អានតួអត្ថបទ
រុស្ស៊ី​​-ឥណ្ឌា

លោក​ប្រធានាធិបតី​ពូទីន​ បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅ​ប្រទេស​ឥណ្ឌា​

ជា​តុល្យាការ​ នៃ​ ជំនួប​កំពូល​ឥណ្ឌា-រុស្ស៊ី​ថ្ងៃ​នេះ នៅ​ក្រុង New​Delhi មាន​ចុះ កិច្ច​ព្រមព្រៀង ជាង​១០ច្បាប់ ក្នុងនោះ​មាន​កិច្ច​សន្យា​ទិញ​អាវុធ​ ពី​រុស្ស៊ី​ថែមទៀត ក្នុង​ទឹកប្រាក់ រាប់ពាន់​លាន​ដុល្លារ។ ក្នុង​អត្ថបទ ឧទ្ទិស​ដល់​ទស្សនកិច្ច​នេះ ដែល​ចុះ​ផ្សាយ ដោយ​កាសែត​មួយ ដ៏​ធំ​បំផុត​នៃ​ប្រទេស​ឥណ្ឌា គឺ​កាសែត Hindu ប្រមុខ​រដ្ឋ​រុស្ស៊ី ចាត់ទុក​ឥណ្ឌា ជា ដៃគូ​យុទ្ធសាស្ត្រ របស់​រុស្ស៊ី។  

ក្នុង​កិច្ច​​ព្រមព្រៀង​ ជាង​​១០​ច្បាប់​ ​​មាន​​កិច្ច​​សន្យា​ទិញ​​អាវុធ​​ ពី​​រុស្ស៊ី​​ថែម​ទៀត​
ក្នុង​កិច្ច​​ព្រមព្រៀង​ ជាង​​១០​ច្បាប់​ ​​មាន​​កិច្ច​​សន្យា​ទិញ​​អាវុធ​​ ពី​​រុស្ស៊ី​​ថែម​ទៀត​ Reuters / B Mathur
ផ្សាយពាណិជ្ជកម្ម

ក្នុងក្របខ័ណ្ឌទស្សនកិច្ច ប្រមុខរដ្ឋរុស្ស៊ីបានធ្វើទៅហើយ ធ្វើកិច្ចចរចា ជាមួយលោក នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Sing អំពី សហប្រតិបត្តិការ វិស័យថាមពល យោធា និង ផ្នែកវិនិយោគ។ បន្ទាប់មក ក្នុងជំនួប ជាមួយសមភាគីឥណ្ឌា គឺ លោកប្រធានាធិបតី Pranab Mukherjee សាច់រឿងគឺអំពី កិច្ចសហការគ្នារវាងរុស្ស៊ី និងឥណ្ឌាលើឆាកអន្តរជាតិ។
វិមានក្រេមឡាំង គូសបញ្ជាក់ ថា ទំនាក់ទំនង រវាងរុស្ស៊ីនិងឥណ្ឌា ដែលក្នុងឆ្នាំនេះ គម្រប់បាន ៦៥ឆ្នាំ មានលក្ខណៈ ជាដៃគូ យុទ្ធសាស្ត្រនឹងគ្នា ហើយចាប់ពីឆ្នាំ ២០១០មក ឈានឡើងដល់ ជាន់ថ្នាក់ ដែលម្ខាងៗ បំពាក់ដោយ”ឯកសិទ្ធិពិសេស”។

ហើយក្នុងចំណោមឯកសារចំនួន១៣ច្បាប់ ចុះថ្ងៃនេះ ជាតុល្យាការនៃកិច្ចចរចា គឺអនុស្សរណៈ ស្តីអំពីសហប្រតិបត្តិការ វិស័យវិទ្យាសាស្ត្រ បច្ចេកវិជ្ជា, អនុស្សរណៈចុះជាមួយធនាគារឥណ្ឌា State Bank of Indiaស្តីអំពីការជម្រុញដល់វិនិយោគត្រង់ផ្ទាល់, កម្មវិធីផ្លាស់ប្តូរវិស័យវប្បធម៌ គ្រោងទុកសម្រាប់ឆ្នាំ ២០១៣-២០១៤ និង កិច្ចសន្យាធំៗ២ វិស័យយោធា បែបយ៉ាង កុងត្រា ក្នុងទឹកប្រាក់ ១.៦០០លានដុល្លារ ដែលប្រមើលលក់ទៅឲ្យឥណ្ឌា គឺ យន្តហោះប្រដេញរុស្ស៊ី ធុន Sukhoi-30 ចំនួន៤២គ្រឿងទៀត បន្ថែមទៅលើ២៣០គ្រឿង ដែលឥណ្ឌា បានទិញពីរុស្ស៊ី ទៅហើយ ព្រមទាំងកិច្ចសន្យា លក់ឧទ្ធម្ភាគចក្រដឹកជញ្ជូន ធុន Mi-17 ចំនួន៧១គ្រឿង ក្នុង ទឹកប្រាក់ ១.០០០លានដុល្លារ។

ខាងវិស័យថាមពល រុស្ស៊ីកំពុងសង់នៅប៉ែកខាងត្បូងប្រទេសឥណ្ឌា គឺស្ថានីយអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ ដោយមានសង់រួចទៅហើយ ក្នុងស្ថានីយនេះ គឺ Reacteur nucleaire ២ ប្រកបដោយកម្លាំងភ្លើង ២.០០០ Megawatt ក្នុងតម្លៃ២.៥០០លានដុល្លារអាមេរិក។ ស្របនឹង កិច្ចព្រមព្រៀងចុះថ្ងៃនេះ រុស្ស៊ីនឹងសង់ ក្នុងរោងចក្រភ្លើងនោះ ទាំង Reacteur nucleaire ២ ទៀត ហើយក្នុងអនាគត ចំនួន Reacteur បែបនេះ អាចឡើងដល់ ៨ ឯណោះ។

ខាងផ្នែកពាណិជ្ជកម្ម គូភាគី គ្រោងបង្កើន ទំហំផ្តោះប្តូរដែលក្នុងឆ្នាំនេះ មានទឹកប្រាក់ ១ម៉ឺន លានដុល្លារ ឲ្យក្នុង៣ឆ្នាំទៅមុខ កើនទ្វេដង រហូតដល់ ២ម៉ឺនលានដុល្លារតែម្តង ទើបសម នឹង សក្តានុពល មហាប្រទេសទាំង២។

តាមវិមានក្រេមឡាំង Moscou និងក្រុង New Delhi តែងឈានជំហានស្របគ្នា ពង្រឹងតួនាទីអ.ស.ប.ក្នុងកិច្ចការពិភពលោក, សហការគ្នាក្នុងក្រុមប្រទេស BRICS ដែលរួមក្តោប Bresil រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង, ក្រុម ២០ប្រទេស ដែលមានសេដ្ឋកិច្ចហំហួនជាងគេហៅថា G-20 , សហគមន៍អាស៊ី-បូព៌ា ហៅកាត់ថា ASEM។ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ