អានតួអត្ថបទ
អ៊ីរ៉ង់

តេអេរ៉ង់​គំរាម​បិទ​ដៃ​សមុទ្ទOrmuz ក្នុង​ករណីរង​ទណ្ឌកម្ម​អន្តរជាតិ

បិទ​ដៃ​សមុទ្ទ​ Ormuz គឺ​ជា​ងាយ​ស្រួល​បំផុត​សម្រាប់​កង​កម្លាំង​យោធា​អ៊ីរ៉ង់ ! នេះ​បើ​តាម​ការ​ព្រមាន​ របស់​មេបញ្ជាការ​កងទ័ពជើង​ទឹក​​អ៊ីរ៉ង់ នៅ​ថ្ងៃ​នេះ​។ ដៃ​សមុទ្ទ​ Ormuz គឺ​ច្រក​​ចូល​ទៅ​កាន់​ឈូង​សមុទ្ទ​ពែក្យ និង​ដែល​ធានា​រ៉ាប់​រង​ចរាចរណ៍​ដឹក​ប្រេង​ដល់​ទៅ​ប្រមាណ​៤០%។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ៊ីរ៉ង់ យក​ដៃ​សមុទ្ទ​នេះ មក​ធ្វើ​ចំណាប់​ថ្នូរ ដើម្បី​គំរាម​សហគមន៍​អន្តរជាតិ​ ដែល​ចង់​ដាក់​ទណ្ឌកម្ម​បន្ថែម​ថ្មី​លើ​អ៊ីរ៉ង់ ព្រោះ​មហិច្ឆតា​នុយក្លេអ៊ែរ។ការ​គំរាម​នេះ​ បាន​ធ្វើ​ឡើង ក្នុង​ខណៈ​ដែល​ក្រុង​តេអេរ៉ង់​កំពុង​ធ្វើ​សមយុទ្ធ​ តែ​ម្តង។ 

ដៃ​សមុទ្ទ​ Ormuz ដែលខណ្ឌ​ចែក​អ៊ីរ៉ង់ និង​អូម៉ង់
ដៃ​សមុទ្ទ​ Ormuz ដែលខណ្ឌ​ចែក​អ៊ីរ៉ង់ និង​អូម៉ង់ (Carte : I.Artus /RFI)
ផ្សាយពាណិជ្ជកម្ម

 

« គ្រប់​គ្នា​បានដឹង​ហើយ ថា ច្រកសមុទ្ទ​ Ormuz សំខាន់ និង​មាន​​យុទ្ធសាស្ត្រ​ ប៉ុណ្ណា នោះ ! ហើយ​ម្យ៉ាង​វិញ​ទៀត ដៃ​សមុទ្ទ​នេះ ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​ទាំង​ស្រុង​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ! » នេះ​ជា​ការ​គូស​​បញ្ជាក់​របស់​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​អ៊ីរ៉ង់ តាម​កញ្ចក់​ទូរទស្សន៍​ Press TV​ ជា​ភាសា​​អង់គ្លេស ដោយ​បាន​បន្ថែម​ទៀត​ថា “បិទ​ច្រក​សមុទ្ទ​ Ormuz ងាយ​ជាង​ផឹក​ទឹក​” ទៅ​ទៀត។

ប៉ុន្តែ​អ៊ីរ៉ង់​មិន​ត្រូវ​ការ​បិទ​នៅ​ថ្ងៃ​នេះ​ទេ ព្រោះអ៊ីរ៉ង់​ជា​អ្នក​ត្រួត​ពិនិត្យ​សមុទ្ទ​អូម៉ង់ និង​ការ​ចូល​ចត​របស់​នាវា​ដឹក​ប្រេង​តាម​នោះ​ស្រាប់​ទៅ​ហើយ។ កងទ័ព​ជើង​ទឹក​អ៊ីរ៉ង់​មាន​សមត្ថភាព​​គ្រប់​គ្រាន់​ក្នុង​ការ​រក្សា​សុវត្ថិភាព​​តំបន់ ដូច្នេះ ការ​ដឹក​ជញ្ជូន​​ប្រេង​អាច​បន្ត​ឆ្លង​កាត់​ទី​នេះ​បាន​។ កងទ័ព​ម៉ារីន​អ៊ីរ៉ង់ ដែល​កំពុង​​​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ តាំង​ពី​ថ្ងៃ​សៅរ៍​មក សម្រាប់រយៈ​ពេល​១០​ថ្ងៃ នៅ​តំបន់​ដៃ​សមុទ្ទ​ Ormuz ដែល​ មាន​នាវាដឹក​​ប្រេង​​ពិភពលោក​ប្រមាណ​៤០% ឆ្លង​កាត់​តាម​ផ្លូវនោះ។ កង​កម្លាំង​យោធា​អ៊ីរ៉ង់ ត្រូវ​បាន​ដាក់​ពង្រាយ​ពេញ​ភាគ​ខាង​កើត​ដៃ​សមុទ្ទផង ក្នុង​សមុទ្ទ​អូម៉ង់​ផង និង​រាយ​ដល់​សមុទ្ទ​ឥណ្ឌា​ទៀត។

សូម​បញ្ជាក់​ថា នៅថ្ងៃ​អង្គារ​ម្សិលមិញ ក្រុង​តេអេរ៉ង់ បាន​ប្រកាស​មិន​ឲ្យ​នាវា​ដឹកប្រេង​ណាឆ្លង​កាត់​ច្រក​សមុទ្ទ​ Ormuz ​ទេ ប្រសិន​ការ​នាំ​ប្រេង​របស់​អ៊ីរ៉ង់​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ពីសំណាក់​សហគមន៍​អន្តរជាតិ។ សហគមន៍​អន្តរជាតិ សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​មួយ​រយៈ​នេះ បានលើក​ឡើង​ពី​ចេតនា​ចង់​ដាក់ទណ្ឌ​កម្ម​បិទ​ខ្ទប់​ការ​នាំ​ប្រេង​របស់​អ៊ីរ៉ង់ ដើម្បី​បង្ខំ​អ៊ីរ៉ង់​​បោះបង់​ចោល​មហិច្ឆិតា​នុយក្លេអ៊ែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ