អានតួអត្ថបទ
អាមេរិក-វៀតណាម

Obama​ ស្នើ​ប្រធានាធិបតី​វៀតណាម​​​ ​​អោយ​ជំរុញ​ការ​​គោរព​សិទ្ធិមនុស្ស​​បាន​ប្រសើរ​ទៅមុខ​

ប្រធានាធិបតី​វៀតណាម​ លោក​ ជឿង តាន់សាង បាន​បំពេញ​ទស្សនកិច្ច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅ​សហរដ្ឋ​អាមេរិក។ លោក​បាន​ជួប​​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ នៅសេតវិមាន។ ក្នុង​ជំនួប​នេះ ប្រធានាធិបតី​ទាំងពីរ​បាន​លើកពី​បញ្ហាសិទ្ធិមនុស្សនៅ​វៀតណាម​ ​មក​ពិភាក្សា​គ្នា។ លោក​អូបាម៉ា​ បាន​​ស្នើ​លោក​ជឿង​ តាន់សាង ​​ធ្វើយ៉ាងណា​អោយ​ការ​គោរព​សិទ្ធិ​មនុស្ស​​​នៅ​វៀតណាម​​ បាន​ប្រសើរ​ទៅមុខ។ ដោយឡែក សមាជិក​សហគមន៍​ជនភៀសខ្លួន​វៀតណាម​ នៅ​សហរដ្ឋអាមេរិក​​​ ​​​រាប់​រយ​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម ​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​។

ប្រធានាធិបតី​អូបាម៉ា​ បាន​ទទួល​ប្រធានាធិបតី ជឿង តាន់សាង នៅ​សេតវិមាន កាលពី​ថ្ងៃ​ព្រហស្បតិ៍។
ប្រធានាធិបតី​អូបាម៉ា​ បាន​ទទួល​ប្រធានាធិបតី ជឿង តាន់សាង នៅ​សេតវិមាន កាលពី​ថ្ងៃ​ព្រហស្បតិ៍។ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុងសន្ទរកថា ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ប្រធានាធិបតី​អាមេរិក​បាន​លើកឡើង​ថា លោក​បាន​​ជជែក​ដោយ​​ត្រង់ៗតែ​ម្តង​​ជាមួយ​ប្រធានាធិបតី​វៀតណាម​ អំពី​​ភាពប្រសើរ​ឡើង​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​វៀតណាម និង​​បញ្ហា​លំបាក​នានា​​ ​​ដែល​នៅ​តែ​បន្តមានក្នុង​ប្រទេស​នេះ។

លោក​អូបាម៉ា​ ​​​បាន​ប្រាប់​លោក​ ជឿង តាន់សាង ថា​​អាមេរិក​នៅ​តែ​បន្ត​ជឿជាក់​ថា​ប្រទេស​ទាំងពីរ​ត្រូវតែ​​​គោរព​អោយបាន​នូវ​​​សេរីភាព​បញ្ចេញ​មតិយោបល់ សេរីភាព​សាសនា សេរីភាព​ធ្វើបាតុកម្ម។ គួរ​បញ្ជាក់​ថា ដោយសារ​តែ​បញ្ហាសិទ្ធិម​នុស្ស​នៅ​វៀតណាម​​នេះ​ សមាជិក​សភាអាមេរិក​​មួយ​ចំនួន​ មិន​ចង់​អោយ​លោកអូបាម៉ា​ ទទួល​ជួប​លោក​ជឿង តាន់សាង​ ​ឡើយ។

ដោយឡែក ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​វៀតណាម​និង​អាមេរិក ​​លោកអូបាម៉ា ​បន្ថែម​ថា​ ប្រទេស​ទាំងពីរ​​​បាន​ឈាន​ទៅដល់​ការ​ផ្តល់​ទំនុកទុកចិត្ត​គ្នា​ទៅវិញទៅមកហើយ ​ ថ្វីដ្បិត​តែ​​​អតីតកាលរវាង​ប្រទេស​ទាំងពីរ​មាន​ភាព​​ស្មុគ្រស្មាញក្តី។​​ ប្រធានាធិបតី​អាមេរិក​ចង់​សំដៅ​លើ​​អតីតកាល​សង្គ្រាម​វៀតណាម។ គួរ​រំលឹក​ថា លោក ជឿង តាន់សាង ជា​​ប្រធានាធិបតី​​​​​វៀតណាមទីពីរ​ ដែល​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក ក្រោយ​ពេល​ដែល​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​បាន​បញ្ចប់​ ក្នុង​ឆ្នាំ​ ១៩៧៥។

វៀតណាម​​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី​ ដៃគូ​ក្នុង​តំបន់​អន្តរប៉ាស៊ីហ្វិក ​​​ដែល​ស្ថិត​ក្នុង​​​គំរោង​ដោះដូរ​ពាណិជ្ជកម្ម​​សេរី ​គាំទ្រ​ដោយ​ក្រុងវ៉ាស៊ីនតោន។ អាមេរិក​ចង់​​អោយ​​កិច្ច​ព្រមព្រៀង​មួយ​​​សំរេច​បាន​ យ៉ាងយូរ​ក្នុង​ដំណាច់​ឆ្នាំ​នេះ ព្រោះថា គំរោង​នេះ​អាច​នឹង​ជួយ​បង្កើត​ការងារធ្វើ​ និង​បង្កើន​ការវិនិយោគ ក្នុង​តំបន់​ ពិសេស​​​ក្នុង​ប្រទេស​ទាំងពីរ​តែ​ម្តង។ ទាក់ទង​ជម្លោះ​​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ទំនាស់​​រវាង​ចិន​និង​វៀតណាម ព្រមទាំង​ប្រទេស​ជាច្រើន​ទៀត​ដែរ​នោះ លោក​អូបាម៉ា ​​បាន​សុំ​ជាថ្មី​ម្តងទៀត អោយមាន​ការ​ដោះស្រាយ​​តាម​បែប​សន្តិភាព​។

លោកជឿង តាន់សាង ក៏​បាន​អញ្ជើញលោក​អូបាម៉ា​ អោយ​ទៅ​ទស្សនកិច្ចវៀតណាម​មុន​​នឹង​លោក​បញ្ចប់​អណត្តិ​ នៅ​ដើម​ឆ្នាំ​២០១៧​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ