អានតួអត្ថបទ
រុស្ស៊ី-ឥណ្ឌា

ឥណ្ឌា​សម្រេច​ថា​ទិញ​អាវុធ​រុស្ស៊ី​ថែម​ទៀត​

ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​អនុម័ត ល្ងាច​ម្សិលមិញ​នៅ​ក្រុង New Delhi ដោយ​“គណៈ​កម្មាធិការ​​​ទទួល​បន្ទុ្ខក​ខាង​សន្តិសុខ​ជាតិ” នៅ​អម​រដ្ឋាភិបាល​ឥណ្ឌា នា​សម័យ​ប្រជុំ ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី Manmohan Singh។ ការ​ទិញ​លើក​នេះ មាន​ទឹក​ប្រាក់​១.៥០០​លាន​ដុល្លារ​អាមេរិក។ 

គ្រាប់រ៉ុកកែតម៉ាក Brahmos​ផលិតនៅ​ឥណ្ឌាដោយសហគ្រាសចម្រុះ​រុស្ស៊ី-ឥណ្ឌា​ឈ្មោះ BrahMos Aerospace
គ្រាប់រ៉ុកកែតម៉ាក Brahmos​ផលិតនៅ​ឥណ្ឌាដោយសហគ្រាសចម្រុះ​រុស្ស៊ី-ឥណ្ឌា​ឈ្មោះ BrahMos Aerospace RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

តាម​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​សហព័ន្ធ​រុស្ស៊ី ITAR-TASS ផ្សាយ​យប់​មិញ ពី​ទីក្រុង New Delhi យោង​ទៅ​លើ​ប្រភព​ក្នុង​រដ្ឋាភិបាល​ឥណ្ឌា អាវុធ​ដែល​ឥណ្ឌា​ទិញ​នេះ គឺ ៖
- គ្រាប់បែក​បាញ់​រថក្រោះ ម៉ាក Invar ចំនួន ១០.០០០ គ្រាប់​តម្លៃ ៣០០​លាន​ដុល្លារ សម្រាប់​បំពាក់​នៅ​នឹង​រថក្រោះ​ធុនធ្ងន់ T-90 រាប់​រយ​គ្រឿង​ដែល​ឥណ្ឌា​បាន​ទិញ​ពី​រុស្ស៊ី​ទៅ​ហើយ។
- រ៉ុកកែត​ម៉ាក BrahMos​ចំនួន ២០០​ដើម​តម្លៃ​១.២០០​លាន​ដុល្លារ​សម្រាប់​បំពាក់​នៅ​នឹង​យន្តហោះ​ប្រដេញ​ធុន Sukhoi-30 MKI រាប់​សិប​គ្រឿង​ដែល​រុស្ស៊ី​បាន​លក់​ទៅ​ឲ្យ​ឥណ្ឌា​កាល​ពី​មុនៗ។ ដូច្នេះ​ជា​សរុប​គឺ​មាន​ទឹកប្រាក់ ១.៥០០​លាន​ដុល្លារ​អាមេរិក។

ជា​ការ​កត់​សម្គាល់ គ្រាប់​បែក​បាញ់​រថក្រោះ​ម៉ាក Invar ជា​គ្រាប់​ដែល​បញ្ជា​ឲ្យ​បាញ់​ពី​ចម្ងាយ ហើយ​វា​អាច​បំផ្លាញ​រថក្រោះ​ធុន​ទំនើប​ណា​ក៏​ដោយ ដល់​ចម្ងាយ ៣.០០០​ម៉ែត្រ។
អំពី​គ្រាប់​បែក​បាញ់​រថក្រោះ ម៉ាក Invar នេះ ៖ ក្នុង​ដំណាក់​ដំបូង ចំនួន ១០.០០០ គ្រាប់ វា​នឹង​ត្រូវ​រុស្ស៊ី​លក់​ទៅ​ឲ្យ​ឥណ្ឌា​ដោយ​នាំ​ចេញ​ពី​រុស្ស៊ី​ទៅ ហើយ​ក្នុង​ដំណាក់​បន្ទាប់​មក​ទៀត​ក្នុង​ចំនួន ១៥.០០០​គ្រាប់​វា​នឹង​ត្រូវ​ផលិត​នៅ​ឥណ្ឌា​ផ្ទាល់ ដោយ​ក្រុមហ៊ុន​ឥណ្ឌា ឈ្មោះ Bharat Dynamics Limited ផលិត​ទៅ​តាម​អាជ្ញាប័ណ្ណ​របស់​រុស្ស៊ី។

ចំណែក រ៉ុកកែត ម៉ាក BrahMos គឺ​ផលិត​នៅ​ឥណ្ឌា ដោយ​សហគ្រាស​ចម្រុះ រុស្ស៊ី-ឥណ្ឌា ដែល​មាន​ឈ្មោះ​ថា BrahMos Aerospace។ វា​ទុក សម្រាប់​បំពាក់​នៅ​នឹង​យន្តហោះ​និង​នាវា​ចម្បាំង។ ល្បឿន​ហោះ​របស់​វា គឺ​៣.៥០០​គ.ម. ក្នុង​១​ម៉ោង​បាន​ន័យ​ថា សឹង​៣​ដង លឿន​ជាង​សំឡេង​ដែល​មាន​ល្បឿន ១.២០០គ.ម. ក្នុង​១​ម៉ោង។

រ៉ុកកែត​នេះ មាន​២​បែប គឺ ៖ អាធុន​សម្រាប់​បំពាក់​នៅ​នឹង​យន្តហោះ​មួយ​ដើមៗ មាន​ទម្ងន់ ២.៥០០​គីឡូក្រាម​និង​អាធុន​សម្រាប់​បំពាក់​នៅ​នឹង​នាវា​ចម្បាំង​មាន​ទម្ងន់​ដល់ ៣.០០០​គីឡូក្រាម​ដែល​ពី​ក្នុង​នោះ​គ្រាន់តែ​ក្បាល​រំសេវ​ប្រយុទ្ធ​របស់​វា​សុទ្ធតែ​មាន​ទម្ងន់​ដល់ ៣០០ គីឡូក្រាម​វង់​ប្រតិបត្តិការ​របស់​វា​គឺ​ស៊ី​រះ​ពី​កំពស់ ៥​ម៉ែត្រ​ពី​ដី​រហូត​ដល់​កំពស់ ១៥​គ.ម.ក្នុង​អាកាស ហើយ​អាច​ផ្ចាញ់​ទីដៅ​ដល់​ចម្ងាយ ៣០០គ.ម.៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ