អានតួអត្ថបទ
កម្ពុជា

ថៃ​ច្រាន​ចោល​សំណើ​របស់​កម្ពុជា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់

ទី​បំផុត​ទៅ លោកនាយក​រដ្ឋមន្ត្រី​ថៃ អាភិស៊ីត វេចា​ជីវ៉ា បាន​ច្រានចោល​នូវ​សំណើ​របស់​កម្ពុជា លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់ នៅ​តំបន់​ព្រំដែន​ព្រះវិហារ។ តាម​លោកនាយក​រដ្ឋមន្ត្រី​ថៃ វា​លឿន​ពេក​ក្នុង​ការនិយាយ​ពី​ចំណាត់ការ​ណាមួយ​លើ​ជម្លោះ​ព្រំដែន​រវាង​ កម្ពុជា និង​ថៃ។កាលពីថ្ងៃព្រហស្បតិ៍ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជា នឹង ស្នើ​ឲ្យ​មាន​​ការចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ៤​ចំណុច​ស្តីពី​បទ​ឈប់បាញ់​ជា​ស្ថាពរ និង​ជា​អចិន្ត្រៃយ៍ នៅ​ព្រំដែន​កម្ពុជា-ថៃ។

លោក​អាភិស៊ីត​ នាយក​រដ្ឋមន្រ្តី​ថៃ
លោក​អាភិស៊ីត​ នាយក​រដ្ឋមន្រ្តី​ថៃ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

03:36

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ការបដិសេធ​ដូច្នេះ បាន​ធ្វើឡើង​ភ្លាមៗ តប​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​នូវ​ជំហរ​របស់​កម្ពុជា​លើ​បទ​ឈប់​បាញ់ ស្របតាម​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧​កុម្ភៈ ឆ្នាំ​២០១១ លោក​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន បាន​លើកឡើង​ថា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ថ្ងៃ​២២​កុម្ភៈ​ខាង​មុខ នៅ​ទីក្រុង​ហ្សាកាតា កម្ពុជា​នឹង​ស្នើ​ឲ្យមាន​ការចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ៤ ចំណុច ស្តីពី បទ​ឈប់​បាញ់​ជា​ស្ថាពរ និង​ជា​អចិន្ត្រៃយ៍ នៅ​ព្រំដែន​កម្ពុជា-ថៃ។ កិច្ចព្រមព្រៀង​នោះ នឹងត្រូវ​ចុះហត្ថលេខា រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ ដោយ​មាន​អាស៊ាន​ជា​សាក្សី។

ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​១៨​កុម្ភៈ​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភិស៊ី​ត បាន​ថ្លែង​តាម​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ថា វា​លឿន​ពេក​ក្នុង​ការការនិយាយ​ពី​ការចុះ​កិច្ចព្រមព្រៀង​ណាមួយ លើ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។ ម្យ៉ាងទៀត​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ។

លោកនាយក​រដ្ឋមន្ត្រី​ថៃ បានបញ្ជាក់​ថា អាស៊ាន​មិន​មាន​តួនាទី​លូកដៃ​ក្នុង​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ​ឡើយ។ ជម្លោះ​ព្រំដែន ដែល​ត្រូវ​ពិភាក្សា​ដោយ​ថៃ និង​កម្ពុជា។

ការបដិសេធ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លើ​សំណើ​ឲ្យមាន​ការចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​នេះ ត្រូវបាន​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ចាត់ទុក​ថា ភាគី​ថៃ នៅ​ល្មោភ​សង្គ្រាម និង​ចិញ្ចឹម​គំនិត​ឈ្លានពាន​ទឹកដី​កម្ពុជា។ ថៃ​ក៏​រំលោភ​លើ​អនុសាសន៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ចង់ឲ្យ​មាន​ការឈប់បាញ់​ជា​អចិន្ត្រៃយ៍​នៅ​ព្រំដែន​កម្ពុជា-ថៃ។ ម្យ៉ាងទៀត ការ​ដែល​ថៃ​បដិសេធ មិន​ចង់ឲ្យ​មាន​អ្នកសង្កេតការណ៍ ឬ​អ្នកត្រួតពិនិត្យ​បទ​ឈប់​បាញ់ របស់​អាស៊ាន ចូលរួម​ក្នុង​ជម្លោះ ក៏​បង្ហាញ​ថា ថៃ​ចង់​បិទបាំង​នូវ​ពុតត្បុត​អាក្រក់​របស់​ខ្លួន ចំពោះ​ការឈ្លានពាន​លើ​កម្ពុជា ហើយ​ចោទ​ថា កម្ពុជា​ជា​អ្នកបាញ់​មុន​ទៅវិញ។

នៅថ្ងៃនេះ កាសែត​ថៃ ក៏​បាន​រាយការណ៍​ថា កងកម្លាំងប្រដាប់​អាវុធ​ភូមិន្ទ​ថៃ បានអនុម័ត​ប្រើ​ផែនការ​ការពារ​ជាតិ ដែល​មានឈ្មោះ​ថា Chakrabongse Bhuvanart។ យុទ្ធសាស្ត្រ​ថ្មី​របស់​ថៃ​ត្រូវ​ដាក់​ពង្រាយ​កងកម្លាំង​ជើងគោក ជើង​ទឹក និង​ទ័ពអាកាស​ថៃ តាម​បណ្តោយ​ព្រំដែន​កម្ពុជា ចាប់​ពី​ខេត្ត​ស៊ីសាកេត ច័ន្ទបូរី និង​ខេត្ត​ត្រាត របស់​ថៃ ជាប់​នឹង​ព្រំដែន​ខេត្តព្រះវិហារ រហូតដល់​ខេត្ត​កោះកុង របស់​កម្ពុជា។

ក្នុង​ផែនការ​នោះ ទាហាន​ថៃ​ប្រមាណ ១៥.០០០ នាក់ នឹង​ត្រូវ​កេណ្ឌ ដាក់ពង្រាយ​នៅ​ជិត​តំបន់ ដែល​ហៅថា ៤,៦ គីឡូម៉ែត្រ​ការ៉េ ជុំវិញ​ប្រាសាទ​ព្រះវិហារ។ ចំណែក​កងជើង​ទឹក ២៣.០០០ នាក់ រួម​ទាំង​កងទ័ពអាកាស​ថៃ​ជាច្រើន​នាក់​ទៀត ក៏​នឹង​ត្រូវ​ដាក់​ពង្រាយ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ជាមួយនឹង​យន្តហោះ​ចម្បាំង F 16 របស់​ថៃ។

ក៏ប៉ុន្តែ​ផែនការ​ពង្រាយ​កងទ័ព​ថៃ តាម​បណ្តោយ​ព្រំដែន​កម្ពុជា ត្រូវបាន​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ចាត់ទុកថា ជា​ភស្ថុតាង បង្ហាញ​ច្បាស់​ពី​ភាព​ល្មោភ​សង្គ្រាម​របស់​ថៃ។ ផែនការ​នោះ ក៏​ជា​ការបំពាន​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផងដែរ។

យ៉ាងណាក៏ដោយ ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃ​១៨​កុម្ភៈ​នេះ បាន​ប្រកាស​ជា​ផ្លូវការ​ថា លោក​ប្រមុខ​ការទូត ហោ ណាំហុង នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក្រៅផ្លូវការ នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ តប​តាម​ការកោះប្រជុំ​របស់​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ផ្លាស់​វេន។ កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សាកាតា នឹង​ផ្តោត​ជា​សំខាន់​ទៅលើ​ការផ្លាស់ប្តូរ​ទស្សនវិស័យ​អំពី​បញ្ហា​អន្តរជាតិ និង​ក្នុង​តំបន់ ជាពិសេស​ផ្តោតលើ​ស្ថានភាព​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ