អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គណបក្ស​ភឿថៃ​លើ​វិថី​ពោរពេញ​ដោយបន្លា​ក្រោយ​ការ​បោះឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយការ​ឈ្នះ​ឆ្នោត​ភ្លូកទឹក​ភ្លូកដី​កាលពី​ថ្ងៃ​ទី​៣​កក្កដា​កន្លង​ទៅ​ គណបក្ស​ភឿថៃ​កំពុង​ត្រៀម​ខ្លួន​ដឹកនាំ​ប្រទេស​ថៃ​ជំនួស​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាភីស៊ីត ​វាចាជីវ៉ា។ ​ប៉ុន្តែ គណបក្ស​កាន់​អំណាច​ដែល​ចាញ់​ឆ្នោត​កំពុង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​ផ្លូវ​ទៅ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​លោកស្រី ​យីងឡាក់​ ស៊ីណាវ៉ាត្រា។ ​ពាក្យ​បណ្តឹង​មួយចំនួន​ ដែល​គណបក្ស​ប្រជាធិបតេយ្យ​​ប្តឹង​គណបក្ស​ភឿថៃ​បាន​ធ្វើ​ឲ្យ​គណៈកម្មាធិការ​រៀបចំ​បោះឆ្នោត​មិន​អាច​អនុម័ត​បេក្ខភាព​លោកស្រី​ យីងឡាក់​ ជា​សមាជិក​សភា​នៅ​ឡើយ​ទេ។​ តើ​លោក​ស្រី ​យីងឡាក់ ​ស៊ីណាវ៉ាត្រា​​ អាច​កាប់​ឆ្ការ​បន្លា​ចេញ​ពី​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ស្រប​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ថៃ​បាន​ដែរ​ឬ​ទេ?

គណបក្ស​ប្រជាធិបតេយ្យ​​ប្តឹងចោទ​គណបក្ស​ភឿថៃ​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា
គណបក្ស​ប្រជាធិបតេយ្យ​​ប្តឹងចោទ​គណបក្ស​ភឿថៃ​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

ដូច​ដែល​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​តាំងពី​ដើម​ទី​អ៊ីចឹង ​ផ្លូវ​ទៅ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី ​របស់​អ្នក​នយោបាយ​ចេញ​ពី​ត្រកូល​ស៊ីណាវ៉ាត្រា​ពោរពេញ​ដោយ​បន្លា។ ​រយៈពេល​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​ឈ្នះឆ្នោត​ភ្លូកទឹក​ភ្លូកដី​កាលពី​ថ្ងៃ​ទី​៣​កក្កដា ​មាន​ពាក្យ​បណ្តឹង​យ៉ាងហោច​ណាស់​ក៏​ពីរ​ដែរ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាភីស៊ីត​ប្តឹង​ចោទ​ប្រកាន់​គណបក្ស​ភឿថៃ​របស់​លោកស្រី ​យីងឡាក់ ​ស៊ីណាវ៉ាត្រា។

បណ្តឹង​ទី១​ទាក់ទង​នឹង​ ការ​ពាក់ព័ន្ធ​របស់​លោក​ថាក់ស៊ីន​ជាមួយ​គណបក្ស​ភឿថៃ។ ​គណបក្ស​កាន់​អំណាច​នៃ​រដ្ឋាភិបាល​ចាំផ្ទះ​របស់​នាយក​រដ្ឋមន្ត្រី ​អាភីស៊ីត ​ចោទ​ភឿថៃ​ថា​បាន​អនុញ្ញាត​ឲ្យ​លោក​ថាក់ស៊ីន​ដែល​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ចូល​រួម​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ពី​ចម្ងាយ​តាម​រយៈ​វីដេអូ​ខុនហ្វេរ៉ិន​។ នេះ​ជា​កម្មវត្ថុ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ប្តឹង​ឲ្យ​រំលាយ​គណបក្ស​ភឿថៃ​ចោល។ ​រីឯពាក្យ​បណ្តឹង​ទី២​ជាប់​ទាក់ទង​នឹង​ការ​ទិញ​សន្លឹក​ឆ្នោត។

គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទ​លោក​ស្រី​យីងឡាក់​ថា​បាន​ទិញ​សន្លឹក​ឆ្នោត​ព្រោះតែ​លោក​ស្រី​បាន​ឆាមី​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ទទួល​ទាន​នៅ​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត។ រឿង​បែប​នេះ​ស្តាប់​ទៅ​គួរ​ឲ្យ​អស់​សំណើច​ ប៉ុន្តែ គណៈកម្មាធិការ​រៀបចំ​បោះឆ្នោត​កំពុង​បើក​ការ​ស៊ើប​អង្កេត​តាម​ពាក្យ​បណ្តឹង។ ​បន្ថែម​ពី​លើ​នេះ ក្រុម​អាវ​លឿង​បាន​ព្យាយាម​រក​រឿង​គណបក្ស​ភឿថៃ​ដោយ​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ជាច្រើន​ទៀត​មក​សម្អាង​ដើម្បី​បង្ក​ឧបសគ្គ​ដល់​គណបក្ស​ដែល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីនមួយនេះ​ក្នុង​ការ​ឈាន​ជើង​ទៅ​កាន់​អំណាច។

នេះ​នៅ​មិន​ទាន់​រាប់​បញ្ហា​ដែល​លោក​ស្រី​យីងឡាក់​កំពុង​ប្រឈម​ជាមួយ​ក្រុម​អាវក្រហម​ដែល​ជា​អ្នក​ស្មោះស្ម័គ្ររបស់​គណបក្ស​ភឿថៃ​ផង​ទេ។ ​ចាប់​តាំង​ពី​ក្រោយ​ការ​ឈ្នះ​ឆ្នោត​ភា្លមៗ​ លោក​ស្រី​យីងឡាក់ ​ស៊ីណាវ៉ាត្រា ​កំពុង​ប្រឈម​នឹង​ជម្រើស​ទ្វេគ្រោះ៖​ ជម្រើស​ទី១​គឺការ​តម្រូវ​ចិត្ត​ក្រុម​អាវក្រហម​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី​បើក​ការ​ស៊ើប​អង្កេត​ទៅលើ​អំពើ​ហិង្សា​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម​នៅ​កណ្តាល​ទីក្រុង​បាងកក​កាល​ពី​ឆ្នាំ២០១០​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ពួក​បាតុករ​អាវ​ក្រហម​ពី​សំណាក់​ក្រុម​យោធា ​និង​ជម្រើស​ទី២​គឺ​ការ​សម្រប​សម្រួល​ជាមួយ​ក្រុម​យោធា​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ដោយ​ចៀស​វាង​បាន​នូវ​រដ្ឋប្រហារ។ ​នេះ​ជា​ជម្រើស​ដ៏​មហា​សែន​លំបាក​ដែល​អនាគត​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​របស់​ប្រទេស​ថៃ​ត្រូវ​ដោះស្រាយ។

ជាការ​ពិត​ណាស់​ថា​ គណបក្ស​ភឿថៃ​បាន​ឆ្លង​ផុត​ដំណាក់កាល​ដ៏​សំខាន់​មួយ​ដោយ​ជោគជ័យ​នោះ​គឺ​ជា​ដំណាក់កាល​នៃ​ការ​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត​ពី​សំណាក់​ក្រុម​យោធា​ដ៏​មាន​ឥទ្ធិពល​នៅ​ពេល​ដែល​ពួកគេ​បាន​ដឹង​មុន​ថា​គណបក្ស​ភឿថៃ​នឹង​ឈ្នះឆ្នោត។ ​មិន​ត្រឹម​តែ​មិន​អាច​បំផ្លាញ​ការ​បោះឆ្នោត​បាន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ​ទីបំផុត​ទៅ ​គណបក្ស​ប្រជាធិបតេយ្យ ​និង​ក្រុម​យោធា​បាន​បង្ខំ​ចិត្ត​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដោយសារ​តែ​ប្រជាពលរដ្ឋ​ថៃ​ដ៏​ច្រើន​លើស​លប់​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ភឿថៃ​ឲ្យ​ដឹកនាំ​ប្រទេស។

ប៉ុន្តែ ​នៅ​មិន​ទាន់​ប្រាកដ​ថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកស្រី​យីងឡាក់ ​ស៊ីណាវ៉ាត្រា ​អាច​ចៀស​ផុត​ពី​រដ្ឋប្រហារ​យោធា​នៅ​ឡើយ​ទេ ​ខណៈ​ដែល​ក្រុម​អាវក្រហម​កំពុង​ដាក់​សម្ពាធ​លើ​លោក​ស្រី​យីងឡាក់​ឲ្យ​សើរើ​សំណុំ​រឿង​បង្ក្រាប​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​លោក​អាភីស៊ីត​កាលពី​ឆ្នាំ​មុន​ ដើម្បី​វែក​មុខ​ជន​ដៃដល់​យក​មក​កាត់​ទោស​នោះ? ​បញ្ហា​នៅ​ត្រង់​ថា ​មេដឹក​នាំ​យោធា​ទំនង​ជា​ជ្រើស​យក​រដ្ឋប្រហារ​ជាជាង​ការ​អង្គុយ​រង់ចាំ​គេ​នាំ​ខ្លួន​ទៅ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ។ ​នេះ​ជា​ចំណោទ​សំខាន់​ជាង​គេ​មួយ​សម្រាប់​រដ្ឋាភិបាល​គណបក្ស​ភឿថៃ។

ចុង​ក្រោយ​នេះ ​គណៈកម្មាធិការ​រៀបចំ​បោះឆ្នោត​ថៃ​មិន​ទាន់​បាន​ប្រកាស​ទទួល​ស្គាល់​បេក្ខ​ភាព​លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា​ជា​សមាជិក​សភា​ផ្លូវការ​នៅ​ឡើយ​ទេ​ដោយសារ​តែ​លោក​ស្រី​នៅ​ជាប់​ពាក្យ​បណ្តឹង។ ​តើ​ពលរដ្ឋ​ថៃ​មិន​អាច​មាន​អ្នកដឹកនាំ​ស្រប​តាម​ឆន្ទៈ​របស់​ខ្លួន​បាន​ទេ​ឬ? ​នេះ​ជា​ចំណោទ​ដែល​នៅ​ស្មុគស្មាញ​នៅ​ឡើយ​រហូត​មក​ទល់​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ