អានតួអត្ថបទ
ប៉ាគីស្ថាន

អនាគត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​Nawaz​ Sharif​ ចង់​ស្តារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​និង​ឥណ្ឌា​​

នៅ​ប៉ាគីស្ថាន​ ពីរ​ថ្ងៃ​បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​​មក លោក​​​Nawaz Sharif បាន​សន្យា​ថា នឹង​​​​​​​​ពង្រឹង​​ទំនាក់ទំនង​​​ជាមួយ​សហរដ្ឋអាមេរិក​និង​ឥណ្ឌាបន្ថែម​ទៀត។ ពាក្យសន្យា​​នេះ​បង្ហាញ​ច្បាស់​ថា ​​អនាគត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​បន្ទន់​ឥរិយាបថបន្តិច​ទៅវិញ​ជាមួយ​​​អាមេរិក ព្រោះ​​ថា​ ក្នុង​ការ​ឃោសនា​បោះឆ្នោត​កន្លងមក លោក​​​ Sharif ធ្លាប់​បាន​​បង្ហាញ​នូវ​គោលគំនិត​ប្រឆាំង​​​អាមេរិក។​

លោក​​​ Nawaz Sharif មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាមដែល​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។
លោក​​​ Nawaz Sharif មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​អ៊ីស្លាមដែល​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

 

ទើបតែ​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​​មិន​ទាន់​បាន​ស្រួលបួល​ផង លោក Nawaz Sharif ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​បរទេស នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ​លោក​សន្យា​នឹង​ពង្រឹង​ទំនាក់ទំនង​​​ប៉ាគីស្ថានជាមួយ​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​ អោយ​បាន​កាន់​តែ​រឹងមាំ​ថែមទៀត។ លោក​បាន​ប្រាប់​ថា ប៉ាគីស្ថាន​ផ្តល់​ការ​គាំទ្រខ្លាំងក្លា​​​ដល់​អាមេរិក​នៅពេល​ដែល​កងទ័ព​អាមេរិក​នឹង​ត្រូវ​ដក​​ចេញ​អស់​ពី​ប្រទេស​អាហ្វហ្កានិស្ថាន​ នៅ​ឆ្នាំ​២០១៤​ ខាង​មុខ​នេះ។

នៅពេល​ដែល​​​ជិតបាន​​​កាន់តំណែង​​ជា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក​​​Nawaz Sharif ហាក់​បន្ទន់​ឥរិយាបថ​បន្តិច​ទៅវិញ​ជាមួយ​អាមេរិក​ដែល​ជា​ប្រទេស​ផ្តល់​មូលនិធិ​ដល់ប៉ាគីស្ថាន។ ​
គួររំលឹក​ថា ​ ក្នុង​ការ​ឃោសនា​បោះឆ្នោត​កន្លងមក លោក​​​ Sharif ធ្លាប់​បាន​​បង្ហាញ​នូវ​គោលគំនិត​ប្រឆាំង​​​ជាមួយ​អាមេរិក។ លោក​ជំទាស់​នឹង​ទង្វើ​របស់​អាមេរិក​ដែល​បាន​​ប្រើ​យន្តហោះ​ Drone ដែល​ជាយន្តហោះ​គ្មាន​មនុស្ស​បើក​​​​នោះ​ ដើម្បី​​ប្រតិបត្តិការ​កំចាត់​ក្រុមភេរវករ​​អាល់កៃដា និង​ពួក​តាលីបង់​ នៅ​​ភាគ​ពាយព្យ​ប្រទេស​ប៉ាគីស្ថាន។
ប្រតិបត្តិការ​យន្តហោះ​អាមេរិក​​កំចាត់​ក្រុម​ឧទ្ទាម​ មិន​ត្រឹមតែ​​បាន​ធ្វើ​អោយ​ជនស៊ីវិល​ជាច្រើន​រូប​បាត់បង់ជីវិតប៉ុណ្ណោះ​ទេ វា​​ជា​ការ​រំលោភ​បូរណភាព​ដែនដី​ប៉ាគីស្ថាន ដែល​ធ្វើ​អោយ​ប្រជាជន​ប៉ាគីស្ថាន​​​ខឹង​សម្បារ។ លោក Nawaz Sharif  នឹង​លើក​យក​បញ្ហានេះ​ទៅ​​​ពិភាក្សា​ជាមួយ​អាមេរិកអោយ​បាន​ច្បាស់​លាស់។ ​

ដោយឡែក​ សហរដ្ឋ​អាមេរិក​តែង​​តែ​សង្ស័យ​ថា​ ប៉ាគីស្ថាន​ប្រើ​ផ្លូវ​ដើរ​ពីរទន្ទឹមគ្នា គឺ​ក្រៅពី​គាំទ្រ​ជាផ្លូវការ​ដល់​អាមេរិក​ក្នុង​ការ​កំចាត់​ក្រុម​ភេរវករ​ ប៉ាគីស្ថាន​​ក៏បាន​គាំទ្រ​ដល់​ពួក​ឧទ្ទាម​​នៅ​អាហ្វហ្កានិស្ថាន​ផងដែរ​ ដើម្បី​​​​ពង្រឹង​ឥទ្ធិពល​ខ្លួន​នៅ​​ទីនោះ។ ទោះយ៉ាងនេះ​ក្តី ប្រសិន​បើ​អាមេរិក​ចង់​សំរេច​អោយ​មាន​ការចរចា​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​នោះ អាមេរិក​នឹង​ត្រូវការ​ប្រទេស​ប៉ាគីស្ថានចៀស​មិន​រួច។

ងាក​មក​និយាយ​ពី​ទំនាក់ទំនង​​ជាមួយ​ឥណ្ឌា​ដែល​ធ្លាប់​ជា​​អតីត​សត្រូវ​​ប៉ាគីស្ថានវិញ​ម្តង​​ អនាគត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​​បាន​អញ្ជើញ​​​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ លោក​​​ Manmohan Singh អោយ​ចូលរួម​ក្នុង​ពិធី​ឡើង​កាន់តំណែង​របស់​លោក​ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ។ លោក​​​ Manmohan Singh បាន​ឆ្លើយ​តប​ទៅវិញថា​ លោក​ចង់​បិទទំព័រ​បញ្ចប់​ជម្លោះ​រវាង​​​ឥណ្ឌា​និង​ប៉ាគីស្ថាន ដែល​មាន​​​​​ជាង​៦០​ឆ្នាំ​​មកហើយ​នោះ។

គួររំលឹកឡើង​វិញ​ថា លោក Nawaz Sharif ​ ដែល​មាន​វ័យ​៦៣​ឆ្នាំ​ហើយ​នោះ​ ធ្លាប់​​ធ្វើជា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថានពីរលើក​រួច​មក​ហើយ គឺ​ពីឆ្នាំ​១៩៩០ ដល់​ឆ្នាំ​១៩៩៣ និង​ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩។ ជោគជ័យបោះឆ្នោត​​​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​​នេះ​ ត្រូវ​បាន​​បណ្តា​បស្ចិម​ប្រទេស​​អបអរ​សាទរ​និង​លើកឡើង​ថា ជា​ជំហាន​ឆ្ពោះ​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ។
យោងតាម​លទ្ធផល​​បោះឆ្នោតជា​​​បឋម​ ​ គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​​របស់​​លោក Nawaz Sharif បាន​ទទួល​អាសនៈ​សភា​ ១២៥អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប​២៧២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ