ្លាក់​ចុះ​ដុន​ដាប​ជាលំដាប់​​​ចាប់តាំង​ពី​ពីរ​ខែ​មក​ហើយ។ ភាពតានតឹង​នេះ បាន​កើត​ឡើង​តាំងពី​ដើម​ខែ​កញ្ញា​មុន​ម៉្លេះនៅខណៈដែល​រដ្ឋាភិបាល​ជប៉ុន ​បានសម្រេចចិត្ត​ទិញ​កោះតូចៗជាច្រើន​នៃ​ប្រជុំ​កោះ​សេនកាគូ​​ឬទាវយូ ​ពី​ម្ចាស់​ជនជាតិជប៉ុន​ មកធ្វើជាសម្បត្តិ​របស់រដ្ឋ។ ពេល​នោះ​ហើយ​ដែល​ទីក្រុងប៉េកាំង បានខឹង​ក្រេវ​ក្រោធខ្លាំង ដោយបាន​​បញ្ជូន​នាវា​ខ្លួន​៦​គ្រឿង​​ទៅ​កាន់​ប្រជុំ​កោះ​ជាប់​ជម្លោះ​ជា​មួយ​ជប៉ុន និងបាន​បើក​ដៃ​ឲ្យ​មាន​បាតុកម្ម​ហិង្សា​ជា​ច្រើន​ប្រឆាំង​ជប៉ុន​អស់​រយៈ​​ពេល​​មួយ​សប្តាហ៍​នៅ​ទូទាំង​​ប្រទេស​ចិន។

បាតុកម្ម​ដែលប្រមូលផ្តុំមនុស្ស​រាប់សិបពាន់នាក់​នៅតាម​ទីក្រុងៗ​ធំ​ក្នុង​ប្រទេស​ជា​ពិសេស​នៅ​ទីក្រុង​​ប៉េកាំង​និង​បន្តរហូតដល់ពាក់​កណ្តាល​ខែ​កញ្ញា បាន​បង្ខំ​ឲ្យ​សហគ្រាស​ធំៗ​របស់​ជប៉ុន​ជាអាទិ៍​សហគ្រាស​ផលិត​រថយន្ត បញ្ឈប់​សកម្មភាព​ផលិត​កម្ម​របស់​ខ្លួន​មួយភាគ​ឬ​ក៏​ទាំង​ស្រុង​​ដែរ។ តាំងពីពេលនោះមក នាវាល្បាតសមុទ្រនិង​នាវានេសាទរដ្ឋបាលចិន ​ក៏ដូចជា​កប៉ាល់​ល្បាតឆ្នេរសមុទ្រតៃវ៉ាន់ បាននាំគ្នា​​បើក​ចូល​ទៅ​ក្នុងដែនសមុទ្រចូលទៅប្រកៀក​ទី​ប្រជុំ​កោះ​​ជាប់​ជម្លោះ​ជាមួយជប៉ុន​​សេនកាគូឬទាវយូ​នេះ​ជា​ច្រើន​ដងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ