អានតួអត្ថបទ
កម្ពុជា-ថៃ-ប្រាសាទ​ព្រះវិហារ

កម្ពុជា​ត្រៀម​ទប់ទល់​ពួក​ជ្រុលនិយម​ថៃ​ពេល​បកស្រាយ​សាលក្រម​ឆ្នាំ​ ១៩៦២​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​នៅតាម​ព្រំដែន​ព្រះវិហារ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សភាពការណ៍​អាក្រក់​ណាមួយ ​ដែល​អាច​កើតឡើង​ជាយថាហេតុ ​ដោយសារ​ពួក​ជ្រុលនិយម​ថៃ។ សំណើ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​បានកើត​ឡើង នៅ​ខណៈដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ គ្រោង​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម​ឆ្នាំ ១៩៦២ ស្តីពី​បញ្ហា​ព្រះវិហារ​ នា​ពាក់កណ្តាល​ខែមេសា​ខាងមុខ។

កងទ័ព​ខ្មែរ​នៅ​​ប្រាសាទ​ព្រះ​វិហារ​ កាល​ពី​ដើម​ឆ្នាំ​ ២០១១
កងទ័ព​ខ្មែរ​នៅ​​ប្រាសាទ​ព្រះ​វិហារ​ កាល​ពី​ដើម​ឆ្នាំ​ ២០១១ Reuters
ផ្សាយពាណិជ្ជកម្ម

កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​នៅតាម​ព្រំដែន​កម្ពុជា​-ថៃ ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​រួមសហការ​គ្នាតាមដាន​និង​ក្ដាប់​សភាពការណ៍​នានា ​ដើម្បី​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងករណី​ដែល​ពួក​ជ្រុលនិយម​ថៃ​បង្កបញ្ហា​ណាមួយ ​មកលើ​បូរណភាពទឹកដី និង​អធិបតេយ្យភាព​កម្ពុជា។

មានប្រសាសន៍​នៅ​ចំពោះមុខ​កម្លាំងប្រដាប់អាវុធ នាឱកាស​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងមហាផ្ទៃ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​មាន​ការវិវត្ដន៍​​ល្អប្រសើរ​កាលពី​ឆ្នាំ ២០១២ កន្លងទៅ ដោយសារ​មាន​កិច្ចសហការ​ល្អ​រវាង​រាជ​រ​ដ្ឋា​ភិ​បាល​ទាំងពីរ។

ប៉ុន្ដែ​នៅពេល​ខាងមុខនេះ តុលាការអន្ដរជាតិ​ក្រុងឡាអេ នឹង​បកស្រាយ​សាលក្រម​ពាក់ព័ន្ធ​បញ្ហា​ប្រាសាទព្រះវិហារ​ តាម​បណ្ដឹង​របស់​ភាគី​កម្ពុជា។ បញ្ហា​នេះ​បាន​បណ្តាល​ឲ្យ​មាន​និន្នាការ​រំជើបរំជួល​នៅក្នុង​ប្រទេស​ថៃ ក្នុងនោះ​ក៏មាន​ការប៉ុនប៉ង​ប្រើ​វិធានការ​យោធា ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា​ទៀតផង។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា រាជ​រដ្ឋាភិបាល​ភ្នំពេញ និង​បាងកក​គ្មាន​បញ្ហា​ជាមួយគ្នា​ទេ ហើយ​កម្ពុជា​ក៏​គ្មាន​និន្នាការ​ជ្រុលនិយម​ដែរ។ ប៉ុន្តែ នៅក្នុង​ប្រទេស​ថៃ​មាន​បញ្ហា​ច្រើនណាស់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ ពីព្រោះ​ពួក​ជ្រុលនិយម​ថៃ​អាច​បង្ក​ការ​ញុះញង់​ធ្វើ​ឲ្យ​មាន​បញ្ហា​រវាង​ប្រទេស​ទាំងពីរ។ ប្រមុខ​រាជ​រដ្ឋាភិបាល​បានប្រកាស​ជំហរ​របស់​កម្ពុជា​ថា  បើទោះបីជា​ការបកស្រាយ​សាលក្រម​ចេញមក​បែបណាក៏ដោយ ក៏​កម្ពុជា​ត្រូវ​ស្ងាត់ស្ងៀម និង​រក​វិធី​ដោះស្រាយ​ជាជាង​ការបង្កើត​បញ្ហា។

គួរ​បញ្ជាក់ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ (ICJ) គ្រោង​នឹង​លើកយក​ពាក្យបណ្តឹង​រប​ស់​កម្ពុជា​ស្តីពី​ការសុំ​បកស្រាយ​សាលក្រម ឆ្នាំ១៩៦២ ស្តីពី​ព្រំដែន​ប្រាសាទព្រះវិហារ មក​បើកសវនាការ ​នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ​នេះ។ ពាក្យបណ្តឹង​សុំ​បកស្រាយ​សាលក្រម​ឡើងវិញ​នេះ​ត្រូវបានរាជ​​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ដាក់​ទៅ​តុលាការ​ទីក្រុង​ឡាអេ​កាលពី​ខែមេសា ឆ្នាំ២០១១ ក្រោយពី​ថៃ​បាន​បង្ក​សង្គ្រាម​ជាច្រើនលើក រហូតដល់​ធ្វើ​ឲ្យ​ខូចខាត​ប្រាសាទព្រះវិហារ ដែលជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ ជាច្រើន​កន្លែង។

ចំណាត់ការ​របស់​តុលាការ​ក្រុងឡាអេ​ចំពោះ​ករណី​ព្រះវិហារ ​ដែល​គេ​ដឹងថា​ភាគី​ថៃ​ចាញ់​ប្រៀប​កម្ពុជា​រួចស្រេច​ទៅហើយនោះ បានធ្វើ​ឲ្យ​ពួក​ជ្រុលនិយម​ថៃ​មិន​សប្បាយចិត្ត ហើយ​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើរាជ​​រដ្ឋាភិបាល​របស់ខ្លួន​មិន​ឲ្យ​ទទួលយក​ការសម្រេច​របស់​តុលាការ​នេះ។ ពួក​ជ្រុលនិយម​ថៃ​ក៏បាន​ប្រកាស​ត្រៀម​បង្កបញ្ហា​ជាច្រើន​ជាមួយ​កម្ពុជា ​ដែល​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​សុំ​ឲ្យ​ត្រៀម​វិធានការ​ទប់ទល់​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ