អានតួអត្ថបទ
ចិន-វៀតណាម

ចិន​អនុញ្ញាត​អោយ​​ភ្ញៀវទេសចរ​ចូល​កំសាន្ត​ប្រជុំកោះ​ Paracel​s ដែល​ជាប់​ជម្លោះ​ជាមួយ​វៀតណាម​

យោង​តាម​សារព័ត៌មាន​ផ្លូវការ​នានា​​នៅ​ប្រទេស​ចិន​ដែល​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​អាទិត្យ​នេះ អាជ្ញាធរ​ចិន​​នឹង​​បើក​ប្រជុំកោះ​​​ Paracels ដែល​គ្មាន​​មនុស្ស​នៅ​ អោយ​ភ្ញៀវទេសចរ​នានា​បាន​ចូល​ទៅ​កំសាន្ត ចាប់​ពី​ខែ​មេសា​នេះ​ទៅ​ហើយ។ ទង្វើ​នេះ​នឹង​ធ្វើ​អោយ​វៀតណាម​មាន​ការ​ក្តៅក្រហាយ ព្រោះ​ថា​​វៀតណាម​​ក៏​បាន​​ដណ្តើម​បូរណភាព​ដែនកោះ​​នេះ ជា​របស់​ជាតិ​ខ្លួន​ផងដែរ។

ប្រជុំកោះ Paracel នៅសមុទ្រចិន​ខាងត្បូង​
ប្រជុំកោះ Paracel នៅសមុទ្រចិន​ខាងត្បូង​ DR
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សារព័ត៌មាន​ចិន នៅ​មុន​ថ្ងៃសំរាក​បុណ្យ​ការងារ​ ០​​១​ ឧសភា​ខាង​មុខ​នេះ ក្រុងប៉េកាំង​​​មាន​​គំរោង​នឹង​​​អោយ​​​​ភ្ញៀវទេសចរ​នានា បាន​​​​ចូលទៅ​​​កំសាន្ត​​​ប្រជុំកោះ​​​ Paracels ដែល​​គ្មាន​​មនុស្ស​នៅ​​ ដែ​ល​មាន​ទីតាំង​​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ព័ត៌មាន​នេះ​​នឹង​​ធ្វើ​អោយ​​វៀតណាម​ដែល​​ទាមទារ​បូរណភាព​ដែន​កោះ​នេះ​ដែរ​នោះ មាន​ការ​ក្តៅក្រហាយ​​ចៀស​មិន​ផុត។

នាវាទេសចរ​​មួយ​​នៅ​ Hainan ចុង​ភាគ​ខាង​ត្បូង​ចិន ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​រហូត​ដល់ ពីរពាន់​នាក់​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​កំសាន្ត​ នៅ​​​ប្រជុំកោះ​​​ Paracels។ នេះ​បើ​យោង​តាម​លោក Tan Li ​​អភិបាល​រង​កោះ​​​ Hainan ដែល​បាន​ប្រាប់​កាសែត​ចិន​មួយ កាល​ពី​ល្ងាច​​ថ្ងៃ​សៅរ៍​ម្សិលមិញ។

យោង​តាម​ទីភ្នាក់ងារ​ទេសចរ​មួយ​នៅ​​ Hainan ដំណើរ​កំសាន្ត​នៅ​ប្រជុំ​កោះ​នេះ​ នឹង​​មាន​តំលៃ​ខ្ពស់ ដោយសារតែ​រដ្ឋាភិបាល​ចិន​បាន​ចាយវាយថវិកា​​ច្រើន​ក្នុង​ការ​កសាង​​ហេដ្ឋារចនាសម្ព័ន្ធ​​ទេសចរ​នៅ​ទីនោះ។ នៅ​កោះ Woody Island ដែល​ជា​កោះ​សំខាន់​មួយ​នៃ​ប្រជុំ​កោះParacel ចិន​បាន​សង់​សណ្ឋាគារ​មួយ​​មាន​៦០​បន្ទប់​ ដើម្បី​ទទួល​ភ្ញៀវទេសចរ។

ការ​​អនុញ្ញាត​អោយ​ភ្ញៀវទេសចរ​​ចូល​ទៅ​កាន់ប្រជុំ​កោះ​​​នោះ​ នឹង​បង្ក​អោយ​​ស្ថានភាព​​ទំនាក់ទំនង​​រវាង​ចិន​ និង​វៀតណាម​​កាន់​តែ​តានតឹង​ថែម​ទៀត ​បើ​ទោះ​ជាគណបក្ស​កុំម្មុយនិស្ត​​វៀតណាម​និង​គណបក្ស​កុំម្មុយនិស្ត​​ចិន​ មាន​ទំនាក់ទំនង​គ្នា​ជិតដិត​យ៉ាងណា​​ក៏ដោយ។​ មូលហេតុ​គឺ​ប្រទេស​ចិន​និង​វៀតណាម​​​ តែងតែ​​ឈ្លោះ​​គ្នា ​​​​​ដណ្តើម​​បូរណភាពដែន​​​​កោះ​Paracels​ នេះ ថា​ជា​របស់​ជាតិ​​រៀងៗ​ខ្លួន។

គួរ​រំលឹក​ឡើងវិញ​ថា ចិន​បាន​ហៅ​​ប្រជុំកោះ Paracels ​នេះ​ថា Xisha។ ចិន​បាន​កាន់កាប់​​ប្រជុំកោះ​នេះ ក្នុង​ឆ្នាំ​១៩៧៤ បន្ទាប់​ពី​​​មាន​ការ​ប្រយុទ្ធគ្នា​មួយ​​​ជាមួយនឹង​​វៀតណាម។
កាល​ពី​ឆ្នាំ​មុន ចិន​បាន​​ដាក់​​​យោធា​របស់​ខ្លួន​អោយ​ប្រចាំការ​នៅ Sansha ​​ដែល​ជា​ទីតាំង​មួយ​នៃ​ប្រជុំកោះ​ Paracels។

ក្រុងហាណូយ​តែងតែ​បាន​លើកឡើង​ថា ចិន​បាន​ចាប់​ខ្លួនទាហាន​ជើងទឹក​របស់​ខ្លួន​រាប់​រយ​នាក់ ក្នុង​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​ ហើយ​​ក្នុង​ខែ​មីនា​កន្លង​មក វៀតណាម​​​បាន​ចោទ​​ចិនទៀត​​​ថា បាន​បាញ់​ទៅ​លើ​នាវា​នេសាទ​មួយគ្រឿង​របស់​ខ្លួន នៅ​ក្បែរ​ប្រជុំកោះ​​​​​ Paracels។ ប៉ុន្តែ​ ក្រុងប៉េកាំង​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ