អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​ចេញមុខ​ការពារ​អ៊ីស្រាអែល​ជំនួស​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍​មុនមក​ រហូត​ដល់​ថ្ងៃ​អង្គារ​​​​នេះ ប្រធានាធិបតី​បារាំង​ លោក ហ្វ្រង់ស៊័រ ហូឡង់ បាន​បំពេញទស្សនកិច្ច​នៅអ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ទស្សនកិច្ច​នេះ កាន់តែ​ធ្វើអោយ​គេ​មើលឃើញ​ថា​ បារាំង​កំពុង​តែ​ព្យាយាម​ខិតទៅជិត​អ៊ីស្រាអែល​​ខ្លាំងឡើងៗ ខណៈ​ដែល​អាមេរិក​ដែល​បាន​ធូរស្រាលទំនាក់ទំនង​​ជាមួយ​អ៊ីរ៉ង់នោះ ហាក់​បាន​ឃ្លាតឆ្ងាយ​បន្តិចពី​អ៊ីស្រាអែល។

ប្រធានាធិបតី​បារាំង​ លោក​ François Hollande (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Benyamin Netanyahu​ (ស្តាំ) នៅ​ថ្ងៃ​១៧វិច្ឆិកា​ ឆ្នាំ២០១៣
ប្រធានាធិបតី​បារាំង​ លោក​ François Hollande (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Benyamin Netanyahu​ (ស្តាំ) នៅ​ថ្ងៃ​១៧វិច្ឆិកា​ ឆ្នាំ២០១៣ REUTERS/Alain Jocard
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេលថ្មីៗនេះ ក្នុង​កិច្ចពិភាក្សា​​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នៅក្រុង​ហ្សឺណែវ រវាង​​​ប្រទេស​​មហាអំណាច​៥+១ គឺ​រវាង​ អាមេរិក ចិន បារាំង អង់គ្លេស រុស្ស៊ី អាល្លឺម៉ង់​ ជាមួយ​អ៊ីរ៉ង់​​​ បារាំង​បាន​បង្ហាញខ្លួន​កាន់តែជិតដិត​ឡើង ជាមួយ​អ៊ីស្រាអែលដែលជា​សត្រូវ​របស់​អ៊ីរ៉ង់។ ជាក់ស្តែង នៅដើម​ខែវិច្ឆិកា​នេះ ​ប្រទេស​ជាច្រើនក្នុង​កិច្ចពិភាក្សា​​ បាន​យល់​ព្រមលើក​ទណ្ឌកម្ម​​នុយក្លេអ៊ែរ​អោយដល់​​អ៊ីរ៉ង់ ហើយ​​​​គ្រប់ភាគី​ទាំងអស់​​​ស្ទើរ​តែ​សំរេច​ចេញ​​កិច្ចព្រមព្រៀង​​រួមគ្នា​មួយ​ទៅហើយ។ ប៉ុន្តែ ​​ស្រាប់តែ​បារាំង​​​​​បង្ហាញ​ជំហរ​តឹងតែង​​ជាប់ៗគ្នា ចំពោះ​​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដោយ​បង្ខំ​អោយ​អ៊ីរ៉ង់​បំភ្លឺ​​ពីអនាគត​ស្តុក​នៃធាតុ​អ៊ុយរ៉ានីញ៉ូម​ដែលចម្រាញ់​ហើយ​២០ភាគរយ បំភ្លឺ​ពី​​ការចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​ ពី​មជ្ឈមណ្ឌល​​ទឹកធ្ងន់អារ៉ាក់ អោយ​បាន​កាន់តែ​​លំអិត​ថែមទៀត។ បារាំង​បាន​​យកជើង​រាទឹក ធ្វើអោយ​​បរាជ័យ​ដល់​ការខិតខំប្រឹងប្រែង​ពិភាក្សា​រវាង​អាមេរិក អឺរ៉ុប និង​អ៊ីរ៉ង់​ក្នុង​រយៈពេល​ច្រើនខែ​មកនេះ​។

ខណៈ​ទំនាក់ទំនង​រវាង​អាមេរិក​ដែល​ជា​​សម្ព័ន្ធមិត្តនឹង​អ៊ីស្រាអែល ​​​​បាន​ឈានទៅរក​ភាព ធូរស្រាល​ជាមួយ​អ៊ីរ៉ង់ ធ្វើអោយ​អ៊ីស្រាអែល​ស្ថិតក្នុង​ភាព​​ឯកានោះ បារាំង​បាន​ជំនួស​មុខ​អោយ​អាមេរិក ដោយ​ចេញមុខ​មាត់ការពារ​សន្តិសុខ​អោយ​អ៊ីស្រាអែល។ យើង​សង្កេត​ឃើញថា បារាំង​ហាក់​យកចិត្ត​អ៊ីស្រាអែល​ណាស់ ជាពិសេស​ចាប់ពីថ្ងៃ​អាទិត្យ​កន្លងទៅ​​​ នៅពេល​ប្រធានាធិបតីបារាំង​ លោក ហ្វ្រង់ស៊័រ ហូឡង់ ​បាន​ចុះទៅទស្សនកិច្ច​​អ៊ីស្រាអែល ជួប ជាមួយ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល។

គ្រាន់តែ​​មកដល់​អ៊ីស្រាអែល​ភ្លាម​ លោក​ហ្វ្រង់ស៊័រ ហូឡង់ បាន​លើកឡើង​ភា្លមៗ​ថា បារាំង​មិន​ចុះញ៉ម​នឹង​បញ្ហា​រីកសាយភាយ​នុយក្លេអ៊ែរ​ដាច់ខាត ប្រសិន​បើ​បារាំង​មិនទាន់​ច្បាស់​ក្នុង​ចិត្តថា អ៊ីរ៉ង់​​ពិតជា​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​​ខ្លួន​នោះទេ។

ត្រង់ចំណុច​នេះ ប្រធានាធិបតី​បារាំង​ចង់បង្ហាញ​ដល់អ៊ីស្រាអែល​ថា បារាំង​ត្រៀមការពារ​សន្តិសុខ​ដល់​អ៊ីស្រាអែល ករណី​មានការ​វាយប្រហារ​ពី​អ៊ីរ៉ង់​​ដែល​ជា​សត្រូវ​សួរពូជ របស់អ៊ីស្រាអែល​នោះ។ ​ទង្វើ​របស់​បារាំង​ធ្វើអោយ​អ៊ីស្រាអែល​ឥតញញើត​ក្នុង​ការ​ប្រើពាក្យថា បារាំង​ជា​ប្រទេស​មហាមិត្ត​របស់​អ៊ីស្រាអែលនោះឡើយ ព្រោះថា ​ក្នុង​កិច្ចពិភាក្សា​នុយក្លេអ៊ែរ អ៊ីរ៉ង់​​នៅក្រុងហ្សឺណែវ គ្រប់ភាគី​ហាក់ងាកទៅចង​សម្ព័ន្ធមិត្ត​ជាមួយ​អ៊ីរ៉ង់ មានតែ​បារាំង​ប៉ុណ្ណោះ ដែល​មិន​បានបោះបង់​អ៊ីស្រាអែល​អោយ​នៅ​កំសត់​ឯកា។​ បារាំង​មិនខ្វល់ថា អ៊ីរ៉ង់​គិតយ៉ាងណា​ រឺ​ក៏ក្តៅក្រហាយ​យ៉ាងណា​នោះទេ។

ពិតណាស់ បារាំង​ចង់បង្ហាញ​ភាពស្និទ្ធស្នាល​​ជាមួយអ៊ីស្រាអែល។ ប៉ុន្តែ នៅ​ពីក្រោយ​ភាពស្និទ្ធស្នាល​នេះ ​បារាំង​ហាក់​​​សម្លឹង​ឃើញ​​ប្រយោជន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​សំរាប់​ជាតិខ្លួន​ឯណោះ​ទៅវិញទេ។ ​​​គួរកត់សម្គាល់ថា ទស្សនកិច្ច​ប្រធានាធិបតីបារាំង​នៅអ៊ីស្រាអែល ​​មាន​​អមដំណើរ​ដោយ​ប្រធានក្រុមហ៊ុន​ដល់ទៅជាង​៤០នាក់ តំណាង​អោយ​សហគ្រាស​បារាំង​ប្រមាណ​១៥០។ ទិសដៅ​ទស្សនកិច្ច​នេះគឺ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​​ជាមួយ​អ៊ីស្រាអែល​ឡើងវិញ ព្រោះថា សំរាប់អ៊ីស្រាអែល បារាំង​​​ជា​ប្រទេស​លំដាប់ទី១១ប៉ុណ្ណោះ ក្នុងទំនាក់ទំនង​សេដ្ឋកិច្ចពាណិជ្ជកម្ម។ អ៊ីស្រាអែល​ជាប្រទេស​អ្នកមាន​ មានបច្ចេកវិទ្យា​ទំនើប ឆ្លាតវៃ​ក្នុង​​ការរកស៊ី។ ប្រធាន​ក្រុមហ៊ុន​បារាំង​ចង់សិក្សា​ពី​ភាពឆ្លាតវៃ​ពាណិជ្ជកម្ម​របស់​អ៊ីស្រាអែល។ បារាំង​ចង់​អោយ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយអ៊ីស្រាអែល​ បាន​កើនទឹកប្រាក់​ហួសពី​ជាង​ពីរពាន់លាន​ដុល្លារ​ ក្នុង​ពេល​កន្លងមកថែមទៀត។ ​

ទំនាក់ទំនង​សេដ្ឋកិច្ច​ពិតជា​សំខាន់ណាស់​សំរាប់​លើកស្ទួយសេដ្ឋកិច្ច​បារាំងនៅពេល​នេះ ពិសេស​ក្រោយពេល​​​ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ Sandard & Poor's ​ ទើប​បាន​បញ្ចុះ​ចំណាត់​ថា្នក់បារាំង​​​ពី​​AA+ អាអា បូក អោយធ្លាក់​មក​នៅ​ត្រឹម​AA អាអា​ ធម្មតា កាលពី​ថ្ងៃ​៨វិច្ឆិកា​កន្លងទៅ។ ក្នុង​ស្រុក បារាំង​កំពុង​ប្រឈមនឹង​​ការ​កើន​ឡើង​នៃជនគ្មាន​ការងារ​ធ្វើ រួមទាំង​បញ្ហាជាប់គាំង​នយោបាយ​ពន្ធដារ​ផងដែរ។

ដូច្នេះ ​បារាំង​ពិតជាឆ្លាត​វៀងវៃ​មិនតិចទេ ដោយចេះ​​ឆ្លៀត​ឱកាស​ដើម្បី​ចំណេញ​ប្រយោជន៍​ពី​ទំនាក់ទំនង​ជាមួយអ៊ីស្រាអែល​​បាន។ បារាំង​ក៏​ឆ្លាតវៃ​ផងដែរ ដើម្បី​បន្ត​ទំនាក់ទំនង​​ជាមួយ​ប៉ាឡេស្ទីន ដែល​​តែង​ទាស់ទែង​គ្នា​​រឿងទឹកដី​ជាមួយអ៊ីស្រាអែល​នោះ។ ប្រធានាធិបតីបារាំង​​ចេះ​ប៉ាន់ប្រមាណ​​​មុខមាត់​បារាំង​នៅ​​ពេលទស្សនកិច្ច​ទឹកដី​ប៉ាឡេស្ទីន។ នៅពេល​ជួបជាមួយ​ប្រធានរដ្ឋអំណាច​ប៉ាឡេស្ទីន លោក ម៉ាមូឌ អាបាស កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ លោក​ហូឡង់​​​បាន​អំពាវនាវ​អោយ​អ៊ីស្រាអែល​បញ្ឈប់​​អាណានិគម​ខ្លួន​ជាស្ថាពរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ