អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ភាព​មិន​ជាក់​លាក់​នៃ​ភូមិភាគ​ដើម​បូព៌ា​សព្វថ្ងៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ ហ្សង់ហ្វ្រង់-ស័រ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើម​បូព៌ា ដោយ​ធ្វើការ​សិក្សា​លម្អិត​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​តំបន់​នេះ។នា ​រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុងក្រោយ​នេះ មហារីក​ធំៗ​ទាំង​បួន​ដែល​បាន​និង​កំពុង​បន្ត​រាតត្បាត ភូមិភាគ​ដើមបូព៌ា គឺ​ជម្លោះ​រ៉ាំរ៉ៃ​រវាង​អ៊ីស្រាអែល និង​ប៉ាលេស្ទីន អស្ថិរភាព​នៅ​អៀរ៉ាក់ ស្ថានភាព​មិន​ជាក់​លាក់ នៅ​អាហ្វហ្កានិស្តង់ និង​កម្មវិធី​នុយក្លេអ៊ែរ​របស់អៀរ៉ង់។

សង្គ្រាម​ រវាង​ពួក​ Fatah និង​ ពួក Hamas នៅ gaza នៅ​ខែ ឧសភា ឆ្នាំ ២០០៧
សង្គ្រាម​ រវាង​ពួក​ Fatah និង​ ពួក Hamas នៅ gaza នៅ​ខែ ឧសភា ឆ្នាំ ២០០៧ © Reuters
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឆ្នាំ២០០៦​មក អភិក្រម​នៃ​កិច្ចចរចា​សន្តិភាព​រវាងអ៊ីស្រាអែល និង​ប៉ាលេស្ទីន នៅ​ទ័លច្រក​មួយ​កន្លែង។ គឺ​ជា​ភាព​ទ័លច្រក នៅ​ក្នុង​ថ្លុកឈាម​ទៅ​ទៀត ពីព្រោះ​នៅ​ក្នុង​ដែនដី​ស្វយ័ត​ប៉ាលេស្ទីន គឺ​Gaza​និង​Cisjordanie រដ្ឋអំណាច​ត្រូវ​រង្គោះរង្គើ ដោយហេតុ​តែ​សង្គ្រាម​ស៊ីវិល​រវាង​ចលនា​Fatah និង​ចលនា​Hamas។

 Fatah ជា​សាខា​នយោបាយ​របស់​អង្គការរំដោះ​ប៉ាលេស្ទីន OLP ដែល​បាន​ចុះ​ហត្ថលេខា​ទទួល​យក​កិច្ច​ព្រមព្រៀង​Oslo ឆ្នាំ​១៩៩៣ ជាមួយ​ភាគី​អ៊ីស្រាអែល និយាយ​ឲ្យ​ខ្លី គឺ​ជា​ចលនា​នយោបាយ​ប៉ាលេស្ទីន​ដែល​ទទួល​ស្គាល់​អ៊ីស្រាអែល។ ឯ​Hamas វិញ ជា​ពួក​ប៉ាលេស្ទីន​ជ្រុលនិយម ដែល​ប្រកាស​បន្ត​ការតស៊ូ រហូត​ដល់​កំទេច​អ៊ីស្រាអែល​ឲ្យ​ទៅ​ជា​ផេះ។

នៅ ​ខែ​មករា​ឆ្នាំ២០០៦ ពួក​Hamas​បាន​ឈ្នះ​ឆ្នោត​នៅ​Gaza និង​នៅ​Cisjordanie រួច​ហើយ​បាន​ចេញ​មុខ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​រួបរួម​ជាតិ​មួយ ជា​មួយ​ចលនា​Fatah។ ក៏​ប៉ុន្តែ បស្ចិម​ប្រទេស ដែល​មិន​ព្រម​គាំទ្រ​រដ្ឋាភិបាល​Hamas ដ្បិត​Hamas​មិន​ទទួល​ស្គាល់​អ៊ីស្រាអែល បាន​សម្រេច​ឈប់​ផ្តល់​ជំនួយ​ទៅ​ឲ្យ​រដ្ឋអំណាច​ប៉ាលេស្ទីន ជាហេតុ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​និង​មនុស្សធម៌​នៅ​Gaza ធ្លាក់​ចុះ​ដុន​ដាប និង​ជា​ហេតុ​បាន​បណ្តាល​ឲ្យ​ចលនា​Fatah​និង​Hamas ទាស់ទែង​គ្នា វាយ​ប្រយុទ្ធ​គ្នា និង​ចែក​គ្នា​កាន់​កាប់​​តំបន់​ស្វយ័ត​ប៉ាលេស្ទីន។ ពួក​Hamas​បាន​ក្រសោប​យក​តំបន់​Gaza រីឯ​Cisjordanie​បន្ត​ឋិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ចលនា​Fatah។ សម្រាប់​ភាគី​អ៊ីស្រាអែល​វិញ អ្វី​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ដែន​ដីស្វយ័ត​ប៉ាលេស្ទីន គឺ​ជា​Scénario​នៃ​គ្រោះ​មហន្តរាយ​មួយ​ដែល​ខ្លួន​មិន​អាច​ទទួល​បាន។ ម្យ៉ាង​គឺ​មក​ពី​ពួក​សកម្មជន​Hamas​បន្ត​បង្ក​ភេរវកម្ម​អត្តឃាត និង​ម្យ៉ាង​ទៀត​មក​ពី​ចលនា​Hamas​ទទួល​អាវុធ​និង​ជំនួយ​ថវិកា​ពី​ប្រទេស​ អៀរ៉ង់។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត អធិករណ៍​រវាង​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន បន្ត​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​ភូមិភាគ​មួយ ដែល​ស្គាល់​អស្ថិរភាព​កាន់​តែ​ខ្លាំង។ សង្គ្រាម​អាមេរិកាំង​នៅ​អៀរ៉ាក់ បាន​រំលំ​មែន​ពិត​របប​ផ្តាច់ការ​របស់​Saddam Hussein តែ​បាន​រុញច្រាន​ប្រទេស​មួយ​នេះ ទៅ​ក្នុង​ជ្រោះ​នៃ​វិបត្តិ​ច្រើន​យ៉ាង រួម​មាន​ជាអាទិ៍ សង្គ្រាម​ស៊ីវិល​និង​ភេរវកម្ម។ ដោយ​ឡែក ប្រទេសអៀរ៉ង់ ដែល​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០០៥​មក​ដោយ​ប្រធានាធិបតី​សំដី​កោងកាច​ Ahmadinejad កំពុង​រក​លេស​បង្កើត​អាវុធ​នុយក្លែអ៊ែរ និង​បាន​ប្រកាស​ម្តង​ជា​ពីរ​ដង​ថា ខ្លួន​ចង់​កំទេច​ អ៊ីស្រាអែល និង​ចង់​លុប​បំបាត់​អ៊ីស្រាអែល​ចេញ​ពី​ផែនទី​នៃ​ភូមិភាគ​ដើមបូព៌ា។ ប្រទេស​លីបង់​វិញ ដែល​ទើប​តែ​បាន​រើ​បម្រះ​ខ្លួន ចេញ​រួច​ពី​នឹម​នៃ​ប្រទេស​Syrie ត្រូវ​ប្រឈម​មុខ​នឹង​ពួក​ជ្រុល​និយម Hezbollah។ ពួក​Hezbollah ដែល​គាំទ្រ​ដោយ​ប្រទេស​Syrie និង​ប្រទេសអៀរ៉ង់។ ពួក​Hezbollah​ដែល​ចង់​កំទេច​អ៊ីស្រាអែល​ឲ្យ​ទៅ​ជា​ផេះ​ដែរ។

គឺ​នៅ​ក្នុង​ បរិបទ​បែប​នេះ​ហើយ ដែល​នៅ​ខែ​កក្កដា​ឆ្នាំ​២០០៦ ពួក Hezbollah បាន​ចាប់​ជំរិត​ទាហាន​Isrël​ពីរ​នាក់​និង​បាន​បាញ់​ផ្លោង​គ្រាប់​​Roquettes ​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ជា​ហេតុ​បាន​ជម្រុញ​កងទ័ព​អ៊ីស្រាអែល​ឲ្យ​ធ្វើ​សង្គ្រាម​៣៤​ថ្ងៃ​វាយ​លុក​ទៅ​លើ​ ទីតាំង​របស់​Hezbollah នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​Liban។

ក្រៅ​ពី​ នេះ នៅ​ជាប់​នឹង​ភូមិភាគ​ដើមបូព៌ា មាន​ប្រទេស​អាហ្វហ្កានីស្តង់ ដែល​បន្ត​ផុង​ខ្លួន​ក្នុង​អស្ថិរភាព​សែន​ធ្ងន់ធ្ងរ។ អន្តរាគមន៍​យោធា​របស់​បស្ចិម​លោក នៅ​ក្នុង​ប្រទេស​នេះ នៅ​ឆ្នាំ​២០០១ មិន​បាន​ធ្វើ​ឲ្យ​ពួក​តាលីបង់​រលាយ​សាបសូន្យ​ជា​ស្ថាពរ​ទេ។ ពួក​ជ្រុល​និយម​ទាំង​នេះ​ កំពុង​វាយ​លុក​មក​វិញ និង​បន្ត​បង្ក​ភេរវកម្ម ធ្វើ​ឲ្យ​ប្រទេស​អាហ្វហ្កានីស្តង់ ពិបាក​នឹង​វិល​មក​រក​ភាព​ឋិតថេរ​វិញ​បាន។

ព្រឹត្តិការណ៍ ​អស់​ទាំង​នេះ សុទ្ធ​តែ​មាន​ឫស​គល់​ប្រទាក់​ប្រទាញ​គ្នា ឆ្ងាយ​ឬ​ជិត ខ្លាំង​ឬ​ខ្សោយ តិច​ឬ​ច្រើន ទៅ​នឹង​ជម្លោះ​ដើម នោះ​គឺ​ជម្លោះ​ជាង​៦០ឆ្នាំ​កន្លង​មក​ហើយ​រវាង​អ៊ីស្រាអែល និង បណ្តា​ប្រទេស​អារ៉ាប់​ជិត​ខាង។

ការ​ដែល​ភូមិភាគ​ដើម​បូព៌ា ក្លាយ​ទៅ​ជា​សមរភូមិ​មុខ​នៃ​សង្គ្រាម​ធំៗ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ពីព្រោះ​ដើម​បូព៌ា​ជា​តំបន់​យុទ្ធសាស្រ្ត​ចំបង​មួយ។ គួរ​គូស​បញ្ជាក់​ ថា ភូមិភាគ​ដើម​បូព៌ា​ផលិត​៣៥%​នៃ​ប្រេងកាត​ដែល​ពិភព​លោក​ទាំងមូល​ប្រើប្រាស់​ ក្នុងគ្រា​បច្ចុប្បន្ន ហើយ​ភូមិភាគ​ដើម​បូព៌ា​ក៏​ជា​តំបន់​ដែល​ផ្ទុក​ទៅ​ដោយ​៦៨%​នៃ​អណ្តូង​ ប្រេងកាត​ទាំង​ស្រុង​របស់​ភពផែនដី​ដែរ។

បើ​តាម​ការ​ប្រមើល​ឃើញ​របស់​ ទី​ភ្នាក់ងារ​ថាម​ពល​អន្តរជាតិ ប្រេងកាត​ផលិត​ដោយ​Arabie Saoudite  Emirats អារ៉ាប់រួម Koweït Iran និងអៀរ៉ាក់ នឹង​កើន​ពី​២៥%​ក្នុង​ពេល​ឥឡូវ ទៅ​៣២% ​នៅ​២០១០ និង​ទៅ​ដល់​៤១%​នៅ​ឆ្នាំ​២០២០។

ក្រៅ​ពី​ប្រេងកាត កត្តា​យុទ្ធសាស្រ្ត​សំខាន់​មួយ​ទៀត​របស់​ភូមិភាគ​ដើមបូព៌ា​គឺ​ផ្លូវ​ទឹក ផ្លូវ​ទឹក​ដែល​នៅ​ក្នុង​អតីតកាល​បាន​ធ្វើ​ឲ្យ​ចក្រភព​អង់គ្លេស ស្គាល់​ភាព​លូតលាស់​និង​មហិទ្ធិឫទ្ធិ​ខ្លាំង​ក្លា។ មាន​ជា​ឧទាហរណ៍ ព្រែកជីក​Suez ដែល​បើក​លទ្ធភាព​ឲ្យ​នាវា​ធ្វើ​ដំណើរ​ពី​សមុទ្រ Méditerranée ទៅ​សមុទ្រ​ឥណ្ឌា។

នៅ​ក្នុង​បរិបទ​បែប​នេះ សំនួរ​ដែល​ចោទ​ឡើង​ក្នុង​ពេល​នេះ​គឺ តើ​មហារីក​ទាំង​បួន​នៅ​ក្នុង​តំបន់​និង​នៅ​ជាយ​តំបន់​ដើម​បូព៌ា ពោល​គឺ​ជម្លោះ​រ៉ាំរ៉ៃ​រវាង​អ៊ីស្រាអែល​ និង​ប៉ាលេស្ទីន អស្ថិរភាពនៅ ​អៀរ៉ាក់ ស្ថានភាព​មិន​ជាក់លាក់​នៅ​អាហ្វហ្កានីស្តង់ និង​កម្មវិធីនុយក្លេអ៊ែរ​របស់អៀរ៉ង់ តើ​មហារីក​ទាំង​បួន​នេះ​អាច​ជា​សះស្បើយ នៅ​ថ្ងៃ​ណា​មួយ​ដែរ​ឬ​ទេ?

រហូត ​មក​ដល់​ឆ្នាំ​២០០៩​នេះ ការ​កើន​ឡើង​នៃ​ភេរវកម្ម​នៅ​អៀរ៉ាក់ ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ពី​សំណាក់​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្តង់ មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ប្រទេសអៀរ៉ង់ និង​ភាព​ទ័លច្រក​នៃ​អភិក្រម​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន មិន​បំផុស​ឲ្យ​មាន​សុទិដ្ឋិនិយម​ឡើយ។

សំនួរ​មួយ​ទៀត​ដែល​ចោទ​ឡើង​ ក្នុង​ពេល​នេះ គឺ តើ​ពី​ពេល​នេះ​ត​ទៅ បណ្តា​មហា​អំណាច​ក្នុង​លោក ជាពិសេស​បស្ចិម​ប្រទេស នឹង​ប្រកាន់​យក​ឥរិយាបថ​បែប​ណា នៅ​ចំពោះ​មុខ​ស្ថានភាព​ពុះកញ្ជ្រោល​ក្តាប់​មិន​បាន​ទាល់​តែ​សោះ​នៃ​ភូមិភាគ​ ដើមបូព៌ា?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ