អានតួអត្ថបទ
រុស្ស៉ី-ចិន

លោក​ពូទីន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​

លោក​​ប្រធានាធិបតី​​រុស្ស៊ី ​Vladimir​ Poutine​ ត្រូវ​​​អញ្ជើញ​​ទៅ​​​​បំពេញ​​ទស្សនកិច្ច​​នៅ​​ប្រទេស​​ចិន​​​​ចំនួន​​​៣​​ថ្ងៃ​ ​ចាប់​ពី​​ថ្ងៃ​​អង្គារ​​ទី​​៥​​មិថុនា​ទៅ។ ​គោលដៅ​​នៃ​​ដំណើរ​​ទស្សនកិច្ច​​របស់​​​លោក​​ពូទីន​​​នៅ​ប្រទេស​​ចិន​គឺ​​ដើម្បី​​​ពង្រឹង​ទំនាក់ទំនង​​រវាង​​ប្រទេស​​រុស្ស៊ី​​និង​​ប្រទេស​​ចិន​​ជា​​សម្ព័ន្ធមិត្ត​​ដ៏​​សំខាន់​​​របស់​​រុស្ស៊ី ​​​​ក៏​​ព្រមទាំង​​​ពង្រីក​ទំនាក់​ទំនង​​​នៅ​​លើ​​វិស័យ​​នយោបាយ​​ការ​ទូត​​​និង​​សេដ្ឋកិច្ច​​​​ផងដែរ។

លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Poutine​បំពេញទស្សនកិច្ច​នៅប្រទេសចិន​ចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃ៧មិថុនា​២០១២
លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Poutine​បំពេញទស្សនកិច្ច​នៅប្រទេសចិន​ចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃ៧មិថុនា​២០១២ Aleksey Nikolskyi/RIA Novosti
ផ្សាយពាណិជ្ជកម្ម

 

លោក​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន​និង​លោក​ប្រធានាធិបតី​ចិន ហ៊ូជីនតាវ​នឹង​ត្រូវជួប​សន្ទនា​​គ្នា​​ដើម្បី​ស្វែង​រកគោល​ជំហរ​រួម​​​មួយ​ស្តីពី ​​វិបត្តិ​ស៊ីរីនិង​ស្តីពី​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

ប្រទេស​រុស្ស៊ី​និង​ចិន មាន​សិទ្ធិ​វេតូ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អសប-សិទ្ធិវេតូ​ដែល​ប្រទេស​ទាំង​ពីរ​នេះប្រើប្រាស់​ ដើម្បី​បិទខ្ទប់​សេចក្តី​សម្រេចចិត្ត​របស់​អសប ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ការ​វាយបង្រ្កាប​គាប​ត្បៀត​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ក្រៅពី​បញ្ហា​នយោបាយ​អន្តរជាតិ ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៉ីនៅ​ប្រទេស​ចិន​ក៏​ជា​ឱកាស​​​ល្អមួយ​​ដែរ​​សំរាប់​រុស្ស៊ី ក្នុង​ការ​បង្កើន​ខ្លាំង​ថែម​ទៀត ​សហប្រតិបត្តិការ​របស់​ខ្លួន​ជា​មួយ​​ប្រទេស​ចិន ​នៅ​លើវិស័យ​សេដ្ឋកិច្ចដែលមាន​លក្ខណៈ​សំខាន់​រួច​ទៅ​ហើយ ជាអាទិ៍​នៅ​លើ​វិស័យថាមពល។គួរ​រំលឹក​ថា ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង តាំងពីជា​​ច្រើន​ឆ្នាំ​មក​ហើយ បាន​​ចរចាគ្នា​​អំពី​កិច្ច​សន្យា​មួយ​ ដែល​រុស្ស៊ី​គ្រោងលក់​ឧស្ម័ន​របស់ខ្លួន​ទៅ​ឲ្យ​ប្រទេស​​ចិន​ប្រមាណ​ជា​៧​ម៉ឺនលាន​​ម៉ែត្រ​គុប​ក្នុងរយៈពេល​៣០ឆ្នាំខាងមុខ។ ប៉ុន្តែចាប់តាំង​ពីឆ្នាំ ២០០៩ ​​និង​ការ​ចុះ​​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​មួយមក កិច្ចចរចា​រវាង​ភាគីចិននិងរុស្ស៊ី​​​​ មិន​បាន​ជឿនលឿន​ទេ​​ ដោយ​​​​ហេតុ​កិច្ចចរចានេះ ត្រូវ​ជាប់គាំង​នៅត្រង់បញ្ហា​តម្លៃឧស្ម័ន។

ដោយឡែក យោងតាមសារព័ត៌មានរុស្ស៊ី​ ប្រទេស​រុស្ស៊ី​និង​ចិន  ក៏​​មាន​បំណង​ចង់​រួបរួម​គ្នា​ដែរ ក្នុង​ការពង្រីក​​សាងសង់​យន្តហោះ​សំរាប់ដឹក​ផ្លូវ​ឆ្ងាយ​ ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​​យក្ខ លោក​ខាងលិច ​Airbus និង ​Boeing។ ​កាលពី​ខែ​មេសា​កន្លង​ផុត​ទៅ ម៉ូស្គូ និង​ប៉េកាំង បាន​ជូនដំណឹង​អំពី​ការ​បង្កើត​មូលនិធិ វិនិយោគ​រួមគ្នា​មួយ ចាប់ពី​ពេល​នេះ ទៅ​ដល់​ចុង​ខែ​មិថុនា​ ដែល មាន​ទឹកប្រាក់ ៤០០០​លាន​ដុល្លារ សំរាប់ការប្រើប្រាស់​ជាអាទិ៍​នៅ​ក្នុងការពង្រីក​នៅលើ​វិស័យ​កសិកម្ម​និង​ការដឹកជញ្ជូន​។

នាពេល​ថ្មីៗ​កន្លងទៅ​នេះ លោក​ពូទីន ​បាន​ថ្លែង​បញ្ជាក់​ថា “ការ​រីក​លូត​លាស់​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន ពុំ​មែន​ជា​ការ​គំរាម​អ្វី​មួយ​ឡើយ។ ផ្ទុយទៅវិញទីក្រុង​ម៉ូស្គូ ចាប់​អារម្មណ៍​​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​លើ​សក្តានុពល​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន សម្រាប់​ការ​ពង្រីក​វិស័យនេះនៅក្នុង​តំបន់ Sibérie និង​តំបន់​ចុង​បូព៌ា,​ដែលជាតំបន់​សម្បូណ៌ទៅដោយ​ធនធាន​ថាមពល ​ប៉ុន្តែ​ប្រឈម​​មុខ​​នឹង​បញ្ហា​ធនធាន​មនុស្ស។

សូមបញ្ជាក់ថា មុននឹងអញ្ជើញទៅកាន់ប្រទេសចិន លោក​ប្រមុខ​រដ្ឋ​រុស្ស៊ីនៅថ្ងៃចន្ទ​៤មិថុនា ​ត្រូវ​​អញ្ជើញ​ទៅបំពេញទស្សនកិច្ច​នៅ Ouzbékistan។ ម្ស៉ាងទៀត កិច្ច​សន្ទនា​រវាង​​រុស្ស៊ី​និង​ចិន​នៅ​​ថ្ងៃ​​៥​និង​៦​មិថុនា​ខាង​មុខនឹង​​ត្រូវ​បន្ត​ដោយ​ជំនួប​កំពូល​​​នៅទីក្រុង​ប៉េកាំងនៃ​បណ្តា​ប្រមុខរដ្ឋ នៃ​​អង្គការ​សហប្រតិបត្តិការសៀងហៃ​ហៅកាត់ថា​OSCដែល​មាន​ប្រទេស​​ រុស្ស៊ី ចិន Ouzbékistan kazakhstan Tadjikistan និង Kirghizstan ជាសមាជិក​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ