អានតួអត្ថបទ
កម្ពុជា-វៀតណាម

​នាយក​រដ្ឋមន្ត្រី​​កម្ពុជា​​​នឹង​​​ចូល​​រួម​​​កិច្ច​​ប្រជុំ​​​ស្តីពី​​​ការ​អភិវឌ្ឍន៍​​​​តំបន់​​ត្រីកោណ​​កម្ពុជា​​ឡាវ​និង​​​វៀតណាម​​

ក្រសួង​​​ការបរទេស បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែននឹង​ដឹក​នាំ​​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ទៅ​ចូល​រួម​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម CLV លើក​ទី​៧ ស្តីពី ការអភិវឌ្ឍន៍​​តំបន់​ត្រីកោណ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២០ ខែ​តុលា​ឆ្នាំ​២០១២​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ តាម​សេចក្តី​ប្រកាស​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​នោះ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ឡាវ​និង​វៀតណាម នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ។ គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ទាំង​បី​ប្រទេស បង្កើត​ឡើងកាលពី​ឆ្នាំ​១៩៩៩ ដោយ​ដាក់​ខេត្ត​ជាប់​​ព្រំដែន​ទាំង​បី​ប្រទេស ដើម្បី​អភិវឌ្ឍន៍​ក្រោម​ជំនួយ​ពី​ប្រទេស​ជប៉ុន​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​នឹង​ចូលរួមកិច្ច​ប្រជុំ​ស្តីពី​ការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ​និង​វៀតណាម​
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​នឹង​ចូលរួមកិច្ច​ប្រជុំ​ស្តីពី​ការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ​និង​វៀតណាម​ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

តាម​ការ​អញ្ជើញ​របស់​លោក ង្វៀន តាន់​យុង ( Nguyen Tan Dung ) នាយក​រដ្ឋមន្ត្រី វៀត​ណាម​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម ( CLV ) លើក​ទី​៧ ស្តីពី ការ​អភិវឌ្ឍន៍​​តំបន់​ត្រីកោណ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម វៀតណាម​។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ទី​១២​តុលា​នេះ។

ក្រសួង​ការបរទេស បាន​ប្រកាស​ថា គណៈប្រតិភូ ដែល​នឹង​អម​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​តុ​ប្រជុំ នៅ​ទីក្រុង​ហូជីមិញ រួម​មាន​៖

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មនិង​សមាជិក​នៃ​រដ្ឋាភិបាល​កម្ពុជា​ដទៃ​ទៀត។ សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​គូស​បញ្ជាក់​ថា នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ នាយក​រដ្ឋមន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម។ សូម​រម្លឹក​ថា តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ត្រូវ​បាន​បង្កើត​ឡើង តាម​គំនិត​ផ្តួចផ្តើម​របស់​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម កាលពី​ឆ្នាំ​១៩៩៩ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល នា​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ គ្រប​ដណ្តប់​លើ​ខេត្ត នៅ​ជាប់​ព្រំដែន​ប្រទេស​ទាំង​បី ដោយ​ខាង​កម្ពុជា មាន​ខេត្ត​ស្ទឹងត្រែង រតនៈគិរី ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ។

ផែនការ​មេ ស្តីពី ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម សម្រាប់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ត្រូវ​បាន​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​បី កាលពី​ឆ្នាំ​២០០៤​។ គម្រោង​នោះ ត្រូវ​បាន​ប្រទេស​ជប៉ុន ផ្តល់​ជំនួយ​ក្នុង​ទឹក​ប្រាក់​ចំនួន ២០ លាន​ដុល្លារ ដើម្បី​សាង​សង់​ផ្លូវ ស្ពាន និង​សាលារៀន ជា​ដើម​។ ក្នុង​គម្រោង​នោះ ក៏​មាន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​បី​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ