អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​ស្នើឲ្យ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន ដើម្បី​ត្រួតពិនិត្យ​ការ​ឈប់​បាញ់

នៅពេល​វិល​ត្រឡប់​មកពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ពុធ​នេះ លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​ថ្លែងថា ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នា​ថ្ងៃ​ទី​២២​កុម្ភៈ ឆ្នាំ​២០១១ នៅ​ទីក្រុង​ហ្សាការតាលោក​នឹង​ស្នើ​ឲ្យមាន​អ្នកសង្កេតកា​រណ៍​អាស៊ាន មក​ត្រួតពិនិត្យ​មើល​ការឈប់​បាញ់ នៅ​តំបន់​ព្រំដែន​ព្រះវិហារ។ ​ការលើកឡើងនេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​កងទ័ព​ថៃ នៅ​យប់មិញ បាន​គប់​គ្រាប់បែក និង​បាញ់​កាំភ្លើងត្បាល់ ព្រមទាំង​កាំភ្លើងយន្ត​ជា​ច្រើន​គ្រាប់ ចូល​ទឹកដី​កម្ពុជា នៅ​តំបន់​ភ្នំ​ទ្រព្យ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៦០០ ម៉ែត្រ​ពី​ព្រំដែន ក្នុង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​។​

លោក​ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា
លោក​ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

03:00

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

​ការទាមទារឲ្យមានអ្នកសង្កេតការណ៍អាស៊ានមក​ត្រួត​ពិនិត្យ​នៅ​តំបន់​ព្រំដែន​ព្រះវិហារ ក៏​ដោយសារ​តែ​ថៃ​បាន​រំលោភ​លើ​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​១៤​កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ​បាន​ស្នើ​ឲ្យ​ឈប់​បាញ់​​ជា​អចិន្ត្រៃយ៍ នៅ​ព្រំដែន​ព្រះវិហារ និង​ប្រគល់​តួនាទី​ដល់​អាស៊ាន ជា​អ្នកសម្របសម្រួល ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។

នៅ​ថ្ងៃ​១៦​កុម្ភៈ​នេះ ​ក្រសួងការបរទេស​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍ថា កងទ័ព​ថៃ បាន​ញុះញង់​ដោយ​អាវុធ​ជា​ថ្មី តាមរយៈ​ការបោកគ្រាប់បែក និង​បាញ់​កាំភ្លើងត្បាល់​ទំហំ ៨១ ម​.​ម​. និង​កាំភ្លើងយន្ត​ជា​ច្រើន​គ្រាប់ មក​លើ​តំបន់​ភ្នំ​ទ្រព្យ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៦០០ ម៉ែត្រ​ពី​ព្រំដែន ក្នុង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ កាលពី​យប់​ថ្ងៃ​ទី​១៥​កុម្ភៈ ឈានចូល​ថ្ងៃ​ទី​១៦​កុម្ភៈ ឆ្នាំ​២០១១​។​

​យ៉ាងណាក៏ដោយ កងទ័ព​កម្ពុជា​បាន​ធ្វើ​ការអត់ធ្មត់​ជា​អតិបរមា ហើយ​ពុំ​បាន​ឆ្លើយតប ចំពោះ​ការ​ញុះញង់​ជាថ្មី​ពី​កងទ័ព​ថៃ​ឡើយ​។ ក៏ប៉ុន្តែ​ ជា​អកុសល ក្រសួងការបរទេស​កម្ពុជា បានបញ្ជាក់​ថា គ្រាប់បែកដៃ​មួយ​ចំនួន ដែល​គប់​ដោយ​ទាហាន​ថៃ បាន​ផ្ទុះ និង​ធ្វើឲ្យ​របួស​ទាហាន​ថៃ​ខ្លួនឯង នៅពេល​គ្រាប់បែក​ទាំងនោះ​ប៉ះ​នឹង​មែកឈើ ហើយ​ផ្លា​តបក​ទៅវិញ​។​​

​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ថា ការរំលោភ​លើ​បទ​ឈប់​បាញ់​ដោយ​កងទ័ព​ថៃ បង្ហាញ​យ៉ាង​ច្បាស់​ថា គោលបំណង​ពិត​នៃ​ការ​ចចេស​របស់​ថៃ ឲ្យ​ដោះស្រាយ​ទ្វេភាគី គឺ​ប្រើប្រាស់​កម្លាំង​យោធា ដែល​មាន​ឧត្តមភាព​លើសលុប​របស់​ខ្លួន ដើម្បី​ដណ្តើមយក​ដែនដី​កម្ពុជា នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​។​

​ព្រឹត្តិការណ៍​ផ្ទុះអាវុធ ដែល​កម្ពុជា​ចាត់ទុកជា​ការ​ញុះញង់​ដោយ​អាវុធ​ជា​ថ្មី​របស់​ប្រទេស​ថៃ កាល​ពី​យប់មិញ ត្រូវបាន​លោក​ប្រមុខ​ការទូត ហោ ណាំហុង អះអាងថា ជា​ទឡ្ហីករណ៍​មួយ ដែល​លោក​នឹង​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន នា​ថ្ងៃ​២២​កុម្ភៈ​ខាង​មុខ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។​

​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​១០ ដែល​រួមមាន​ទាំង​កម្ពុជា និង​ថៃ ជា​ភាគី​ជម្លោះ​ផង​នោះ លោក ហោ ណាំហុង បាន​គូសបញ្ជាក់ថា លោក​ក៏​នឹង​ស្នើ​ឲ្យ​អាស៊ាន​បញ្ជូន​អ្នកសង្កេតការណ៍ មក​កាន់​តំបន់​ព្រំដែន​ព្រះវិហារ​ឲ្យបាន​ឆាប់ ដើម្បី​សង្កេតមើល​លើ​ការឈប់​បាញ់​ជា​អចិន្ត្រៃយ៍​ឲ្យបាន​ហ្មត់ចត់​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​ប្រមុខ​ការទូត ហោ ណាំហុង ក៏​នឹង​ស្នើ​ឲ្យមាន​វត្តមាន​របស់​តំណាង​អាស៊ាន ឬ​របស់​ប្រធាន​អាស៊ាន ចូលរួម​គ្រប់​កិច្ចប្រជុំ​រវាង​កម្ពុជា ជាមួយ​ថៃ​។ សូម្បី​តែ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន នៅ​ចុង​ខែកុម្ភៈ​នេះក៏​ត្រូវតែ​មាន​វត្តមាន​របស់​តំណាង​ប្រធាន​អាស៊ាន​ចូលរួម​ផង​ដែរ​។

​តាម​លោក​ប្រមុខ​ការទូត ហោ ណាំហុង កម្ពុជា​បាន​ជួបប្រជុំ​តទល់​ជាមួយ​ថៃ​ច្រើន​លើក​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៨ តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​សោះ​លើ​សំណុំរឿង​ព្រំដែន​។ ដូច្នេះ​ទើប​កម្ពុជា​ទាមទារ​ឲ្យមាន​ភាគី​ទី​៣ ពិសេស​អាស៊ាន ដើម្បី​ធ្វើ​ជា​សាក្សី ក្នុង​កិច្ចចរចា​ស្វែងរក​ដំណោះស្រាយ​លើ​ជម្លោះព្រំដែន​ព្រះវិហារ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ